បេតិកភណ្ឌ​​ពិភពលោក៤ ត្រូវ​បំផ្លាញ​ដោយ​សារ​រញ្ជួយ​ដី​នៅ​នេប៉ាល់

  • 2015-04-27 16:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​ទីតាំង​បេតិកភណ្ឌ​ពិភពលោក​របស់ UNESCO ចំនួន ៤ ក្នុង​ចំណោម​៧ នៅ​ជ្រលង Kathmandu ត្រូវ​បាន​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​មហា​ប្រល័យ​នៅ​ប្រទេស​នេប៉ាល់​កាល​ពី​ថ្ងៃ​សៅរ៍។ ក្នុង​ចំណោម​តំបន់​​បេតិកភណ្ឌ​ពិភពលោក​ទាំង​៤​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ មាន​៣ជា​ទីក្រុង​បូរាណ​។

 

 

នៅ​ទីក្រុង Bhatapur ដែល​ជា​​ទីក្រុង​បូរាណ​ល្អ​ជាង​គេ​របស់​នេប៉ាល់ ត្រូវ​បាន​ខូចខាត​៨០ភាគរយ។ អគារ​ផ្សេង​ទៀត​ដែល​បាន​ដួល​រលំ គឺ​អគារ​ប៉ម Dharahara tower។ ប៉ម​​ដែល​កសាង​តាំង​ពី​ឆ្នាំ​១៨៣២​នេះ ជា​ទីតាំង​ទេសចរណ៍​ដ៏​ពេញ​និយម​ ដែល​អាច​ឲ្យ​អ្នក​ទេសចរ​មើល​ឃើញ​ទិដ្ឋភាព​នៃ​រដ្ឋ​ធានី​ Kathmandu។

 

ចំណែក​ទីតាំង​បេតិកភណ្ឌ​របស់ UNESCO ៣កន្លែង​ទៀត​ គឺ​តំបន់​ ​​Durbar square ឬ​ហៅ​ម្យ៉ាង​ទៀត​ថា Noble court នៅ Kathmandu, Patan និង Bhaktapur ក៏​ត្រូវ​បាន​បំផ្លាញ​យ៉ាង​ដំណំ​​ដែរ។ ប្រាសាទ​បូរាណ​នៅ Bhaktapur បាន​ខ្ទេចខ្ទី​ផ្នែក​ដំបូល រី​ឯ​ប្រាសាទ​សតវត្ស​ទី​១៦ Vatsala Durga បាន​ខូច​ខាត​ទាំង​ស្រុង។ ចំណែក​សំណង់​អគារ​បូរាណ​នៅ Patan ដែល​រួម​មាន​ប្រាសាទ​ Swayambhunath ក៏​រង​ការ​ខូចខាត​ដែរ។

 

 

ទីតាំង​បេតិកភណ្ឌ​ពិភពលោក​ទាំង​៧​នៅ​ជ្រលង Kathmandu រួម​មាន៖ Durbar square នៅ Kathmandu, នៅ Patan និង​នៅ Bhaktapur, ប្រាសាទ​ព្រះពុទ្ធ Swayambhunath និង Boudhanath និង​ប្រាសាទ​ហិណ្ឌូ Pashupatinath និង Changu Narayan។

 

គ្រោះ​រញ្ជួយ​ដី​នៅ​នេប៉ាល់​ គិត​មក​ទល់​ពេល​នេះ​បាន​សម្លាប់​មនុស្ស​អស់​ជាង២៥០០នាក់​មក​ហើយ ខណៈ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ទៀត​បាន​រង​របួស។ ចំនួន​អ្នក​ស្លាប់ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​អាច​កើន​ឡើង​ច្រើន​ជាង​នេះ​ទៀត៕

 

ចុច​អាន៖ គ្រោះ​​រញ្ជួយ​ដី​​សម្លាប់​មនុស្ស​៧៥៨​នាក់​​នៅ​នេប៉ាល់

ចុច​អាន៖ គ្រោះ​រញ្ជួយ​ដី​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​ចាប់​ពី​ឆ្នាំ​២០០០

ប្រែ​សម្រួល៖ សុវត្ថិ

ប្រភព៖ bbc

អត្ថបទពេញនិយម