Ronaldo ក្មេង ដែល​ Man Utd និង​Liverpool ​​ប្រជែង​គ្នា​ទិញ​ ខ្លាំង​មែន​ឬ​អត់?

  • 2015-04-22 17:02:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ឆ្នើម​លេខ​៧ របស់​ក្រុម​ PSV Eindhoven ​និង​ក្រុម​ជម្រើស​ជាតិ​ហុល្លង់ Memphis Depay ​ដែល​ត្រូវ​បាន​អតីត​កីឡាករ​ជើង​ចាស់​ហុល្លង់​លោក Ronald de Boer ​ដាក់​រហស្ស​នាម​ឲ្យ​ថា "young Cristiano Ronaldo” នោះ ពិត​ជា​ធ្វើ​ឲ្យ​ពិភព​បាល់ទាត់​ចាប់​អារម្មណ៍​រូប​គេ​​ខ្លាំង​មែន​ទែន ខណៈ​ដែល​​ក្លិប​​ធំៗ​​ពីរ​នៅ​អង់គ្លេស Manchester United និង Liverpool កំពុង​តែ​ប្រជែង​គ្នា​ខ្លាំង​​បំផុត ដើម្បី​ទិញ​យក​កីឡាករ​វ័យ​​ក្មេង​រូប​នេះ។

 

 

 

កាល​ពី​ម្សិល​មិញ សារព័ត៌មាន The Mirror ​បាន​ចុះ​ផ្សាយ​ថា ​ម្ចាស់​ក្លិប​ Liverpool បាន​បើក​​ដៃ​ឲ្យ​លោក Brendan Rodgers ទិញ​យក Depay នៅ​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បើក​ខាង​មុខ​នេះ​ឲ្យ​បាន ខណៈ​ដែល​ក្លិប​ ​PSV ក៏​បាន​យល់​ព្រម​ឲ្យ​ក្លិប​ហង្ស​ក្រហម បើក​ការ​ចរចា​គ្នា​ផ្លូវ​ការ​ផង​ដែរ ​នូវ​តម្លៃ​ចន្លោះ​ពី​ ១៥​លាន​ផោន ទៅ​១៨​លាន​ផោន។

 

ក្នុង​ថ្ងៃ​តែ​មួយ​ម្សិល​មិញ​ដូច​គ្នា ទស្សនាវដ្ដី​​ហុល្លង់​ Voetbal International បាន​ចុះ​ផ្សាយ​ថា ក្លិប​បិសាច​ក្រហម​ Man Utd ​បាន​ទិញ​យក​​ខ្សែ​បម្រើ​ស្លាប​រូប​នេះ រួច​រាល់​ហើយ ក្នុង​តម្លៃ​២៥​លាន​ផោន ខណៈ​ប្រភព​ដដែល​បញ្ជាក់​ថា ​ដោយ​សារ​កីឡាករ​ហុល្លង់​រូប​នេះ ធ្លាប់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក Louis van Gaal។

 

​​​ខ្សែ​បម្រើ​ស្លាប​វ័យ​២១​ឆ្នាំ Depay ​លេង​ឡើង​ជើង​​ខ្លាំង​មែន​ទែន នៅ​រដូវ​កាល​នេះ​ ខណៈ​ដែល​រូប​គេ​ទើប​​តែ​ជួយ​ឲ្យ​ PSV លើក​ពាន​លីក​កំពូល​របស់​ហុល្លង់​ កាល​ពី​​ចុង​សប្ដាហ៍​​កន្លង​នេះ​ និង​រក​គ្រាប់​បញ្ចូល​ទី​បាន​​២០​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​២៧​ដង ក្នុង​លីក។ ព័ត៌មាន​ផ្លូវ​ការ​យ៉ាង​ណា​ទៀត​នោះ Sabay នឹង​ផ្សាយ​ជូន​​នៅ​ពេល​ក្រោយ​៕

 

​ចង់​ដឹង ​Memphis Depay មាន​ជំនាញ​អស្ចារ្យ​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ Van Gaal ​បន្ត​កុងត្រា​ជាមួយ​ Smalling ​រហូត​ដល់​ឆ្នាំ​២០១៩

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ Metro | Daily Mail

អត្ថបទពេញនិយម
អត្ថបទថ្មី