ការ​សាង​​សមិទ្ធផល​​ដ៏​អស្ចារ្យ ធ្វើ​ឲ្យ​យុវជន​ខ្មែរ​លេច​ធ្លោ​ក្នុង​វិស័យ​​បច្ចេកវិទ្យា

  • 2015-04-08 16:29:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​និង​កូន​ខ្មែរ​មួយ​ចំនួន​បាន​ខិតខំ​ប្រឹងប្រែង​ឥត​សំចៃ ដើម្បី​​រំលេច​ចេញ​ស្នាដៃ​ជា​បន្ត​បន្ទាប់។ ដើម្បី​សម្រេច​បាន​គោល​ដៅ ពួកគេ​បាន​លះ​បង់​ពេល​វេលា កម្លាំងកាយ​ចិត្ដ​ព្រម​ទាំង​ថវិកា​ផ្ទាល់​ខ្លួន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ឲ្យ​ផលិតផល​​ដែល​កើត​ចេ​ញ​ពី​តំណក់​ញើស​របស់​ពួកគេ​ លេច​​ជា​រូប​រាង​ឡើង​ទុក​ជា​ប្រយោជន៍​ដល់​សាធារណជន​ប្រើប្រាស់​។

 

Sabay ណែនាំ​ប្រិយមិត្ត​​​ស្គាល់​ពី​យុវជន​និង​កូនខ្មែរ​ឆ្នើមៗ​មួយ​ចំនួន ដែល​បាន​ប្រឹងប្រែង​ក្នុង​ការ​បង្កើត​សមិទ្ធផល​ដ៏​លេច​ធ្លោ ដែល​ធ្វើ​ឲ្យ​ពួកគេ​ទទួល​ការ​គោរព​និង​កោត​សរសើរ​ពី​ពលរដ្ឋ​និង​មជ្ឈដ្ឋាន​នានា។

 

លោក ដាញ់ ហុង

 

 

លោក ដាញ់ ហុង​ជា​ស្ថាបនិក​អក្សរ​យូនីកូដ ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​អក្សរសាស្ត្រ​ខ្មែរ​ខ្ពស់​មុខ​ខ្ពស់​មាត់។ ស្នាដៃ​បង្កើត​អក្សរ​យូនីកូដ​របស់​លោក​ ទទួល​​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា ហើយ​ដែល​សមិទ្ធផល​ទាំង​នោះ​​ក៏​កំពុង​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ទាំង​នៅ​ស្ថាប័ន​រដ្ឋ​និង​ឯកជន ​និង​នៅ​លើ​ឆាក​អន្តរជាតិ​។

 

លោក ញាន ផល្លឹក

 

 

ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​​​បាន​ស្គាល់​លោក​ញាន ផល្លឹក ដែល​ជា​ស្ថាបនិក​រថយន្ត​ខ្មែរ​ដំបូង​​គេ​។ លោក ញាន ផល្លឹក ជា​ស្ថាបនិក​រថយន្ត​អង្គរ​ដ៏​ល្បីល្បាញ​របស់​ប្រទេស​កម្ពុជា ​ដែល​ស្នាដៃ​ផលិត​រថយន្ត​របស់​លោក​​​ធ្វើ​​ឲ្យ​​មាន​ការ​ចាប់​អារម្មណ៍​រហូត​ដល់​បណ្ដាញ​សារព័ត៌មាន​ធំៗ​​​បាន​ចុះ​ផ្សាយ​​យ៉ាង​ព្រោងព្រាត​ពី​ស្នាដៃរបស់​លោក​នេះ។

 

លោក អៀ អ៊ុយ​

 

 

 

លោក​អៀ អ៊ុយ​ ជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​ក្រុម Osja Studio ដែល​ជា​អ្នក​អភិវឌ្ឍន៍​​អាជីវកម្ម​ផលិត​ហ្គេម​កម្សាន្ត​របស់​ប្រទេស​កម្ពុជា​។ លោក​បាន​បង្កើត​ហ្គេម​កម្សាន្ត​ជា​ច្រើន​ ដែល​ហ្គេម​មួយ​ចំនួន​របស់​លោក​​​​មាន​ការ​ទទួល​ស្គាល់​នៅ​លើ​ឆាក​អន្តរជាតិ​ដូចជា​ហ្គេម Asva The Monkey ជា​ដើម។

 

លោក បេ ចន្រ្តា

 

 

ជា​​ស្ថាបនិក​​​ដ៏​សំខាន់​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​បារខែម។ បារខែម​​​រៀបចំ​ឡើង​ជា​រៀងរាល់​ឆ្នាំផ្តោត​លើការ​វិវឌ្ឍន៍​នៃ​វិស័យ​​បច្ចេកវិទ្យា ដែល​វាគ្មិន​ជំនាញៗ​​នឹង​លើកយក​ចំណេះដឹង​និង​របក​គំហើញ​ថ្មីៗ ចែក​រំលែក​​ដល់​​អ្នក​​ចូលរួម។

 

ធីម ច័ន្ទឬទ្ធី

 

 

ធីម ច័ន្ទឬទ្ធី​ជា​អ្នក​បច្ចេកវិទ្យា​វ័យ​ក្មេង​ម្នាក់​ ដែល​បាន​ខិត​ខំ​ស្រាវជ្រាវ​បង្កើត​បាន​ប្រព័ន្ធ​ប្រតិបត្តិការ​ជា​ភាសា​ខ្មែរ​ Moon OS។ ស្នាដៃ​បង្កើត​របស់​គេ​មាន​ការ​ចាប់​អារម្មណ៍ រហូត​ដល់​បរទេស​មួយ​ចំនួន​គាំទ្រ​និង​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​យុវជន​រូប​នេះ​ទៀត​ផង។

 

លោក ទី រ៉ាឌី

 

ប្រភព​រូប៖ Phnom Penh Post

 

អាច​ចាត់​ទុក​ថា​ជា​អ្នក​បង្កើត​ទីផ្សារ​លក់​អនឡាញ​ដំបូង​គេ​ក៏​ថាន​បាន​សម្រាប់​ប្រទេស​កម្ពុជា។ លោក ទី រ៉ាឌី បាន​បង្កើត​គេហទំព័រ Khmer 24 ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​អាច​ទិញ ឬ​ដាក់​លក់​ផលិតផល​ទំនិញ​សព្វសារពើ​លើ​អនឡាញ ដែល​មាន​ចាប់​ពី​គ្រឿង​ប្រើប្រាស់​ទូទៅ រហូត​ដល់​គ្រឿង​សម្ភារៈ​ទំនើប។

 

លោក គង់ ផារិទ្ធិ

 

 

គំនិត​ច្នៃ​ប្រឌិត និង​ការ​​រក​ឃើញ​វិធីសាស្ត្រ​ក្នុង​ការ​ទាញ​ថាមពល​ព្រះអាទិត្យ​បម្លែង​ជា​ថាមពល​អគ្គិសនីបាន​ធ្វើ​ឲ្យ​លោក គង់ ផារិទ្ធ មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​និង​មាន​កោត​សរសើរ​ពី​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន។

 

លោក ខេង វ៉ាន់ថា

 

 

លោក​បាន​បង្កើត​វចនានុក្រម​អង់គ្លេស-ខ្មែរ, ខ្មែរ-អង់គ្លេស និង​ខ្មែរ-ខ្មែរ ដំបូង​គេ​សម្រាប់​ប្រើប្រាស់​នៅ​លើ​ស៊េរី​ទូរសព្ទ Symbian របស់​ក្រុមហ៊ុន Nokia និង​​ការ​បង្កើត​វចនានុក្រម​សម្រាប់​ប្រើ​នៅ​លើ Window Mobile បន្ថែម Keyboard និង​ហ្វុង​អក្សរ​ខ្មែរ សម្រាប់​អាន​ឬ​មើល​នៅ​លើ​ទូរសព្ទ។ លោក​ក៏​បាន​បង្កើត​វចនានុក្រម​មួយ​ទៀត​គឺ​វចនានុក្រម​ភូមិ​ សម្រាប់​ប្រើ​នៅ​លើ​ទូរសព្ទ​មួយ​ចំនួន ដែល​ដំណើរការណ៍​ដោយ Android។

 

តើ​មាន​កូន​ខ្មែរ​ឆ្នើម​ណា​​ផ្សេងទៀត ដែល​ប្រិយមិត្ត​ដឹង​សម្រាប់​ការ​បង្កើត​សមិទ្ធផល​បច្ចេកវិទ្យា​ដ៏​លេច​ធ្លោ​របស់​ពួកគេ?

 

អត្ថបទ៖ ប៊ុណ្ណារ៉ា