ឆ្កែ​ស្មោះ​ស្ម័គ្រ​ទទួល​ទោស​ជាមួយ​ម្ចាស់​ដែល​ប្រើ​គ្រឿង​ញៀន

  • 2015-04-07 23:07:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧក្រិដ្ឋជន​ប្រើប្រាស់​គ្រឿង​ញៀន​ជា​ច្រើន​នាក់ ត្រូវ​ប៉ូលិស​រដ្ឋ Santa Catarina ភាគ​ខាង​ត្បូង​ប្រទេស​ប្រេស៊ីល​ចាប់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ។ យ៉ាង​ណា​ក្ដី ការ​បង្ក្រាប​ករណី​​គ្រឿង​ញៀន​មិន​មែន​ជា​រឿង​ចម្លែក​អ្វី​ឡើយ​សម្រាប់​ប្រទេស​ប្រេស៊ីល ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​ឆ្កែ​ដ៏​ស្មោះ​ត្រង់​របស់​ឧក្រិដ្ឋជន​ទាំង​នោះ បាន​ក្រាប​ជាមួយ​ម្ចាស់​លើក​ជើង​មុខ​ឡើង​លើ​ជា​សញ្ញា​ទទួល​ទោស។

 

 

ហេតុការណ៍​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​នេះ បាន​ធ្វើ​ឡើង​នៅ​សង្កាត់ Vargem Grande ក្រោម​កិច្ច​សហការ​រវាង​កម្លាំង​ប៉ូលិស និង​ទាហាន។ បន្ទាប់​ពី​ចាប់​ជន​ល្មើស​រួច ពួក​គេ​បាន​ថត​រូបភាព​ទុក ហើយ​មួយ​សន្លឹក​ក្នុង​ចំណោម​នោះ​ចាប់​ផ្ដើម​ល្បីល្បាញ​ពេញ​ប្រទេស​ប្រេស៊ីល។ នោះ​គឺ​រូបភាព បង្ហាញ​ពី​ឆ្កែ​ស្មោះ​ស្ម័គ្រ​ក្រាប​ទទួល​ទោស​ជាមួយ​ម្ចាស់។

 

អ្នក​នាំ​ពាក្យ​ប៉ូលិស ឈ្មោះ Filippo Valdez បាន​និយាយ​ថា មន្ត្រី​ស៊ើបអង្កេត​ចាប់​ផ្ដើម​ស្រាវជ្រាវ​មុខ​សញ្ញា​ក្រុម​ឧក្រិដ្ឋជន​ជា​យូរ​មក​ហើយ ហើយ​នៅ​ពេល​​ចាប់​ខ្លួន​ពួក​គេ ប៉ូលិស​បាន​រក​ឃើញ​សារធាតុ​ញៀន​មួយ​ចំនួន ព្រម​ទាំង​ជញ្ជីង និង​កាំភ្លើង​ផង​ដែរ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ មាន​ឆ្កែ​ឈ្មោល​មួយ​ក្បាល​បាន​ហក់​ទៅ​ខាំ​​មន្ត្រី​ប៉ូលិស ប៉ុន្តែ​នៅ​ពេល​ឃើញ​ម្ចាស់​ក្រាប​ចុះ វា​ក៏​រត់​ទៅ​ជិត​​និង​ក្រាប​តាម​ម្ចាស់​ដែរ។

​​​​​​​​​

ធ្លាប់​ជា​សត្វ​កាច​សាហាវ ឆ្កែ​នោះ​បាន​ប្រែ​ជា​ស្ងប់ស្ងាត់ និង​មិន​បញ្ចេញ​សញ្ញា​ណា​មួយ បង្ហាញ​ពី​ការ​វាយប្រហារ​មក​លើ​ប៉ូលិស​ឡើយ។ យ៉ាងណាក្ដី មន្ត្រី​ប៉ូលិស​បាន​ចាប់​ខ្លួន​តែ​ឧក្រិដ្ឋជន​ប៉ុណ្ណោះ ដោយ​ដោះ​លែង​ឆ្កែ​ឲ្យ​រួច​ខ្លួន៕

 

ចុចអាន៖ មើល​វីដេអូ​នេះ ទើប​ដឹង​ថា​ឆ្កែ​តែង​រង់ចាំ​ម្ចាស់​នៅ​ផ្ទះ​គ្រប់​វិនាទី

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail

អត្ថបទថ្មី