ឡូរ៉ា ម៉ម បញ្ចេញ​ចង្វាក់​ម៉ាឌីហ្សុន​ទុក​រាំ​លេង​ចូល​ឆ្នាំ​ខ្មែរ

  • 2015-04-06 18:48:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បទ “ខ្ញុំ​មិន​សុខ​ចិត្ត​ទេ” និង "យល់​សប្ដិ​យល់​សូង"តារា​ចម្រៀង​កូន​ខ្មែរ-អាមេរិក ឡូរ៉ា ម៉ម បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​ទៀត​ហើយ ជា​ចង្វាក់​ម៉ាឌីហ្សុន​សម្រាប់​រាំ​លេង​សប្បាយ​ៗ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ នា​ពេល​ខាង​មុខ។

 

  ឡូរ៉ា កំពុង​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ Sabay

 

បទ​ថ្មី​ មាន​ចំណង​ជើង​ដូច​នឹង​ចង្វាក់​តែ​ម្ដង​គឺ "ម៉ាឌីហ្សុន​ថ្មី" ត្រៀម​នឹង​ចេញ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​លើ​ប្រព័ន្ធ YouTube។ បទ​នេះ ឡូរ៉ា បាន​យក​ផ្នែក​ខ្លះ​ នៃ​បទ​ចាស់ ក្នុង​នោះ ​គឺ​នាង​យក​តែ​សំឡេង​ហ្គីតា​ប៉ុណ្ណោះ ប៉ុន្តែ​ ក្រៅ​ពី​នេះ គឺ​ធ្វើ​ថ្មី​ទាំង​អស់។ "ខ្ញុំ​បាន​ធ្វើ​វា​ពិសេស​តែ​ម្ដង​សម្រាប់​ពុក​ម៉ែ​បង​ប្អូន​រាំ​លេង​សប្បាយ!"។ ឡូរ៉ា ថ្លែង។

 

“ម៉ាឌីហ្សុន​" គឺ​ជា​ចង្វាក់​មួយ​ក្នុង​ចំណោម​ចង្វាក់​ នៃ​បទ​ភ្លេង​ជា​ច្រើន​ដែល​មាន​ក្នុង​បទ​ចម្រៀង​ខ្មែរ មាន​ដូច​ជា រាំ​វង់ រាំ​ក្បាច់ សារ៉ាវ៉ាន់ និង​ លាំ​ឡាវ​ ជា​ដើម។ យ៉ាង​ណា ឡូរ៉ា ជ្រើស​រើស​យក​ចង្វាក់​នេះ ធ្វើ​ជា​ស្នាដៃ​ថ្មី​របស់​នាង ក៏​ព្រោះ​តែ​នាង​កត់​សម្គាល់​ឃើញ​ថា "ម៉ាឌីហ្សុន" ជា​ចង្វាក់​មួយ​ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ចូល​ចិត្ត​រាំ​លេង​បំផុត។

 

ឡូរ៉ា ថ្លែង​បន្ត​ថា “ចំពោះ​ខ្ញុំ គឺ​ខ្ញុំ​ចូល​ចិត្ត ម៉ាឌីហ្សុន​មែន​ទែន ម្យ៉ាង​ប្រសិន​បើ​យើង​មើល​ពី​ប្រវត្តិ ម៉ាឌីហ្សុន គឺ​មក​ពី​ស្រុក​អាមេរិក ជំនាន់ ​៦០ តែ​មក​ទល់​រាល់​ថ្ងៃ​នៅ​ស្រុក​អាមេរិក អត់​មាន​អ្នក​ណា​ស្គាល់ អ្នក​ណា​ចាំ​ម៉ាឌីហ្សុន​ទេ។ អីចឹង​ពិសេស​មែន​ទែន​សម្រាប់​ស្រុក​ខ្មែរ​យើង​ដែល​នៅ​មាន។ ទី​២​ខ្ញុំ​ឃើញ​ថា បង​ប្អូន​យើង​លោក​យាយ​លោក​តា​ចូល​ចិត្ត​រាំ​បទ​នេះ​ណាស់ ហើយ​វា​ប្លែក​មែន​ទែន​ពី​រាំ​វង់​អី គឺ​យើង​រាំ​ទៅ​សប្បាយ ហើយ​វា​ជា Symbol ល្អ​មែន​ទែន​សម្រាប់​ស្រុក​ខ្មែរ"។

 

 

គិត​មក​ទល់​ពេល​នេះ "ម៉ាឌីហ្សុន​ថ្មី" គឺ​ជា​បទ​ចម្រៀង​ចង្វាក់​ម៉ាឌីហ្សុន​ដំបូង​ដែល​តារា​ចម្រៀង​កូន​កាត់​រូប​នេះ​បាន​ធ្វើ ចាប់​តាំង​ពី​នាង​បាន​ផ្លាស់​លំនៅ​ពី​សហរដ្ឋអាមេរិក​មក​កម្ពុជា​កាល​ពី​ចុង​ឆ្នាំ ២០១៣។ ទោះ​យ៉ាង​នេះ​ក្ដី មាន​ចំណុច​មួយ​ដែល​ដូច​គ្នា​នឹង​បទ​មុន គឺ ឡូរ៉ា តែង​តែ​បញ្ចូល​សិល្បៈ​បុរាណ។ ចំណុច​នេះ តារា​ចម្រៀង​វ័យ ២៨ ​ឆ្នាំ​ រូប​នេះ ថ្លែង​ថា ទី ​១ ​នាង​ចង់​បន្ថែម​រសជាតិ ប៉ុន្តែ​សំខាន់​នាង​ចង់​បណ្ដុះ​ស្មារតី​យុវវ័យ​ឲ្យ​ចេះ​ស្រឡាញ់ និង ​ដឹង​ពី​សក្ដានុពល​របស់​សិល្បៈ​បុរាណ​ខ្មែរ​យើង។

 

 

“ភាគ​ច្រើន​ខ្ញុំ​មើល​ឃើញ​ថា យុវវ័យ​យើង​ចូល​ចិត្ត​មើល​ទៅ​ក្រៅ​ប្រទេស​ អំពី​អ្វី​ដែល​គេ​ថា​ឡូយ ​ដូច​ជា ​ស្រុក​កូរ៉េ ស្រុក​អាមេរិក ប៉ុន្តែ​តាម​ជំនឿ​ខ្ញុំ ខ្ញុំ​គិត​ថា ​ខ្មែរ​យើង​ឡូយ​ជាង​គេ​ទាំង​អស់ យើង​មាន​សិល្បៈ​បុរាណ សម័យ​អី​ឡូយ​ហើយ មិន​ចាំ​បាច់​មើល​ទៅ​ក្រៅ​ប្រទេស​ទេ អីចឹង​បើ​យើង​ធ្វើ​ថ្មី​ដោយ​ច្របាច់​បញ្ចូល​គ្នា ខ្ញុំ​គិត​ថា​ឡូយ​ជាង​គេ​ទាំង​អស់"។

 

បទ​ចម្រៀង "ម៉ាឌីហ្សុន​ថ្មី" គឺ​ជា​ចម្រៀង​តែ​មួយ​បទ​គត់ ដែល ឡូរ៉ា ផ្ដល់​ជា​ចំណង​ដៃ​សម្រាប់​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ប៉ុន្តែ ឡូរ៉ា ប្រាប់​ថា បន្ទាប់​ពី​បុណ្យ​ជាតិ​ដ៏​ធំ​នេះ​ទៅ នាង​នឹង​មាន​ចំណង​ដៃ​បន្ត​បន្ទាប់​ទៀត។ យ៉ាង​ណា​ក៏​ដោយ ចំណង​ដៃ​ក្រោយ​ៗ​នេះ នាង​នឹង​វិល​ទៅ​រឿង​ស្នេហា​ម្ដង៕

 

 

 

 សកម្មភាព ឡូរ៉ា និង​ក្រុម​ការងារ​រាំ​ចង្វាក់​ម៉ាឌីហ្សុន ថត MV កាល​ពី​សប្ដាហ៍​មុន

 

អត្ថបទ៖ ទារិកា