និស្សិតឆ្នើមបីនាក់ ចែករំលែក ពីប្រព័ន្ធអប់រំ នៅបរទេស
- 2015-03-18 17:40:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្សិតឆ្នើមបីនាក់ ចែករំលែក ពីប្រព័ន្ធអប់រំ នៅបរទេស
ចន្លោះមិនឃើញ
ប្រទេសនីមួយៗសុទ្ធតែមានប្រព័ន្ធរៀនខុសៗគ្នា។ យ៉ាងណាមិញ និស្សិតម្នាក់ៗតែងចង់បានអាហារូបករណ៍បន្តការសិក្សារបស់ខ្លួននៅប្រទេសក្រៅ ។ ទន្ទឹមគ្នានេះ ពួកគេមួយចំនួនពុំទាន់ដឹងពីរបៀបរៀននៅបរទេសនៅឡើយថា របៀបរៀនគេមានលក្ខណៈអស្ចារ្យខុសពីកម្ពុជាយ៉ាងណា។
ខាងក្រោមនេះ ជាប្រព័ន្ធរៀនកម្រិតអនុបណ្ឌិតនៅអាស៊ី ដែលចែករំលែកពីនិស្សិតខ្មែរជាប់អាហារូបករណ៍៖
ស៊ា វួចទាង សិក្សានៅ Waseda University ជំនាញ វិស្វកម្ម និង វិទ្យាសាស្ត្រកុំព្យូទ័រ ប្រទេសជប៉ុន ប្រាប់ថា កម្មវិធីថ្នាក់អនុបណ្ឌិតនៅប្រទេសជប៉ុនត្រូវបានសិក្សាតាមប្រព័ន្ធក្រេឌីត។ និស្សិតថ្នាក់អនុបណ្ឌិតទាំងអស់មានបន្ទប់ស្រាវជ្រាវ និង ពិសោធន៍ផ្ទាល់ខ្លួនមួយ សម្រាប់ធ្វើការស្រាវជ្រាវ និង មានសាស្ត្រាចារ្យម្នាក់ ជាអ្នកគ្រប់គ្រង និង ជួយណែនាំផ្ទាល់ចំពោះការស្រាវជ្រាវក្នុងកំឡុងពេលកំពុងសិក្សា ដែលហៅថា Supervisor។
ជាធម្មតា និស្សិតភាគច្រើនចាប់ផ្ដើមធ្វើការស្រាវជ្រាវ នៅឆមាសទី ២ ដោយពូកគេត្រូវចំណាយពេលក្នុងឆមាសដំបូងសម្រាប់ធ្វើការពិនិត្យឡើងវិញលើឯកសារទាក់ទង (literature review) ដើម្បីកំណត់អោយបានច្បាស់នូវប្រធានបទ នៃការស្រាវជ្រាវរបស់ពួកគេ។
ទាក់ទិននឹងការសិក្សាលើមុខវិជ្ជាផ្សេងៗ គេអាចធ្វើការចុះឈ្មោះតាមប្រព័ន្ធអនឡាញ។ ជាទូទៅ មុខវិជ្ជាដែលត្រូវជ្រើសរើសសម្រាប់បំពេញចំនួនក្រេឌីត ចែកចេញជា ២ ប្រភេទ រួមមាន Lecture Course និង Seminar Course។ សម្រាប់ Lecture Course អាចជ្រើសរើសមុខវិជ្ជាមួយណាក៏បាន ដែលត្រូវបានណែនាំដោយ Supervisor និង ត្រូវជាមួយនឹងជំនាញរបស់អ្នកជ្រើសរើស។ ប៉ុន្តែក្នុងចំណោមមុខវិជ្ជាទាំងនោះ ត្រូវរើសយកមុខវិជ្ជាមួយ ដែលត្រូវបង្រៀនដោយ Supervisor របស់និស្សិតផ្ទាល់។ ដូចគ្នានេះដែរ មិនមានការកំណត់ចំនួនមុខវិជ្ជា Lecture Course ជាក់លាក់ដែលត្រូវសិក្សាក្នុង ១ ឆមាសឡើយ ពោលគឺអាចរៀនបានច្រើនមុខតាមដែរអាចធ្វើបាន។ ចំណែកឯ Seminar Course វិញ និស្សិតអាចយកបានតែ១មុខគត់ក្នុងមួយឆមាស។
ភាពខុសគ្នារវាងមុខវិជ្ជាទាំង ២ ប្រភេទនេះ គឺស្ថិតត្រង់ថា Lecture Course តម្រូវអោយនិស្សិតចូលរៀននៅតាមថ្នាក់ និងរៀនមេរៀនអំពីមុខវិជ្ជានោះ។ ដោយក្នុងនោះមុខវិជ្ជាមួយចំនួនតែងតែមាន Homework និង Report ជារៀងរាល់សប្ដាហ៍ ដែលតម្រូវអោយនិស្សិត ម្នាក់ៗត្រូវធ្វើការស្រាវជ្រាវបន្ថែមច្រើន។ ដោយឡែក Seminar Course តម្រូវអោយធ្វើបទបង្ហាញ ទាក់ទងនឹងដំណើរការ ក៏ដូចជាការវិវត្តនៃការស្រាវជ្រាវ នៅបន្ទប់សិក្ខាសាលា (Seminar Room) ដោយនិស្សិតម្នាក់ៗត្រូវធ្វើបទបង្ហាញនេះជារៀងរាល់១សប្តាហ៍ ឬ ២ សប្ដាហ៍ម្ដង អាស្រ័យលើការចាត់ចែងរបស់ Supervisor របស់ខ្លួន និងចំនួននិស្សិតជាក់ស្ដែងនៅក្នុង Laboratory របស់គាត់។
ដើម្បីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតដោយជោគជ័យ និស្សិតទាំងអស់ត្រូវបំពេញ ការរៀនមុខវិជ្ជាអោយបានគ្រប់ ៣០ ក្រេឌីត ឬច្រើនជាងនេះ អាស្រ័យទៅតាមការកំណត់របស់សាលា ទទួលបាន ការណែនាំជាចាំបាច់អំពីការស្រាវជ្រាវ(Required Research Guidance) ហើយនិងសម្រេចបាននូវការការពារនិក្ខេបបទថ្នាក់អនុបណ្ឌិត។
បាន វឌ្ឍនា និស្សិតជំនាញ វិស្វកម្មកុំព្យូទ័រនៅប្រទេសកូរ៉េ និយាយថា ការសិក្សានៅប្រទេសកូរ៉េគឺធ្វើឡើងតាមប្រព័ន្ធក្រេឌីត ដែលត្រូវបំពេញអោយបាន ២៤ ក្រេឌីត។ គេតម្រូវអោយសិក្សាចំនួន៣ឆមាស ហើយក្នុងមួយឆមាសត្រួវរៀនចំនួន ៣ មុខ ហើយឆមាសចុងក្រោយ គឺសម្រាប់ សរសេរនិក្ខេបបទ ដើម្បីបញ្ចប់ការសិក្សា។ សម្រាប់មុខវិជ្ជានីមួយៗ គឺគ្រួមិនបានបង្រៀនរឺក៏ពន្យល់ជាមុនទេ គឺសិស្សម្នាក់ៗត្រូវធ្វើការស្រាវជ្រាវ និងរៀបចំ ឯកសារដោយខ្លួនឯងដើម្បីធ្វើបទបង្ហាញនៅក្នុងថ្នាក់។ បើការពន្យល់របស់សិស្សមានការខ្វះខាត ទើបសាស្ត្រាចារ្យធ្វើការពន្យល់បន្ថែម។ ប្រព័ន្ធការសិក្សាបែបនេះ តម្រូវអោយសិស្សមានការទទួលខុសត្រូវខ្ពស់ និង ធ្វើការស្វយ័តសិក្សាអោយបានច្រើន។
អ៊ឹង ងួនសុង ជំនាញវិស្វកម្មគមនាគមន៍ សាកលវិទ្យាល័យជូឡាឡុងកន នៅប្រទេសថៃ ចែករំលែកថា ការសិក្សានៅទីនេះធ្វើឡើងតាមប្រព័ន្ធក្រេឌីត ហើយសម្រាប់និស្សិតថ្នាក់អនុបណ្ឌិត គេរៀន ១ ឆ្នាំ និង ១ឆ្នាំទៀតសម្រាប់ស្រាវជ្រាវ។ មុខវិជ្ជាសិក្សាចែកចេញជា ២ ប្រភេទ គឺ Core Course ដែលតម្រូវឲ្យនិស្សិតត្រូវតែរៀន និង Elective Course ដែលនិស្សិតអាចជ្រើសរើសតែមុខវិជ្ជាដែលខ្លួនពេញចិត្តមករៀន។ ការរៀនមុខវិជ្ជានីមួយៗមិនចាំបាច់ឲ្យត្រូវតាមលំដាប់លំដោយទេ មានន័យថា និស្សិតអាចរៀនមុខវិជ្ជាណាមុនក៏បាន ហើយមួយឆមាសប៉ុន្មានមុខក៏បាន។ ដើម្បីបញ្ចប់ការសិក្សាដោយជោគជ័យ និស្សិតត្រូវរៀនយ៉ាងណាឲ្យ Core Course និង Elective Course បំពេញគ្រប់ចំនួនក្រេឌីត សរសេរនិក្ខេបបទមួយ ព្រមទាំងបំពេញលក្ខខណ្ឌមួយចំនួនទៀតដែលសាលាតម្រូវ។ ទោះបីជាមុខវិជ្ជារៀនមិនសូវច្រើន តែ Homework និង Assignment មានរៀងរាល់អាទិត្យ ដែលចាំបាច់ត្រូវអាននិងស្រាវជ្រាវបន្ថែមច្រើន។
សូមអាន យុវជនឆ្នើម៩នាក់នឹងមានឱកាសក្លាយជាសហគ្រិនវ័យក្មេង
អត្ថបទ៖លឹម សុនា