លោកគ្រូ Lee រៀបរាប់ពីចំណុចខ្វះខាតរបស់ U-22 កម្ពុជា
- 2015-04-03 20:15:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកគ្រូ Lee រៀបរាប់ពីចំណុចខ្វះខាតរបស់ U-22 កម្ពុជា
ចន្លោះមិនឃើញ
លោកគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជាបានបង្ហាញពីចំណុចខ្វះខាតរបស់ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ បន្ទាប់ពីបញ្ចប់យុទ្ធនាការប្រកួតវគ្គជម្រុះនៅពូល G នៃពានរង្វាន់ 2016 AFC U-23 Championship ពីថ្ងៃទី២៧ ដល់ថ្ងៃទី ៣១ នៅប្រទេសថៃដែលជាលទ្ធផលក្រុមកម្ពុជាឈ្នះ១ និងចាញ់២។
លោក Lee Tae Hoon បានឲ្យដឹងថា កីឡាករ១១នាក់លើទីលានទាំង៣ប្រកួតកន្លងមកនៅនៅ AFC Championship ពិតជាធ្វើបានល្អមែន ប៉ុន្តែនៅមានចន្លោះប្រហោងជាច្រើនដែលក្រុម U-22 កម្ពុជាត្រូវកែតម្រូវសម្រាប់ប្រកួតក្រោយៗ។ ជាក់ស្ដែង ក្រុម U-22 កម្ពុជាបានធ្វើឲ្យបាត់ឱកាសលទ្ធផលស្មើនឹងម្ចាស់ផ្ទះ U-22 ថៃ ដែលយកឈ្នះនៅចុងម៉ោងបន្ថែមទៅវិញ។ នេះជាចំណុចត្រូវពិនិត្យមើលម្ដងទៀត។
លោកគ្រូជនជាតិកូរ៉េខាងត្បូងប្រាប់ទៀតថា ចំណុចខ្វះខាតសំខាន់ៗរបស់ក្រុមកម្ពុជាគឺធ្វេសប្រហែសនៅចុងម៉ោង លេងហាក់គ្មានកម្លាំងនៅចុងម៉ោង និងមិនសូវយកចិត្តទុកដាក់ពេលប៉ះក្រុមខ្សោយជាងខ្លួនជាដើម។ ប្រការទាំងអស់នេះអាចមកពីកីឡាករមានពេលហាត់ជុំគ្នាតិចពេក ហ្វឹកហ្វឺនផ្នែកកម្លាំងមិនបានច្រើន ពីព្រោះមានការប្រកួតច្រើននិងជាប់មករហូត។
«ចំណុចខ្វះខាតរបស់កីឡាករកម្ពុជាគឺការការពារ បច្ចេកទេស ហើយកម្លាំងនៅមានកម្រិតដែរនិយាយរួម ពួកគេអាចលេងបានល្អត្រឹម៧០នាទីប៉ុណ្ណោះ។ ចំណុចទាំងនេះត្រូវតែកែប្រែឡើងវិញ»។ លោក Lee Tae Hoon បាននិយាយ។
ក្រុម U-22 កម្ពុជាបានប្រកួតចាញ់ថៃដោយលទ្ធផល ២-១ ដែលម្ចាស់ផ្ទះថៃបានយក៣ពិន្ទុពីកម្ពុជានៅនាទីបន្ថែម៩០+ទៅហើយ។ ក្រុមកម្ពុជាបានយកឈ្នះហ្វីលីពីនដោយលទ្ធផល ៣-១ ប៉ុន្តែ១គ្រាប់របស់ហ្វីលីពីនក៏រកបាននៅនាទីបន្ថែម៩០+ដែរដែលធ្វើឲ្យអ្នកគាំទ្រខកចិត្តយ៉ាងខ្លាំង ពីព្រោះដល់នាទីចុងក្រោយហើយបែរជាឲ្យគេស៊ុតចូលទៅវិញ៕ វីដេអូ៖ លោក Lee និយាយពីចំណុចខ្វះខាតរបស់ U-22 កម្ពុជា
អត្ថបទ៖ស្រី សុវណ្ណដារ៉ា