ម៉ាក សែនសូនីតា ប្រឹងធ្វើបុណ្យទាន់នៅក្មេង
- 2015-04-22 15:18:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាក សែនសូនីតា ប្រឹងធ្វើបុណ្យទាន់នៅក្មេង
ចន្លោះមិនឃើញ
"ធ្វើបុណ្យទាន់ខ្លួននៅក្មេងគឺជារឿងល្អ" នេះជាសំដីដែលតារាស្រីវ័យក្មេង ម៉ាក សែនសូនីតា ថ្លែងប្រាប់ដល់ Sabay ។
តូតា ថ្លែងដូច្នេះ បន្ទាប់ពីនាង និងក្រុមគ្រួសារបាននាំយកក្រមាទៅជូនដល់ចាស់ៗកាលពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិទើបនឹងកន្លងផុតថ្មីៗ ក្នុងភូមិស្រុកខាងម្តាយរបស់នាងដែលមានទីតាំងនៅឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល ហើយថា នេះមិនមែនជាលើកទីមួយនោះទេ។
"តាមពិតទៅនេះមិនមែនជាលើកទីមួយទេ វាជាលើកទី៣ហើយ ដែលនាងខ្ញុំបានយករបស់ទៅចែកដល់ពួកគាត់ គិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៥នេះ"។ តូតាបញ្ជាក់ប្រាប់។
តាមតួឯកស្រីក្នុងរឿង "វិញ្ញាណលោកម្ចាស់គ្រញូង" រូបនេះ លើកទី១ នាងបានជូនចាស់ទុំក្នុងភូមិជាថ្នាំភ្នែក លើកទី២មានថ្នាំភ្នែក និងថ្នាំប៉ារ៉ា ប្រហែលជា៤០០ដុំ បូករួមថវិកា ២០០០រៀលទៀត ប៉ុន្តែកញ្ញាថា នាងមានការសោកស្តាយណាស់ ព្រោះពេលនោះចែកអត់បានគ្រប់គ្នា ដោយមានចាស់ទុំខ្លះមកសួរ តែនាងចែកអស់ទៅហើយ។
ដោយឡែក លើកទី៣នេះ នាង និងក្រុមគ្រួសារជូនជាក្រមាបូករួមជាមួយលុយ២០០០រៀលដូចមុនដែរប្រហែលជា៣០០ដុំជាង។ ចំពោះហេតុផលនៃផ្លាស់ប្ដូរជំនូនមកជាក្រមានេះ ថ្លែងថា ដោយសារយល់ថាក្រមាមានអត្ថប្រយោជន៍ច្រើនដែរ ដោយអាចប្រើបានទាំងចាស់ទាំងក្មេង សម្រាប់ស្លៀក ឬក៏ផ្លាស់មុជទឹក និងអាចទទូរបានទៀតនៅពេលដើរហាលក្តៅ។
បន្ថែមលើសពីនេះកញ្ញាបានប្រាប់ទៀតថា ការជួយនេះមិនមែនជាលក្ខណៈធំដុំអីនោះទេប៉ុន្តែជាទម្លាប់របស់ក្រុមគ្រួសារនៅពេលដែលបានទៅវត្តក្នុងឱកាសបុណ្យទាន គឺតែងតែភ្ជាប់ជាមួយនឹងការធ្វើទានខ្លះៗទៅតាមសមត្ថភាពដែលអាចធ្វើទៅបាន ហើយថា នាង និងក្រុមគ្រួសារនៅតែបន្តសកម្មភាពនេះជាបន្តទៅទៀត។
វិលមកការងារសិល្បៈវិញ ម៉ាក សែនសូនីតាហៅ តូតា ទើបតែបញ្ចប់ការថតរឿង"អណ្តូងមរណៈ"ហើយថ្មីៗនេះកញ្ញាក៏បានថតរឿងថ្មីរបស់ផលិតកម្ម Rock ចាប់ដៃគូជាមួយនាយក្រូចជាប្រភេទរឿងខ្មោចបែបកំប្លែង។ រឿងទាំងពីរត្រៀមនឹងបញ្ចេញជូនប្រិយមិត្តទស្សនាក្នុងពេលឆាប់ៗ៕
អត្ថបទ៖ ថា ម៉ាលីដា