​អ្នក​​ប្រដាល់​​ធ្លាប់​ឈ្នះ Floyd ​បច្ចុប្បន្ន​នៅ​ត្រឹម​​បន្ទប់​ជួល​

  • 2015-04-06 22:18:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Floyd Mayweather គឺជា​កំពូល​អ្នក​ប្រដាល់​មួយ​រូប​ ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ទេ ក្នុង​អាជីព​របស់​ខ្លួន​ ប៉ុន្តែ​អ្នក​ប្រដាល់​អាមេរិក​រូប​នេះ ធ្លាប់​ចាញ់​លើក​ចុង​ក្រោយ​​ម្ដង​ ក្នុង​ការ​ប្រកួត​លក្ខណៈ​មិន​ទាន់​ចូល​អាជីព​ ក្រោម​ថ្វីដៃ​អ្នក​ប្រដាល់​​ប៊ុលហ្គារី Serafim Todorov ​​ក្នុង​ការ​ប្រកួត​អូឡាំពិក​ឆ្នាំ​១៩៩៦។ យ៉ាង​ណា​មិញ បើ​ក្រឡេក​មក​មើល​ជីវភាព​បច្ចុប្បន្ន​ ឃើញ​ថា Floyd ​​គឺ​ជា​កំពូល​កីឡាករ​​ដែល​មាន​ជាង​គេ​​បំផុត​លើ​លោក ខណៈ​ដែល​ Todorov វិញ សូម្បី​តែ​ផ្ទះ​ក៏​គ្មាន​នៅ​ដែរ ពោល​គឺ​ត្រូវ​ជួល​បន្ទប់​​ផ្ទះ​ល្វែង​ ដើម្បី​រស់​នៅ​។

 

Floyd និង Todorov វ៉ៃ​គ្នា​នៅអូឡាំពិក ឆ្នាំ​១៩៩៦

 

​អ្នក​ប្រដាល់​សញ្ជាតិ​ប៊ុលហ្គារី​ ​Todorov ដែល​ធ្លាប់​ជា​កីឡាករ​ជើង​ខ្លាំង​បំផុត​មួយ​រូប​​នោះ ធ្លាប់​បាន​វ៉ៃ​ឈ្នះ​ ​Floyd ​ដោយ​ពិន្ទុ ១០ ទល់​នឹង​ ៩ ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​អូឡាំពិក​ ឆ្នាំ​១៩៩៦ នៅ​ទី​ក្រុង​ Atlanta ​ប៉ុន្តែ​ជា​លក្ខណៈ​មិន​ទាន់​អាជីព​ផ្លូវ​ការ​ (ពាក់​មួក) ខណៈ​ដែល​ពេល​នោះ Todorov មាន​វ័យ​២៧​ឆ្នាំ រីឯ​ Floyd ​មាន​វ័យ​ត្រឹម​តែ​ ១៩​ឆ្នាំ​ប៉ុណ្ណោះ។

 

​បើ​យោង​តាម​សារព័ត៌មាន​ Borden ​បាន​ឲ្យ​ដឹង​ថា​ លោក​ Todorov ​​វ័យ​​៤៥​ឆ្នាំ ដែល​ធ្លាប់​បំបាក់ Floyd ​រូប​នេះ បច្ចុប្បន្ន​កំពុង​តែ​រស់​នៅ​ក្នុង​ជីវភាព​មួយ​​យ៉ាប់យ៉ឺន​យ៉ាង​ខ្លាំង ដោយ​រស់​នៅ​ក្នុង​បន្ទប់​ជួល​១​ នៅ​ជាន់​ទី​១ ក្នុង​ផ្ទះ​ល្វែង​​​​​៧​ជាន់ ​នៅ​តំបន់​ Pazardzhik ​នៃ​ប្រទេស​ប៊ុលហ្គារី ​​​ជាមួយ​នឹង​ប្រពន្ធ​ ប្អូន​ថ្លៃ​ស្រី​ និង​កូន​ប្រុស​ម្នាក់​ឈ្មោះ Simeon  ខណៈ​ដែល​​បន្ទប់​ជួល​នោះ មាន​តម្លៃ ៤៣៥​ក្នុង​១​ខែ។ ​ជាង​នោះ​ទៀត សេចក្ដីរាយការណ៍​ដដែល​ បាន​ឲ្យ​ដឹង​ទៀត​ថា អតីត​អ្នក​ប្រដាល់​​ដ៏​ល្បី​​​រូប​នេះ ទើប​តែ​បាត់​បង់​ការងារ​ ជាមួយ​នឹង​ប្រពន្ធ​​នៅ​ផ្សារ​ទំនើប​១​កន្លែង​ផង​ដែរ។

 

លោក​ Todorov ​បច្ចុប្បន្ន ​​វ័យ​​៤៥​ឆ្នាំ

 

ផ្ទះល្វែង​ដែល​លោក Todorov ជួល​បន្ទប់​​រស់​នៅ

 

ពានរង្វាន់ ដែល​អតីតអ្នកប្រដាល់ Todorov ធ្លាប់ទទួលបាន

 

​​ចំណែក​ឯ​ Floyd Mayweather វិញ​ ​​តាំង​ពី​ចាញ់​​ Todorov លើក​ចុង​ក្រោយ​​មក​ ​​២​ទៅ​៣​​​ខែ​បន្ទាប់​ ​អ្នក​ប្រដាល់​​​វ័យ​៣៨​ឆ្នាំ​រូប​នេះ​បាន​ចូល​ជា​អាជីព​ផ្លូវ​ការ ​ដោយ​៤៧​ប្រកួត ពុំ​ទាន់​ចាញ់​ម្ដង​ទេ​ និង​មាន​​ចំណូល​​រាប់​រយ​លាន​ដុល្លារ ​ខណៈ​ដែល​​អ្នក​ប្រដាល់​លំដាប់​ពិភពលោក​រូប​នេះ នឹង​ឡើង​សង្វៀន​ប៉ះ​ Manny Pacquiao ​នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា​ខាង​មុខ ​ក្នុង​តម្លៃ​មួយ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់​​៕

 

-ចុចអាន៖ ល្បី​ថា សំបុត្រ​មើល​ Pacquiao និង​ Floyd ​ឡើង​ដល់​ជិត​៩​ម៉ឺន​ដុល្លារ​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ Businessinsider, nytimes