សុខចិត្តបោះបង់ជីវិតស៊ីវិល័យទៅរស់នៅលើផ្ទះចម្រុះពណ៌ដ៏ស្ងប់ស្ងាត់
- 2015-04-16 15:15:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខចិត្តបោះបង់ជីវិតស៊ីវិល័យទៅរស់នៅលើផ្ទះចម្រុះពណ៌ដ៏ស្ងប់ស្ងាត់
ចន្លោះមិនឃើញ
គូស្នេហ៍ជនជាតិកាណាដាមួយគូ បានសម្រេចចិត្តបោះបង់ជីវិតក្នុងភាពស៊ីវិល័យដែលពោរពេញទៅដោយសំឡេងមនុស្សក្នុងទីក្រុង ទៅរស់នៅលើផ្ទះចម្រុះពណ៌ដ៏ស្រស់ស្អាតដាច់ពីគេ។ ផ្ទះបណ្ដែតទឹកនេះហាក់មានភាពស្ងប់ស្ងាត់បន្តិច ប៉ុន្តែប្រៀបដូចជាឋានសួគ៌គួរឲ្យចង់រស់នៅ។
លោក Wayne Adams និងអ្នកស្រី Catherine King បានសាងសង់ផ្ទះបណ្ដែតទឹកនេះឡើងដោយខ្លួនឯង តាំងពីឆ្នាំ១៩៩២ ហើយផ្នែកនីមួយៗសុទ្ធតែភ្ជាប់គ្នាពីឈើសុទ្ធសាធ។ ការរស់នៅដាច់ឆ្ងាយពីទីក្រុង អាចមានភាពលំបាកបន្តិច ប៉ុន្តែពួកគេបានស៊ាំជាមួយស្ថានភាពនេះរួចទៅហើយ ព្រោះមានវិធីផ្ទាល់ខ្លួន។
អំឡុងពេលរដូវរងា គូស្នេហ៍វ័យចំណាស់នេះ ត្រូវត្រងទឹកភ្លៀងទុកផឹក ដោយសារកន្លែងដែលពួកគេរស់នៅ ជាតំបន់មាត់សមុទ្រ។ ចំណែកឯរដូវក្ដៅគ្មានទឹកភ្លៀងធ្លាក់ ពួកគេត្រូវដើររកទឹកពីប្រភពទឹកធ្លាក់ក្បែរនោះ ដើម្បីទុកទទួលទាន។ បន្លែ និងផ្លែឈើនានា មានដាំស្រាប់នៅលើផ្ទះ ដែលពោរពេញទៅដោយពណ៌បៃតង។ ចំពោះអគ្គិសនីវិញ អាចប្រើប្រាស់បាន តាមរយៈប្រព័ន្ធសូឡាទាញពីថាមពលកម្ដៅព្រះអាទិត្យ។
ផ្កាគ្រប់ប្រភេទ ធម្មជាតិស្រស់បំព្រងនៅលើផ្ទះបណ្ដែតទឹកតាមបណ្ដោយឆ្នេរសមុទ្រ បានធ្វើឲ្យគូស្នេហ៍នេះរស់នៅប្រកបដោយក្ដីរីករាយ។ ពួកគេបានប្រាប់ទស្សនាវដ្ដី Tofino Time ថា ជីវិតលើផ្ទះចម្រុះពណ៌នេះ បានប្រព្រឹត្តមកអស់រយៈពេលជាង ២០ឆ្នាំហើយ និងកំពុងបន្តទៅមុខទៀតដោយគ្មានការផ្លាស់ប្ដូរឡើយ៕
លោក Wayne Adams និងអ្នកស្រី Catherine King
ចុចអាន៖ កោះរ៉ុង ឋានសួគ៌លោកីយ៍ លើដីកម្ពុជា
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ dailymail