មាន​ដឹង​ថា បារ៉ាក់ អូបាម៉ា ធ្លាប់​រៀន​នៅ​ឥណ្ឌូណេស៊ីអត់?

  • 2014-10-09 17:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​និយាយ​ពី បារ៉ាក់ អូបាម៉ា អ្នកណាៗ​ក៏​ស្គាល់ ព្រោះ​លោក​ជា​ប្រធានាធិបតី​ល្បីឈ្មោះ របស់​អាមេរិក ប៉ុន្តែ​​មិត្ត​អ្នក​​អាន​ខ្លះ ប្រហែល​មិន​ធ្លាប់​ដឹង​ទេ​ថា លោក​ធ្លាប់​រៀន​នៅ​ឥណ្ឌូណេស៊ី។ តើ​លោក អូបាម៉ា រៀន​នៅឥណ្ឌូណេស៊ី​នៅ​ឆ្នាំ​ណា?

​​

 

ប្រធានាធិបតី​ទី៤៤​​របស់​​ប្រទេស​មហា​អំណាច​អាមេរិក​រូប​នេះ កើត​នៅ​​ថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ​១៩៦១ នៅ​មន្ទីរពេទ្យ Kapiʻolani Maternity & Gynecological ក្នុង​​ទីក្រុង onolulu រដ្ឋ​ហាវ៉ៃ។ ​ម្ដាយ​ឈ្មោះ Stanley Ann Dunham ជនជាតិ​អាមេរិក និង​ឪពុក​ឈ្មោះ Barack Obama, Sr.ជា​ជនជាតិ​កេនយ៉ា។

 

ឪពុក​ម្ដាយ​អូបាម៉ា បាន​លែងលះ​គ្នា​ក្នុង​ឆ្នាំ១៩៦៤​ ហើយ​លោក Barack Obama, Sr ក៏​ត្រឡប់​ទៅ​កេនយ៉ា​វិញ​នៅ​ឆ្នាំ​១៩៦៤។ ជា​អកុសល​នៅ​​ឆ្នាំ​១៩៨២ លោក Barack Obama, Sr. បាន​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍។ ​

 

ចំណែក​អ្នកស្រី Dunham ដែល​ជា​ម្ដាយ​របស់ លោក អូបាម៉ា បាន​ជួប​និស្សិត​បញ្ចប់​ផ្នែក​ភូមិសាស្ត្រ ជនជាតិ​ឥណ្ឌូណេស៊ី​ Lolo Soetoro នៅ​ឆ្នាំ​ ១៩៦៣ ហើយ​ពួកគេ​បាន​រៀបការ​ជាមួយ​គ្នា​នៅ​ឆ្នាំ ១៩៦៥។

 

ក្នុង​​ខែ​តុលា ឆ្នាំ​១៩៦៧ លោក​អូបាម៉ា និង​ម្ដាយ​ បាន​ផ្លាស់​ទី​ទៅ​ទីក្រុង ហ្សាកាតា ដើម្បី​ទៅ​ជួប​ឪពុក​ចុង​របស់លោក ​ជា​ជនជាតិ​ឥណ្ឌូណេស៊ី​ ឈ្មោះ Lolo Soetoro ។ ​ចន្លោះ​ខែ​មករា ឆ្នាំ​១៩៦៨ ដល់ ខែ​ធ្នូ ឆ្នាំ ១៩៦៩ ម្ដាយ​របស់​លោក បាន​បង្រៀន​ភាសា​អង់គ្លេស​និង​ជា​ជំនួយការ​នាយក​នៃវិទ្យាស្ថាន​មិត្តភាព​ឥណ្ឌូណេស៊ី​អាមេរិក​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​អាមេរិក។ ចំណែក ​អូបាម៉ា ចូល​រៀន​សាលា​ឥណ្ឌូណេស៊ី Santo Fransiskus Asisi ចាប់​ទី​ថ្នាក់​ទី១ដល់​ទី​៣។ ​

 

ក្នុង​ឆ្នាំ​១៩៧០ លោក​បាន​ចូល​រៀន​​ថ្នាក់​ទី៣​និង​ទី​៤ នៅ​សាលា​រដ្ឋ​ឥណ្ឌូណេស៊ី Besuki។ ក្នុង​អំឡុង​ពេល​នោះ លោក​ក៏​បាន​ចាប់​យក​យក​ភាសា​ឥណ្ឌូណេស៊ី បន្ថែម​ពី​ភាសា​អង់គ្លេស​របស់​លោក។ នៅ​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ​ដដែល លោក​បាន​វិល​ត្រឡប់​មក​រដ្ឋ​ហាវ៉ៃ​វិញ ដើម្បី​ជួប​ជីដូនជីតា​ខាង​ម្ដាយ។ សូម​មើល​រូបភាព​ពីកុមារភាព​របស់​ លោក អូបាម៉ា នៅ​ឥណ្ឌូណេស៊ី៕

 

បារ៉ាក់ អូបាម៉ា រូប​រង្វង់

ឪពុកចុង​ ម្ដាយ អូបាម៉ា និង ប្អូន​ស្រី Maya Soetoro-Ng​ (តូចជាងគេ)

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

ប្រភព៖ gentlequakes