និស្សិតជាប់អាហារូបករណ៍រៀននៅថៃចែករំលែកវិធីសាស្ត្រប្រឡងជាប់
- 2015-04-03 16:43:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្សិតជាប់អាហារូបករណ៍រៀននៅថៃចែករំលែកវិធីសាស្ត្រប្រឡងជាប់
ចន្លោះមិនឃើញ
ការប្រឡងអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃរបស់និស្សិតខ្មែរមានជារៀងរាល់ឆ្នាំ ដោយឡែកឆ្នាំនេះ Sabay បាន ធ្វើបទសម្ភាសន៍ជាមួយនិស្សិតស្រីម្នាក់ដែលនឹងមកចែករំលែកបទ ពិសោធន៍ទាក់ទងនឹងការទទួលបានអាហារូបករណ៍ទៅសិក្សានៅ ព្រះរាជាណាចក្រថៃ។
កញ្ញាគុយសុវណ្ណសិលា អតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE) បានទទួលអាហារូបករណ៍២ឆ្នាំសម្រាប់បន្តថ្នាក់អនុបណ្ឌិតនៅសាកល វិទ្យាល័យ បូរ៉ាផា នៃព្រះរាជាណាចក្រថៃលើមុខវិជ្ជា Justice and social administration។ និស្សិតផ្នែកច្បាប់រូបនេះបានឱ្យដឹងថា កញ្ញាពិតជាមានសេចក្ដីរំភើបជាខ្លាំងដែលបានជាប់អាហារូបករណ៍នេះ។ «អារម្មណ៍ពេលនោះរកថាមិនត្រូវ!មានអារម្មណ៍ថា ខ្លួនឯងបានលើកមុខឱ្យគ្រួសារ!ហើយក៏ មានមោទនភាពលើខ្លួនឯងដែលជាប់! ព្រោះអីសិស្សដាក់ពាក្យច្រើន ហើយយើងជាប់គិតទៅប្រសើរដែរ»។ សិលាបញ្ជាក់។
និស្សិតអាហារូបករណ៍រូបនេះ ក៏បានឱ្យដឹងទៀតថា ការដាក់អាហារូបករណ៍នេះគឺដឹងតាមរយៈមិត្តភ័ក្ដិបន្ទាប់មកទៀត កញ្ញាក៏បានទៅទិញនិងដាក់ពាក្យនៅអគ្គនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍។
សិលាបានបន្តទៀតថា«ខ្ញុំត្រូវចំណាយពេលបីថ្ងៃគឺថ្ងៃ២៧,២៨,២៩! ថ្ងៃ២៧ប្រជុំចែករំលែករបៀបប្រឡង ថ្ងៃទី២៨ប្រឡងតែមួយព្រឹកទេ! និយាយទៅគឺជំនាញខ្ញុំប្រឡងតែភាសាអង់គ្លេសទេ! បន្ទាប់ពីប្រឡងរួចស្អែកឡើងថ្ងៃ២៩ទៅមើលលទ្ធផលប្រឡង បើជាប់ទៅត្រូវទៅសម្ភាសន៍ជាមួយជនជាតិថៃផ្ទាល់តែម្ដង»។
និស្សិតច្បាប់ដែលមានដើមកំណើតនៅខេត្តបាត់ដំបងរូបនេះបាន បន្ថែមទៀតថា លទ្ធផលបានចេញនៅថ្ងៃទី៣១ខែមីនា។ដូច្នេះកញ្ញានឹងត្រូវចាកចេញ ទៅព្រះរាជាណាចក្រថៃនៅថ្ងៃទី០៣ខែឧសភា។«ពេលទៅយើងមិនទាន់បានចូលរៀននៅបូរ៉ាផាភ្លាមទេ គឺគេបញ្ជូនយើងទៅមហាវិទ្យាល័យមហាសារ៉ាខាមដើម្បីបំប៉នភាសាថៃ៤ខែសិន»។សិលាបានប្រាប់។
ជាការចែករំលែក កញ្ញាគុយសុវណ្ណសិលាបានបន្តទៀតថា បើចង់ដឹងព័ត៌មានពីអាហារូបករណ៍ត្រូវឧស្សាហ៍ទៅមើលនៅអគ្គនាយកដ្ឋានទំនាក់ទំនងវប្បធម៌និងអាហារូបករណ៍ក៏Like page របស់នាយកដ្ឋានតែម្ដង! មួយទៀតត្រូវដឹងថាខ្លួនឯងចង់ទៅរៀននៅប្រទេសណា?ហើយត្រូវរៀនភាសានោះត្រៀម! ព្រោះកាលណាចេះភាសាគេយើងមានឱកាសច្រើន។
គួរបញ្ជាក់ផងដែរ អាហារូបករណ៍របស់ថៃមានជារៀងរាល់ឆ្នាំ ដោយឡែកឆ្នាំនេះការប្រឡងវិញ្ញាសាសរសេរប្រព្រឹត្តឡើងនៅថ្ងៃទី ២៩ខែមីនាឆ្នាំ ២០១៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាហៅកាត់ថាតិចណូ ដែលមានបេក្ខជនសរុបជាង៣០០០នាក់៕
អត្ថបទ៖គង់ ច័ន្ទវ៉ាន់ណេង