យល់​ព្រម​អត់​ អេភូថង​ ឈប់​ឲ្យ​កូន​ស្រី អេ យ៉ានុត​​ឡើង​ប្រដាល់?

  • 2014-09-16 16:40:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ដែល​កំពុង​ស្នង​តំណែង​ឪពុក​កញ្ញា​ អេ​ យ៉ានុតភូថង​ ត្រូវ​បាន​ឪពុក​ម្តាយ​លែង​ឲ្យ​ប្រដាល់​ទៀត​ហើយ​ ស្រប​ពេល​ដែល​សាមី​ខ្លួន​ហាក់​នៅ​ពេញ​ចិត្ត​ខ្លាំង​ និង​មិន​ទាន់​ចង់​ដើរ​ចេញ​ពី​សង្វៀន​ឈឺ​ខ្លួន​នៅ​ឡើយ។

 

អ្នកស្រី​ សាំង​ សុម៉ាលី​ ម្តាយ​របស់​អេ យ៉ានុតភូថង​ហៅ​យ៉ានុត​បាន​ប្រាប់​ថា៖ «ឥឡូវ​ប៉ា​វា​លែង​ឲ្យ​ យ៉ានុត​ ឡើង​ប្រដាល់​ហើយ​ ពី​ព្រោះ​កូន​ស្រី​មាន​តែ​មួយ​ គួរ​តែ​ខិត​ខំ​រៀន​សូត្រ​ និង​ចាប់​អាជីព​អ្វី​ផ្សេង»។

 

អ្នក​ស្រី​បន្ត​ទៀត​ថា​ អ្នក​ស្រី​ពិត​ជា​ចង់​ឲ្យ​កូន​ស្រី​របស់​ខ្លួន​ឡើង​ប្រដាល់​ទៀត​ដោយសារ​តែ​បច្ចុប្បន្ន​មាន​កីឡា​ការិនី​ជា​ស្ត្រី​តិច​តួច​ ហើយ​ណា​មួយ​ចង់​ឲ្យ​គេ​គ្រប់​គ្នា​បាន​ដឹង​ថា​ស្ត្រី​ខ្មែរ​មាន​ភាព​ក្លាហាន​ រឹងមាំ​ ហ៊ាន​ប្រយុទ្ធ​មិន​ចាញ់​បុរស​នោះ​ទេ។

 

កីឡាការិនី អេ យ៉ានុត

 

យ៉ាងណាក្ដី​ អ្នក​ស្រី​បន្ថែម​ថា​ មិន​ហ៊ាន​ធ្វើ​ការ​ជំទាស់​នឹង​ចិត្ត​ស្វាមី​នោះ​ទេ​ ពីព្រោះ​កូន​ស្រី​មាន​តែ​មួយ​ ប៉ុន្តែ​បើ​កូន​ប្រុស​វិញ​ អ្នក​ស្រី​ជំទាស់​ដាច់​ខាត​តែ​ម្ដង។

 

ងាក​ទៅ​ស្ដាប់​យុវតី​ អេ យ៉ានុត​វិញ​បាន​បាន​ប្រាប់​ថា៖ «អត់​ចង់​ឈប់​ទេ​ ខ្ញុំ​ចង់​ឡើង​វ៉ៃ​ទៀត​ តែ​ប៉ា​អត់​ឲ្យ​ឡើង​វ៉ៃ»។

 

ទោះ​ជា​យ៉ាង​ណា លោក​ អេ​ ភូថង​ជា​ឪពុក​​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ៖ «ខ្ញុំ​មិន​មែន​ឲ្យ​កូន​ស្រី​​ឈប់​ប្រកួត​​រហូត​នោះ​ទេ​គឺ​ចង់​ឲ្យ​កូន​ឈប់​សម្រាក​មួយ​រយៈ​សិន​ ហើយ​ចាំ​ដល់​ពេល​គ្រប់​អាយុ​ ប្រហែល​១៧​ ទៅ​១៨​ឆ្នាំ​ ខ្ញុំ​នឹង​ឲ្យ​ឡើង​ប្រកួត​វិញ»។

 

អតីត​អ្នក​ប្រដាល់​ល្បី​លោក​បន្ថែម​ថា​ បច្ចុប្បន្ន​លោក​ឲ្យ​កូន​ស្រី​រៀន​អ៊ុត​សក់​ជាមួយ​បង​ប្អូន​ជី​ដូន​មួយ​ និង​បន្ត​ការ​រៀន​សូត្រ​របស់​គេ​ជា​ធម្មតា​ ប៉ុន្តែ​ឲ្យ​សម្រាក​ពី​ប្រដាល់​មួយ​រយៈ​សិន​ប៉ុណ្ណោះ។

 

អេ​ យ៉ានុត​ភូថង ​អាយុ​១៦​ឆ្នាំ​ធ្លាប់​ឡើង​ប្រកួត​បាន​២៧​ដង​ ក្នុង​នោះ​ចាញ់​៤​ ស្មើ​២​ និង​ឈ្នះ​២១​ដង​ ហើយ​ធ្លាប់​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​៣​ដង។ ការ​ឡើង​ប្រកួត​ដំបូង​នៅ​ប៉ុស្តិ៍​បាយ័ន​ យុវតី​ រូប​នេះ​មិន​ធ្លាប់​ទទួល​បាន​ការ​ហ្វឹក​ហាត់​ពី​ឪពុក​នោះ​ទេ​ ប៉ុន្តែ​នាង​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​បន្ទាប់​ពី​បាន​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៣៕

សម្រាប់​លោក​អ្នក​ចង់​ឲ្យ​ អេ យ៉ានុត​បន្ត​ការ​ប្រកួត ឬ​យ៉ាង​ណា?

 

អត្ថបទ៖ អៀង សូទ្រី