នៅ​ក្មេង​ហ៊ាន​បើក​អាជីវកម្ម​ទាំង​មិន​ដែល​ប្រឡូក​ដោយ​មិន​ខ្លាច​បរាជ័យ

  • 2015-04-17 21:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​អាយុ​ត្រឹម​ ២៥ ​ឆ្នាំ​ តែ​យុវជន សុខ ចាន់​ណា​រ៉ូ​​​ ហ៊ាន​បើក​អាជីវកម្ម​រក​ស៊ី​​ខ្លួន​ឯង​ដោយ​ប្រើ​ដើម​ទុន​​​ប្រមាណ​ ៣​ ពាន់​ដុល្លារ តែ​អាច​រក​ចំណូល​​ច្រើន​សន្ធឹក​សន្ធាប់​ ពី​អាជីវកម្ម​ដំបូង​បំផុត​របស់​ខ្លួន ​នៃ​ការ​ផលិត​វីដេអូ​ និង ​រចនា​រូប​ភាព ខណៈ​​​មិន​ដែល​បាន​ប្រឡូក​ក្នុង​ផ្នែក​នេះ​ពី​មុន​​មក​សោះ។

 

 

គ្រាន់​តែ​បញ្ចប់​ការ​សិក្សា​ភ្លាម ណា​រ៉ូ ​បង្កើត​អាជីវកម្ម​នេះ​ភ្លែត ប៉ុន្តែ​ គ្រួសារ​ហាក់​ស្ទាក់​ស្ទើរ​នឹង​គំនិត​នេះ ដោយ​សារ​កាល​នោះ​យុវជន​រូប​នេះ មាន​អាយុ​ទើប ​២២ ​ឆ្នាំ ហើយ​មិន​ដែល​ធ្លាប់​ប្រឡូក​ខាង​រឿង​រក​ស៊ី​អ្វី​សោះ ដែល​អាច​ថា​ជា​អាជីវកម្ម​​ក្មេង​ខ្ចី ឯ​ថៅកែ​ក៏​ក្មេង​ទៀត ហើយ​ជំនាញ​រៀន​នៅ​សាកលវិទ្យាល័យ​ទៀត​សោត​គឺ​ច្បាប់ មិន​មែន​ផ្នែក​ដែល​ទាក់ទង​នឹង​ពាណិជ្ជកម្ម​អ្វី​ទេ។ តែ​ភាព​ជោគ​ជ័យ​ និង ​ការ​ប្រឹង​ប្រែង​បាន​ធ្វើ​ឱ្យ​ផ្នត់​គំនិត​នេះ​ផ្លាស់​ប្ដូរ ព្រោះ​បន្ទាប់​ពី​ ណា​រ៉ូ​ សម្រេច​ចាប់​បើក​អាជីវកម្ម​នេះ​ភ្លាម ស្រាប់​តែ​មាន​អតិថិជន​ទាក់​ទង​ភ្លាម​ ហើយ​អាច​រក​ប្រាក់​បាន​រាប់​ពាន់​ដុល្លារ​ទៀត​ផង។

 

យុវជន​រូប​នេះ ប្រាប់​ថា បើ​ទោះ​រៀន​ច្បាប់​មែន តែ​មាន​ទេព​កោសល្យ​ខាង​ផ្នែក​ឌី​ហ្សាញ​វីដេអូ ​​និង ​គំនិត​ខាង​ជំនួញ​ច្រើន​ជាង។ ណារ៉ូ​ បន្ត​ថា មូល​ហេតុ​ដែល​ជំរុញ​ឱ្យ​បើក​អាជីវកម្ម​នេះ​ដោយ​សារ​ កាល​នៅ​ជា​និស្សិត​ មាន​គ្រូ​ម្នាក់​មក​ពី​អង់គ្លេស បាន​បើក​ក្លឹប​មួយ​បង្រៀន​ពី​ការ​ធ្វើ​វីដេអូ​និង​រូប​ភាព។

 

ស្រប​នឹង​ចិត្ត​ដែល​ស្រលាញ់​ជំនាញ​នេះ​ស្រាប់​ ណា​រ៉ូ​ ក៏​​ទៅ​​រៀន​ហើយ​ចេះ​យ៉ាង​ច្រើន។ ក្រៅ​ពី​នេះ ពេល​ទំនេរ ​សិស្ស​រៀន​សាកលវិទ្យាល័យ​ពុទ្ធិសាស្រ្ត​ បាន​ខិត​ខំ​ស្វែង​រក​តិច​និក​រៀន​ពី YouTube ថែម​ទៀត។ ក្រោយ​មក ដោយ​ឃើញ​​ ណា​រ៉ូ​ មាន​ស្នាដៃ​ល្អ​ខាង​ផ្នែក​នេះ លោក​គ្រូ​ក៏​ចាត់​តាំង​ណា​រ៉ូ ជា​មេ​ក្រុម ដើម្បី​ឱ្យ​បន្ត​ក្លឹប​នេះ​ត​ទៅ​ទៀត ខណៈ​លោក​គ្រូ​នោះ​ក៏​ត្រូវ​ត្រលប់​ទៅ​ប្រទេស​អង់គ្លេស​វិញ។

 

ក្រោយ​មក មិន​យូរ​ប៉ុន្មាន​សាលា​រៀប​ចំ​ការ​ប្រលង​មួយ​ទាក់​ទង​នឹង​សហគ្រិន​វ័យ​ក្មេងដែលមានឈ្មោះថា "ការប្រកួតគំរោងអាជីវកម្មថ្នាក់ជាតិ ធុនតូច ឬមធ្យម ប្រចាំឆ្នាំ 2012"  ណា​រ៉ូ​ក៏​ចុះ​ឈ្មោះ​ប្រកួត​ប្រជែង ហើយ​លទ្ធផល​ចេញ​មក​ជា​ទី​គាប់​ចិត្ត​ក្រៃ​លែង ដោយ​ក្រុម​របស់​ណា​រ៉ូ​ទទួល​ចំណាត់​ថ្នាក់​លេខ​មួយ។ តាម​រយៈ​ការ​ប្រកួត​ប្រជែង​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​មនុស្ស​ម្នា​ជា​ច្រើន​បាន​ដឹង​ពី​សមត្ថភាព​របស់​យុវជន​វ័យ​ក្មេង​រូប​នេះ​ព្រោះ​ពេល​ប្រកួត ណា​រ៉ូ​ បាន​ឆ្លៀត​បង្ហាញ​ពី​វីដេអូ​ដែល​ខ្លួន​ផលិត ធ្វើ​ឱ្យ​មាន​ការ​កោត​សរសើរ​ពី​គណៈកម្មាធិការ​យ៉ាង​ខ្លាំង។

 

ណារ៉ូ ក្នុងថ្ងៃទទួលជ័យលាភីកម្មវិធីការប្រកួតគំរោងអាជីវកម្មថ្នាក់ជាតិ ធុនតូចឬមធ្យម ប្រចាំឆ្នាំ2012

 

​ស្រប​ពេល​នោះ ចំ​ឆ្នាំ​ដែល​​ត្រូវ​ប្រលង​បញ្ចប់ ហើយ​យុវជន​ដែល​កើត​នៅ​ភ្នំពេញ​រូប​នេះ​ មាន​គំនិត​មិន​ចង់​ធ្វើ​ការ​ឱ្យ​គេ​ទេ គឺ​ចង់​បើក​រក​ស៊ី​ដោយ​ខ្លួន​ឯង។ ដោយ​មាន​ការ​ណែ​នាំ​ផ្ដល់​គំនិត ​និង ​ទិស​ដៅ​ល្អ​ៗ​ពី​សាស្ត្រាចារ្យ​​ យុវជន​នេះ ​ក៏​យក​ប្រាក់​រង្វាន់​ដែល​បាន​ពី​ការ​ប្រកួត​ចំនួន​ ៣​ ពាន់​ដុល្លារ​ ​ទៅ​បើក​អាជីវកម្ម​តែ​ម្ដង ក្នុង​ឆ្នាំ ​២០១២ ដោយ​ដាក់​ថា Innmax studio។

 

អតិថិជន​ជា​ច្រើន​បាន​ទាក់​ទង​ឱ្យ​ ណា​រ៉ូ​ ផលិត​វីដេអូ​ ជា​លក្ខណៈ​ឯកសារ ពាណិជ្ជកម្ម និង ​រចនា​រូប​ភាព​ផ្សេង​ៗ ខ្លះ​ជា​គម្រោង​​ក៏​មាន។ ម្ចាស់​អាជីវកម្ម​នៅ​បណ្ដោយ​ផ្លូវ​២៨៨ ក្នុង​សង្កាត់​បឹង​កេង​កង​១ ប្រាប់​ថា ការ​រក​អតិថិជន​មិន​សូវ​មាន​ការ​លំបាក​ទេ ដោយសារ​ពួក​គាត់​ភាគ​ច្រើន​ធ្លាប់​បាន​ឃើញ​ស្នាដៃ​អំឡុង​ពេល​ប្រកួត​រួច​ហើយ ម្ល៉ោះ​ហើយ​គាត់​ជឿ​ទុក​ចិត្ត​មក​ទាក់​ទង​ឱ្យ​ធ្វើ​និង​ថែម​ទាំង​ជួយ​ប្រាប់​បន្ត​ទៅ​អ្នក​ផ្សេង​ទៀត​ផង។ តាម​រយៈ​ការ​បើក​អាជីវកម្ម​នេះ ថៅកែ​វ័យ​ក្មេង​ប្រាប់​ថា ទទួល​បាន​បទពិសោធន៍​យ៉ាង​ច្រើន​ពី​របៀប​ដឹក​នាំ ចូល​រួម​សង្គម និង​ ការ​ច្នៃ​ប្រឌិត ជា​ភាព​រឹង​មាំ​​ដែល​ពី​មុន​មក​ខ្លួន​មិន​ដែល​ទទួល​បាន​នៅ​ឡើយ។

 

សុខ ចាន់​ណា​រ៉ូ ក៏​បាន​លើក​ទឹក​ចិត្ត​ផង​ដែរ ​ដល់​យុវជន​ទាំង​អស់​ដែល​មាន​គំនិត​ចង់​បើក​អាជីវកម្ម​ដោយ​ខ្លួន​ឯងថា ​បើ​ទោះ​ជា​នៅ​មាន​ភាព​វ័យ​ក្មេង​ក្តី ប៉ុន្តែ ​វា​មិន​មែន​ជា​ឧបសគ្គ​ឡើយ គឺ​ជំនឿ​ចិត្ត សមត្ថភាព​ និង ​ការ​ប្រឹង​ប្រែង​ប្រកប​ដោយ​ឆន្ទៈ​ពិត​ប្រាកដ ទើប​អាច​សម្រេច​បាន​នូវ​គោល​ដៅ​មួយ​​បាន៕

 

 

សូមអាន៖   គំរូ “សេវាកម្ម​បុណ្យ​សព” ​​ឈ្នះ​មេដាយ​មាស​តំបន់​ និង​បន្ត​ទៅ​​ប៉ះ​និស្សិត​សាកលវិទ្យាល័យ​ល្បី​ៗ​លើ​លោក​នៅ អាមេរិក​     អត្ថបទ៖ លឹម សុ​នា រូបថត៖ ផ្ដល់​ឲ្យ​

អត្ថបទថ្មី