គ្រឿង​រណ្ដាប់​ទទួល​ទេវតា​នាំ​សិរី​សួ​ស្តី​ឆ្នាំ​ថ្មី

  • 2015-04-08 13:00:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​ចូល​ឆ្នាំ ផ្ទះ​នី​មួយ​ៗ​តែង​រៀប​ចំ​តុប​តែង បោស​សំអាត​ឱ្យ​​មាន​សិរី​ជ័យ​មង្គល។ ដោយ​ឡែក គេ​ក៏​មាន​ត្រៀម​នូវ​គ្រឿង​រណ្ដាប់​ផ្សេង​ៗ​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដែល​ជន​ជាតិ​ខ្មែរ​មាន​ជំនឿ​ថា​ នឹង​ចុះ​មក​ប្រោស​ព្រំ​មនុស្ស​សត្វ​ឱ្យ​​សុខ​សប្បាយ​ផង​ដែរ។

 

ទាក់​ទិន​នឹង​គ្រឿង​រណ្ដាប់​ដែល​ខ្មែរ​និយម​ដើម្បី​ទទួល​អំណរ​ទេវតា​ឆ្នាំ​ថ្មី បើ​តាម​លោក​ អាចារ្យ ហី លាភ​ នៅ​វត្ត​កំសាន្ត មាន​ប្រសាសន៍​ថា រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក គេ​តែង​រៀប​នៅ​ខាង​មុខ​ផ្ទះ ដោយ​មាន​តាំង​គ្រឿង​សក្ការៈ​ផ្សេងៗ។

 

ជា​ទូ​ទៅ​គេ​ដាក់​របស់​ទាំង​នោះ​នៅ​លើ​តុ ឬ ហឹង ដែល​ជា​ទី​ខ្ពស់ ហើយ​គ្រឿង​ទាំង​នោះ​មាន​ដូច​ជា បាយ​សី​មួយ​គូ ប៉ា​ឆាម​មួយ​គូ ស្លា​ធម៌ ទឹក​អប់​ឆ្វេង​ស្តាំ ទៀន​ប្រាំ​ធូប​ប្រាំ ទឹក​មួយ​ផ្តិល​ធំ​ដាក់​ចំ​កណ្ដាល​ឬ​ភេសជ្ជៈ ទៀន​មួយ​គូ​អម​សង​ខាង ជើង​ពាន​មួយ​គូ ផ្លែ​ឈើ នំ​ចំណី ផ្កា​ភ្ញី​ជា​ដើម។ ​លុះ​រៀប​ចំ​រួច​រាល់​ហើយ នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក ត្រូវ​ជួប​ជុំ​ក្រុម​គ្រួសារ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​នមស្សកា​រតនៈត្រ័យ​សមាទាន​សីល ហើយ​តាំង​ចិត្ត​ឲ្យ​បាន​ស្អាត​បរិសុទ្ធ​ជ្រះ​ស្រឡះ​នូវ​មន្ទិល​ទាំង​ពួង រលឹក​លុះ​ចប់​ពិធី​ទទួល​ទេវតា។

 

លោក​តា ​បញ្ជាក់​ថា តែ​គ្រឿង​ទាំង​អស់​នេះ​មិន​តម្រូវ​ឱ្យ​​ត្រូវ​តែ​ដាក់​តាម​​គ្រប់​សព្វ​ទេ គឺ​ទៅ​តាម​លទ្ធភាព​ធនធាន​​នៃ​ក្រុម​គ្រួសារ​ដែល​មាន។ ផ្ទះ​អ្នក​ធូរធារ​គេ​អាច​ដាក់​ដល់​ទៅ​បាយ​សី​៩​ថ្នាក់ ៥​ថ្នាក់​ក៏​បាន។ ឯ​អ្នក​មធ្យម​អាច​ដាក់​ត្រឹម​៣​ថ្នាក់​ក៏​បាន មិន​ប្រកាន់​ឡើយ។ ចំណែក ផ្លែឈើ ឬ​នំ​ចំណី​ក៏​ដូច​គ្នា អ្នក​មាន​លទ្ធភាព​អាច​ដាក់​ច្រើន​មុខ​ច្រើន​ចាន​តម្រៀប​គ្នា តែ​អ្នក​សម​ល្មម​អាច​ដាក់​តាម​ការ​គួរ មិន​កំណត់​ថា ត្រូវ​តែ​ដាក់​ច្រើន ធំ​ដុំ​នោះ​ឡើយ។

 

ផ្អែក​តាម​សៀវភៅ​មហាសង្ក្រាន្ដ​បាន​ឲ្យ​ដឹង​ថា ចំពោះ​បាយ​សី ៩ ថ្នាក់ ៧ ថ្នាក់ ជា​ទំនៀម​នៅ​ក្នុង​ព្រះបរម​រាជវាំង ចំពោះ​ប្រជារាស្រ្ត​គួរ​ធ្វើ​ត្រឹម​ ៥ ថ្នាក់​ចុះ​មក​ ឬ រៀប​ត្រឹម​គ្រឿង​សក្ការៈបូជា​ ដែល​មាន​ទៀន​ប្រាំ ធូបប្រាំ ស្លា​ធម៌​កូន ចេក​មួយ​គូ​ក៏​ល្មម​សមគួរដែរ។ ចំពោះ​ផ្លែឈើ​សម្រាប់​ប្រជារាស្រ្ត​ គួរ​រៀប​​ឲ្យ​បាន​ត្រឹម ៣ ឬ ៥ មុខ ជាការ​ប្រសើរ​ គឺ​រៀប​ទៅ​តាម​ធនធាន​របស់​ខ្លួន។ នៅ​គ្រប់​ដង្វាយ​ទាំងអស់​ត្រូវ​ដាក់​ផ្កាម្លិះ​ភួង​ពី​លើ​គ្រប់​ដង្វាយ​ នៅ​លើ​ជើង​ពាន​ និង លើ​បាយសី ​ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ។

 

សៀវភៅ​ដដែល​បាន​រៀបរាប់​ទៀត​​ថា សង្រ្កាន្ដ​ចូល​ឆ្នាំ​ថ្មី​​នៅ​ថ្ងៃ​អង្គារ​ ១១ រោច ខែ​ ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី ១៤ ខែ មេសា គ.ស ២០១៥ វេលាម៉ោង ១៤ និង ០២ នាទី។ ពេល​នោះ​ព្រះ​អាទិត្យ​ចេញ​ពី​មីនរាសី​ទៅ​ឋិត​នៅ​ឯ​មេសរាសី​តាម​ផ្លូវ​គោវិថី គឺ​ ផ្លូវ​កណ្ដាល​ ទើប​ទេវធីតា មួយ​ព្រះ​អង្គ​ជា​មគ្គនាយិកា​ ព្រះនាម​ រាគ្យ​សៈទេវី ជា​បុត្រី​ ទី ៣ នៃ​ កបិល​មហាព្រហ្ម គង់​នៅ​ចាតុម្មហារាជិកាទ្រង់​អម្ពរពណ៌​ ខ្មៅ លម្អ​នៅ​ព្រះ​កាណ៌​ដោយ​សៀត​ផ្កា ឈូក អភរណៈ​ទ្រង់​​ពាក់កែវ មនោរា ភក្សាហារទ្រង់​សោយ លោហឹត ព្រះហស្ដស្ដាំ​ទ្រង់ ត្រីសូល៍​ ព្រះហស្ដឆ្វេង​ទ្រង់​​ ធ្នូ ទ្រង់​គង់​លើ​ខ្នង​ អស្សតរ (សេះ) ជាពាហនៈ៕

 

 

 

សូមអាន ៖ ក្បួន​​តុប​តែង​ផ្ទះ​ឱ្យ​​​មាន​លាភ​ពេល​ចូល​ឆ្នាំ​ខ្មែរ  

អត្ថបទ៖ លឹម សុ​នា