ព្រះកាយ ច័ន្ទ ឈ្នះរង្វាន់រថយន្តទំនើបមួយគ្រឿងមានតម្លៃជាង ៤ម៉ឺនដុល្លារអាមេរិក
- 2015-04-22 16:50:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះកាយ ច័ន្ទ ឈ្នះរង្វាន់រថយន្តទំនើបមួយគ្រឿងមានតម្លៃជាង ៤ម៉ឺនដុល្លារអាមេរិក
ចន្លោះមិនឃើញ
តាមព័ត៌មាន តារាសម្ដែង និងជាពិធីការិនី ព្រះកាយ ច័ន្ទ បានឈ្នះរង្វាន់ជារថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Ford មានតម្លៃដល់ទៅជាង ៤ម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ។
រង្វាន់ធំមួយនេះ ព្រះកាយ ច័ន្ទ បានឈ្នះចេញពីកម្មវិធីល្បែងកម្សាន្តរបស់ក្រុមហ៊ុនស្រាបៀមួយ ក្រោយនាងបានចូលលេងតាំងពីមុនចូលឆ្នាំខ្មែរនៅស្ថានីយទូរទស្សន៍ CTN ។ សាមីខ្លួនបានទទួលស្គាល់បញ្ហានេះ ដោយនាង ប្រាប់ថា ពិតជាឈ្នះមែន ប៉ុន្តែនាងមិនទាន់ទទួលបានរថយន្តនោះមកប្រើប្រាស់នៅឡើយទេ។ "ចាស...ប៉ុន្តែទាល់តែដល់ថ្ងៃទី ២៥ ខែនេះ ឯណោះទើបបានបង!"។
ពិធីការិនីទូរទស្សន៍ប៉ុស្តិ៍លេខ៩រូបនេះ មិននិយាយវែងឆ្ងាយទេលើបញ្ហានេះ។ ប៉ុន្តែលោក ពៅ ច័ន្ទតារា ត្រូវជាឪពុកនាងបានអធិប្បាយបន្ថែមដោយបានហៅករណីនេះថា ជាមហាសំណាងដែលកូនស្រីរបស់លោកបាននាំឲ្យក្រុមគ្រួសារ ខណៈរថយន្តនេះមានតម្លៃដល់ទៅ៤១៥០០ដុល្លារឯណោះ។
"និយាយទៅសំណាងណាស់កូនអ្ហើយ...ហើយថ្ងៃ ច័ន្ទ គេចូលលេងដល់អាផ្ទាំងចុងក្រោយហ្នុង បេះដូងខ្ញុំលោតប៊ឹបៗ គ្រាន់តែបើកមកឈ្នះភ្លាម គេទះដៃលាន់ពេញហ្នឹង អ្នកថតអីលោតកញ្ឆេង ឯខ្ញុំរំភើបខ្លាំងដែរ តែមិនបានលោតអីទេ ព្រោះយើងចាស់ហើយ តែរឿងរំភើបនោះ គឺរំភើបណាស់និយាយទៅ ពេលនោះដូចជាភាំងយ៉ាងម៉េចទៅវិញ(សើច)”។
រំលឹកទៅថ្ងៃដែល ព្រះកាយ ច័ន្ទ បានចូលលេងល្បែងកម្សាន្តក្នុងកម្មវិធីខាងលើនោះ លោកឪពុកដែលតែងតែដើរតាមកូនស្រីរូបនេះ ប្រាប់ថា វេលានោះស្ថិតក្នុងអំឡុងខែមីនា ប៉ុន្តែមិនចាំថាថ្ងៃអ្វីទេ គឺចាំតែចំថ្ងៃសីលប៉ុណ្ណោះ។
"មុនចូលលេងគេនិយាយនឹងខ្ញុំថា ប៉ា...ប៉ាឯងចាំជួយប្រាប់ខ្ញុំផង ថាយកអាណា តែខ្ញុំប្រាប់ថា មិនបាច់ទេ មីអូនឯងសម្រេចចិត្តខ្លួនឯងទៅ តែខ្ញុំឯណេះគិតតែបន់ក្នុងចិត្តរហូត មួយផ្លាកបន់ម្ដងៗ គឺបន់ជំនាង CTN សូមជួយបណ្ដាលចិត្តឲ្យកូនខ្ញុំយកចំអាត្រូវៗ ទីបំផុតសម្រេចមែន អីចឹងហើយថ្ងៃសីល១អាទិត្យក្រោយមក ខ្ញុំបានយកភ្លេងពិណពាទ្យទៅលេងថ្វាយ ៩បទ"។ លោក តារា បន្ថែម។
ព្រះកាយ ច័ន្ទ ជាតារាស្រីម្នាក់ដែលមានប្រវត្តិតស៊ូជិះម៉ូតូឌុបទៅថតកុន លុះក្រោយមកទើបសន្សំប្រាក់ទិញបានរថយន្តមួយគ្រឿងម៉ាក Visto។ ដូច្នេះ ហើយបើទោះជាពេលនេះទទួលសំណាងបានឈ្នះរង្វាន់ធំរថយន្តទំនើបមួយគ្រឿងមានតម្លៃជាង ៤ម៉ឺនដុល្លារ ក៏គ្រួសារនាងគ្មានបំណងលក់ដូរដែរ។ លោក ពៅ ច័ន្ទតារា ថ្លែងថា ”មិនលក់ទេ...នៅតែទុកជិះហ្នឹង ព្រោះទី១មិនសូវស៊ីសាំង ទី២ទៀតវាតូចងាយស្រួលពេលជាប់ផ្លូវស្ទះចរាចរណ៍អីយើងអាចជ្រែគេបានលឿន អីចឹងអត់លក់ទេ "។
តាមការបញ្ជាក់ជាថ្មីពីក្រុមហ៊ុនម្ចាស់កម្មវិធី ព្រះកាយ ច័ន្ទ នឹងត្រូវទទួលបានរថយន្តថ្ងៃទី ២៥ ខែមេសានេះ ខណៈពីដំបូង ក្រុមហ៊ុនគ្រោងផ្ដល់ជូនមុនចូលឆ្នាំ។ ចំពោះការផ្លាស់ប្ដូរនេះ មកពីការនាំចូលរថយន្តនោះមានការយឺតយ៉ាវ។ "តាមតែក្រុមហ៊ុន Ganzberg ហ្នឹង គេថាឲ្យយើងមុនចូលឆ្នាំ ប៉ុន្តែ ដោយសារក្រុមហ៊ុន Ford នាំចូលមកអត់ទាន់ ទើបត្រូវពន្យារពេលដូច្នេះ៕
អត្ថបទ៖ ទារិកា