តារា​ល្បី​ៗ​វ័យ​ក្មេង ៨រូប ដែល​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ថ្លៃ​រាប់​លាន​ដុល្លារ​

  • 2015-04-09 20:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ឈ្មោះ​ជា​តារា​ល្បី​ មិន​ត្រឹម​តែ រូប​សម្រស់ និង​ការ​សម្ដែង​ទេ​ដែល​គេ​ចង់​មើល សូម្បី​តែ​ផ្ទះ​ដែល​ពួក​គេ​រស់​នៅ​ក៏​មាន​អ្នក​ចង់​ដឹង​ចង់​ឃើញ​មិន​តិច​ដែរ។ ថ្ងៃ​នេះ Sabay សូម​បង្ហាញ​តារា​ចម្រៀង និង​សម្ដែង​ល្បី​ចំនួន ៨រូប​ដែល​មាន​សមត្ថភាព​ទិញ​ផ្ទះ​តម្លៃ​រាប់​លាន​ដុល្លារ​ទាំង​វ័យ​ក្មេង។ ចង់​ដឹង​ថា​លំនៅឋាន​របស់​ពួក​គេ​នីមួយ​ៗ​មាន​ភាព​ទំនើប​ស៊ីវិល័យ​យ៉ាង​ណា​នោះ សូម​ទស្សនា​ទាំង​អស់​គ្នា៖

 

១. តារា​ចម្រៀង Taylor Swift មាន​ផ្ទះ​តម្លៃ ១៧,៧៥លាន​ដុល្លារ

 

 

ស្ថិត​ក្នុង​វ័យ ២៥ឆ្នាំ Taylor Swift បាន​ក្លាយ​ជា​តារា​ចម្រៀង​ដ៏​ល្បី​លេចធ្លោ​ម្នាក់​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន។ នាង​មាន​ទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ២០០លាន​ដុល្លារ ធ្លាប់​ឈ្នះ​ពាន​រង្វាន់ Grammy ចំនួន ៧ ហើយ​អាល់ប៊ុម​ចម្រៀង​របស់​នាង​លក់​ដាច់​ប្រមាណ ៤០លាន​បន្ទះ​ហើយ។ នៅ​ឆ្នាំ២០១៣ Swift បាន​ទិញ​​ភូមិគ្រឹះ​មាត់​សមុទ្រ​មួយ​ នៅ​ភូមិ Watch Hill លើ​កោះ Rhode ដែល​មាន​ទីធ្លា​សរុប​​ទំហំ ២,៨គីឡូម៉ែត្រ​ការ៉េ និង​តម្លៃ ១៧,៧៥លាន​ដុល្លារ។​

 

 

២. តារា​សម្ដែង Kylie Jenner មាន​ផ្ទះ​តម្លៃ ២,៧លាន​ដុល្លារ

 

 

Kylie Jenner ដែល​ជា​សមាជិក​វ័យ​ក្មេង​បំផុត​នៃ​ត្រកូល​តារា​ល្បី​អាមេរិក Kardashian មាន​អាយុ​ត្រឹម​តែ ១៧ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​នាង​បាន​ទិញ​ផ្ទះ​ផ្ទាល់​ខ្លួន​មួយ​ហើយ​នៅ ទីក្រុង Calabasas រដ្ឋ California ក្នុង​តម្លៃ ២,៧លាន​ដុល្លារ។ តំណែង​របស់​នាង​ក្នុង​កម្មវិធី Keeping Up With the Kardashians គឺ​ល្មម​គ្រប់គ្រាន់​ឲ្យ​នាង​អាច​ទិញ​ផ្ទះ​មួយ​នេះ​បាន។

 

 

៣. តារា​ចម្រៀង Drake មាន​ផ្ទះ​តម្លៃ ៧,៧លាន​ដុល្លារ

 

 

Drake តារា​ចម្រៀង​រ៉េប​មក​ពី​ទីក្រុង​ Toronto ជា​តារា​ចម្រៀង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ម្នាក់​ក្នុង​ពិភព​ចម្រៀង Hip-Hop ហើយ​ជីវិត​រស់​នៅ​របស់​គេ​ក៏​ទំនើប​បែប Hip-Hop ដែរ។ តារា​ចម្រៀង​រូប​នេះ​បាន​ទិញ​ផ្ទះ​ដែល​គេ​រស់​នៅ​បច្ចុប្បន្ន​កាល​ពី​ឆ្នាំ​២០១២ គឺ​នៅ​ពេល​ដែល​គេ​មាន​អាយុ ២៥​ឆ្នាំ ដោយ​ផ្ទះ​នោះ​មាន​អាង​ទឹក​ដ៏​ធំ អម​ដោយ​ទឹក​ជ្រោះ​សិប្បនិម្មិត មាន​រោងភាពយន្ត កន្លែង​លេង​ Tennis និង​បាល់​បោះ និង​កន្លែង​ថត​បទ​ចម្រៀង​ផង​ដែរ។

 

 

៤. តារា​សម្ដែង Josh Hutcherson មាន​ផ្ទះ​តម្លៃ ២,៥លាន​ដុល្លារ

 

 

តារា​សម្ដែង​រឿង "Hunger Games” Josh Hutcherson បាន​​ក្លាយ​ជា​ម្ចាស់​ផ្ទះ​តម្លៃ ២,៥លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០១២ គឺ​នៅ​ពេល​ដែល​គេ​មាន​អាយុ ១៩ឆ្នាំ។ ផ្ទះ​របស់​គេ​មាន​ទីធ្លា​ខាង​ក្រៅ​ទំហំ ២៣២ម៉ែត្រ​ការ៉េ និង​មាន​លក្ខណៈ​ពិសេស​​ដូច​ជា​ ​កន្លែង​មើល​កុន ទី​ធ្លា​ញ៉ាំ​អាហារ​និង​អាំង​សាច់ រួម​ជាមួយ​បង់​អង្គុយ​លេង​ក្រោម​ដើម​ឈើ​មួយ​ចំនួន។

 

 

៥. តារា​សម្ដែង​ Jennifer Lawrence មាន​ផ្ទះ​តម្លៃ ៨,២លាន​ដុល្លារ

 

 

តារា​សម្ដែង Jennifer Lawrence ដែល​ជា​តួ​ឯក​រឿង "Hunger Games” និង​ម្ចាស់​ពាន​រង្វាន់ Oscar ឆ្នាំ​២០១៣ ទើប​តែ​ទិញ​ផ្ទះ​ថ្មី​មួយ​នៅ Hollywood Hills កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ផ្ទះ​របស់​តារា​វ័យ ២៤ឆ្នាំ​រូប​នេះ​មាន​បន្ទប់​គេង​ចំនួន ៥ បន្ទប់​ទឹក​ ៥ និង​ទីធ្លា​សរុប​ទំហំ ២៣២ម៉ែត្រ​ការ៉េ។ ខាង​មុខ​ផ្ទះ មាន​ស្រះ​ចិញ្ចឹម​ត្រី​មួយ ហើយ​នៅ​ខាង​ក្រោយ​ផ្ទះ​ក៏​មាន​អាង​ហែល​ទឹក​មួយ​ដែរ។

 

 

៦. តារា​ចម្រៀង Miley Cyrus មាន​ផ្ទះ​តម្លៃ ៣,៩លាន​ដុល្លារ

 

 

កាល​ពី​ឆ្នាំ​២០១១ គឺ​នៅ​ពេល​ដែល​នាង​មាន​អាយុ ១៩ឆ្នាំ តារា​ចម្រៀង Miley Cyrus បាន​ទិញ​ផ្ទះ​ផ្ទាល់​ខ្លួន​ដំបូង​ នៅ Studio City ក្នុង​តម្លៃ​ជិត​ ៤លាន​ដុល្លារ។ ផ្ទះ​របស់​នាង​មាន​ទីធ្លា​សរុប​ទំហំ ៤៦៤ម៉ែត្រ​ការ៉េ ដោយ​មាន​បន្ទប់​គេង ៥ និង​បន្ទប់​ទឹក​ចំនួន ៦។

 

 

៧. តារា​ចម្រៀង Iggy Azalea មាន​ផ្ទះ​តម្លៃ ៣,៤៥លាន​ដុល្លារ

 

 

២០១៤​គឺ​ជា​ឆ្នាំ​ដ៏​ជោគជ័យ​បំផុត​របស់​តារា​ចម្រៀង​រ៉េប Iggy Azalea ដោយ​អាល់ប៊ុម​ដំបូង​របស់​នាង "The New Classic” បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​លើ​តារាង​តន្ត្រី​ល្បី​ៗ​ជា​ច្រើន។ ជាមួយ​ជោគជ័យ​ក្រាស់ក្រែល​នេះ ម្ចាស់​បទ "Fancy” រូប​នេះ បាន​ទិញ​ផ្ទះ​ថ្មី​មួយ​នៅ​ទីក្រុង Tarzana រដ្ឋ California ដែល​កាល​ពី​មុន​គឺ​ជា​កម្មសិទ្ធិ​របស់​តារា​ចម្រៀង Selena Gomez។ ផ្ទះ​នេះ​មាន​ទីធ្លា​សរុប​ចំនួន ៦១៣ម៉ែត្រ​ការ៉េ និង​មាន​បន្ទប់​គេង​ចំនួន ៦ បន្ទប់​ទឹក ៧ និង​កន្លែង​ចត​ឡាន​ចំនួន ២។

 

 

៨. តារា​ចម្រៀង Lady Gaga មាន​ផ្ទះ​តម្លៃ ២៤លាន​ដុល្លារ

 

 

តារា​ចម្រៀង​វ័យ ២៩ឆ្នាំ Lady Gaga ក៏​បាន​ទិញ​ផ្ទះ​ថ្មីមួយ​ដែរ​កាល​ពី​ចុង​ឆ្នាំ​២០១៤ នៅ​ទីក្រុង Malibu រដ្ឋ California ក្នុង​តម្លៃ ២៤លាន​ដុល្លារ។ ​Gaga អាច​ទិញ​ផ្ទះ​នេះ​បាន​ដោយ​គ្មាន​បញ្ហា ត្បិត​ទ្រព្យ​សម្បត្តិ​សរុប​របស់​នាង​​គឺ ២៣០លាន​ដុល្លារ។ ផ្ទះ​របស់​នាង​មាន​ទីធ្លា​សរុប​ជាង ២ម៉ឺន​ម៉ែត្រ​ការ៉េ និង​មាន​ទី​កន្លែង​ពិសេស​ៗ​ជា​ច្រើន​ដូចជា​ អាង​ហែល​ទឹក កន្លែង​ហាត់​ប្រាណ និង​កន្លែង​លេង​ Bowling ជា​ដើម។

 

 

ចុចអាន៖តារា​ស្រី​ហូលីវូដ ៨រូប​ដែល​ធ្លាប់​វះ​កាត់​​​កែ​ដើម​ទ្រូង

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ therichest