អ្នក​ដឹកនាំ​រឿង​ល្បី​ឈ្មោះ​ ធ្វើ​បុណ្យ​ចម្រើន​ព្រះ​ជន្ម ​វេរ​បច្ច័យ​ទំាង​អស់​ជួយ​ពេទ្យ​គន្ធបុប្ផា

  • 2015-04-04 17:11:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិពន្ធ​និង​ដឹកនាំ​រឿង​ដ៏​មាន​កេរ្តិ៍​ឈ្មោះ​នៃ​ប្រទេស​កម្ពុជា​ អ្នក​ស្រី ​ពាន់​ ភួងបុប្ផា​ កំពុង​ត្រៀម​ខ្លួន​ធ្វើ​បុណ្យ​ចម្រើន​ព្រះជន្ម​ នៅ​ចុង​ខែ​នេះ​ ដោយ​ប្រកាស​ជូន​បច្ច័យ​ទំាងអស់​ពី​កម្មពិធី​នេះ​ទៅ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។

 

ប្រាប់​ Sabay​ នៅ​ល្ងាច​មិ្សលមិញ​ ម្ចាស់​ភាពយន្ត​ "កុមារី​ម្ភៃ​ប្រាំ​ឆ្នាំ"​ បញ្ជាក់​ថា​ បុត្រាបុត្រី​ដែល​មាន​​​កតញ្ញុតាធម៌​ជា​អ្នក​ផ្តួចផ្តើម​គំនិត​រៀប​ចំ​បុណ្យ​ចម្រើន​ព្រះជន្ម​ជូន​លោក​ស្រី​ ដែល​ជា​មាតា​ ដូច្នេះ​ហើយ​លោក​ស្រី​ក៏​នឹក​ឃើញ​​ឆ្លៀត​ឱកាស​មូល​មិត្ត​ជិត​ឆ្ងាយ​ ដែល​រួម​មាន​សិល្បករ​ មិត្ត​រួម​អាជីព​ ពាណិជ្ជករ​ និង​មន្ត្រី​ មក​ចូល​រួម​នោះ​ ក៏​នឹង​បរិច្ចាក​បច្ច័យ​ទំាង​អស់​ដល់​មន្ទីរ​ពេទ្យ​ ដែល​កំពុង​មាន​វិបត្ត​ហិរញ្ញវត្ថុ។

 

 

លោកស្រី​បន្ត​ទៀត​ថា៖ "ខ្ញុំ​មិន​ចង់​អោយ​មាន​ការ​ផ្សព្វផ្សាយ​អ្វី​ទេ​ ព្រោះ​នេះ​ពុំមែន​ជា​លើក​ដំបូង​ដែល​សិល្បករ​យើង​បាន​នាំ​គ្នា​ធ្វើ​អំពើ​សប្បុរសធម៌​ និង​សកម្មភាព​សង្គម​នោះដែរ ​ប៉ុន្តែ​សម្រាប់​ Sabay​ដែល​មាន​អ្នក​មើល​ទំាង​ក្នុង​និង​ក្រៅ​ប្រទេស​ ខ្ញុំ​ជឿ​ថា​ នេះ​អាច​ជា​សារ​មួយ​ដល់​អ្នក​មាន​លទ្ធភាព​ផ្សេង​ៗ​ទៀតដែរ! ខ្ញុំ​ចង់​អោយ​យើង​រក​បាន​អ្នក​ចូល​រួម​កាន់​តែ​ច្រើន​តាម​គ្រប់​រូប​ភាព​ដើម្បី​ជួយ​ដល់​មន្ទីរ​ពេទ្យ​នេះ!”

 

លោក​ស្រី​ ពាន់ ភួងបុប្ផា​ ជយលាភី​អ្នក​ដឹកនាំរឿង​ឆ្នើម​នៃ​កម្មវិធី​អាណាចក្រ​តារា​ គឺ​ជា​អ្នក​និពន្ធ​ដែល​មាន​មនសិកា​សង្គម​តាម​រយៈ​ស្នាដៃ​មាន​តម្លៃ​ជា​ច្រើន។ ភាពយន្ត​រឿង​ "មមាច​ប្រលែង​ភ្លើង" ​របស់​អ្នក​ស្រី​កាល​ពី​ឆ្នាំ​២០០២​ បាន​ធ្វើ​អោយ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ដល់​ផ្នត់​គំនិត​យុវវ័យ​ខ្មែរ ​ដែល​ជា​ទស្សនិកជន។

 

"ខ្ញុំ​យល់​ថា​មនុស្ស​យើង​ក្រៅ​ពី​ស្វែង​រក​កម្រៃ​ កតព្វកិច្ច​ដ៏​សំខាន់មួយទៀត​គឺ​ធ្វើយ៉ាង​ណា​ទទួល​ខុស​ត្រូវ​អោយ​បាន​ខ្ពស់​ចំពោះ​សង្គម​ និងសហគមន៍​ដែល​យើង​រស់​នៅ! ខ្ញុំ​ចង់​ធ្វើ​អ្វី​អោយ​ច្រើន​ជាង​នេះ​ទៅ​ទៀត​​ប្រសិន​បើ​មាន​ឱកាស​ និង​មានការគាំទ្រ!"។ លោក​ស្រី​បាន​បន្ថែម​ដូច្នេះ។

 

លោក​ស្រី​ ពាន់ ភួងបុប្ផា ​ធ្លាប់​ផលិត​ភាពយន្ត​ដែល​បង្កប់អត្ថន័យ​អប់រំ​ជា​ច្រើន​ទៀត ហើយ​ត្រូវ​បាន​ទទួល​ការ​ពេញចិត្ត​ពីមជ្ឈដ្ឋាន​ទូទៅ​មាន​ដូចជា​ "គុណ​គ្រូ​បង្រៀន" "ទឹកចិត្ត​ឳពុក" "កូន​ប្រសារ​ស្រី"​ និង​ចុង​ក្រោយ​គឺ​រឿង​ "លោក​ម្ចាស់​គ្រញូង" ដែល​ផ្តល់​សារ​អោយ​អ្នក​ទស្សនា​ចេះ​ថែ​រក្សា​ស្រលាញ់​ធនធាន​ធម្មជាតិ។

 

 

ភាពយន្ត​រឿង​ "ទឹក​ចិត្ត​ម្ដាយ" ​របស់​អ្នក​ស្រីក្នុងឆ្នាំ​២០០៤​បាន​ទទួលពាន​រង្វាន់​ប្រាក់​ ហើយ​​​ពាក្យស្លោក​ "ធ្វើ​បុណ្យ​ទាន់​ខែ​ភ្លឺ"​ នៅ​ក្នុង​ Trailer នោះ​ត្រូវ​បាន​យុវវ័យ​យល់​ន័យ​ ហើយ​លើក​យក​មក​ប្រើ​ជា​រឿយៗ។

 

លោកស្រី​​ថ្លែង​ដែរ​ថា៖ "ក្រៅពី​បរិច្ចាគ​ប្រាក់​លើក​នេះ​ ខ្ញុំ​មាន​គម្រោង​សំខាន់​មួយ​ទៀត​គឺ​ផលិត​សារ​ជាថ្មី នូវ​ភាពយន្ត​ដែល​មាន​សារ​បំផុស​​កតញ្ញុតាធម៌​ ហើយ​អាច​នឹង​ដាក់​ចំណង​ជើង​ថា​ ទឹកចិត្ត​ម្តាយ​ឆ្នាំ​២០១៦"៕