សែន រ៉ាឌី អាចឈប់ពីប្រដាល់ក្រោយរៀនចប់បរិញ្ញាបត្រឆ្នាំនេះ
- 2015-04-07 13:26:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សែន រ៉ាឌី អាចឈប់ពីប្រដាល់ក្រោយរៀនចប់បរិញ្ញាបត្រឆ្នាំនេះ
ចន្លោះមិនឃើញ
អ្នកប្រដាល់ជាយដែន សែន រ៉ាឌី អាចនឹងបោះបង់ចោលអាជីពប្រដាល់ដែលពោរពេញដោយឈឺខ្លួន បន្ទាប់ពីរូបគេបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកជំនាញច្បាប់នៅសាកលវិទ្យាល័យបៀលប្រាយ។
នៅសង្វៀនប្រដាល់បាយ័នស្ទឹងមានជ័យជាកន្លែងដែលរូបគេចាញ់ពិន្ទុជើងខ្លាំងថៃ Lunchampachai កាលពីថ្ងៃអាទិត្យកន្លងទៅ សែន រ៉ាឌី បានប្រាប់ Sabay ថា រូបគេមិនចង់ចាប់អាជីពប្រដាល់ទៀតទេ ក្រោយពេលការសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យបៀលប្រាយចប់។ សព្វថ្ងៃរូបគេជានិស្សិតឆ្នាំទី៤ដែលគ្រោងនឹងបញ្ចប់នាពេលខាងមុខ។
សែន រ៉ាឌី ពេលហ្វឹកហាត់
ជើងខ្លាំងប្រចាំសង្វៀនទូរទស្សន៍អប្សរារូបនេះបានបន្តថា ជីវិតជាអ្នកប្រដាល់មិនងាយស្រួលដូចអ្នករកស៊ី ឬធ្វើការដើម្បីរកប្រាក់ឡើយ ពីព្រោះអាជីពប្រដាល់រងការលំបាកគ្រប់បែបយ៉ាងដូចជា ការហ្វឹកហាត់ឈឺខ្លួន ឡើងវ៉ៃក៏ឈឺខ្លួន បែកមុខបែកមាត់ ទទួលបានប្រាក់កម្រៃតិច និងរងការរិះគន់ពីមហាជនថែមទៀត ប្រសិនបើកីឡាករមិនបានគិតគូរឲ្យវែងឆ្ងាយ។
សែន រ៉ាឌី បាននិយាយថា ៖«គ្មានអ្នកណាចង់ឈឺសាច់ទេបង! ធម្មតារកលុយតាមរបៀបជាកីឡាករប្រដាល់ ទាល់តែស្រលាញ់វិស័យនេះខ្លាំងទើបទៅរួចព្រោះវាឈឺសាច់។ ពេលខ្ញុំរៀនចំ ខ្ញុំប្រហែលជាមិនបន្តប្រដាល់ទៀតទេ»។
កីឡាករដែលមានប្រភពមកពីខេត្តកោះកុងរូបនេះបានបង្ហើបប្រាប់ថា មូលហេតុដែលរូបគេមិនចេញប្រកួតក្រៅសង្វៀនអប្សរាកន្លងមក ដោយសារូបគេស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទូរទស្សន៍អប្សរា ប៉ុន្តែពេលនេះរូបគេមិននៅក្រោមការគ្រប់គ្រងរបស់ស្ថានីយមួយនេះទៀតទេ។
មួយរយៈពេលចុងក្រោយនេះ សែន រ៉ាឌី ហាក់ធ្លាក់ចុះសមត្ថភាពនៃការប្រកួត បន្ទាប់ពីប្រកួតជាមួយកីឡាករឡាវ ថងប៉ាង ពីរប្រកួតជាប់គ្នាដោយទទួលបានជ័យជម្នះទាំងពីរលើកទាំងលំបាក។ កាលពីប៉ុន្មានសប្ដាហ៍មុនរូបគេបានយកឈ្នះពិន្ទុកីឡាករថៃនៅសង្វៀនអាស៊ីអាគ្នេយ៍ ប៉ុន្តែកាលពីថ្ងៃអាទិត្យកន្លងទៅបានចាញ់ពិន្ទុកីឡាករថៃ Chao Rite Lunchampachai ដែលជាបរាជ័យលើកដំបូងសម្រាប់ការប្រកួតក្នុងស្រុករបស់គេ៕
អ្នកគាំទ្រគិតយ៉ាងម៉េចដែរ បើ សែន រ៉ាឌី ឈប់ពីប្រដាល់មែន?
អត្ថបទ ៖ ស្រី សុវណ្ណដារ៉ា