៥វិធី ដើម្បី​ជៀសវាង​ការ​ចម្លង​ផ្ដាសាយ​​នៅ​កន្លែង​ធ្វើ​ការ

  • 2015-04-27 17:08:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាសធាតុ​​​ប្រែប្រួល​​ពី​ក្ដៅ​ខ្លាំង មក​ជា​ភ្លៀង​ខ្លាំង​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​ធ្វើ​​ឲ្យ​មាន​អ្នក​កើត​ជំងឺ​ផ្ដាសាយ​ជា​ច្រើន។ ​ផ្ដាសាយ​ងាយ​នឹង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ខ្លាំង​ណាស់ ​​​ដូច្នេះ​ដើម្បី​​បង្ការ​​កុំ​​ឲ្យ​ជំងឺ​នេះ​រាតត្បាត​នៅ​ក្នុង​គ្រួសារ​​ ក៏​ដូច​ជា​នៅ​កន្លែង​ធ្វើ​ការ​ Sabay ​សូម​លើក​យក​​វីធី​បង្ការ​ ៥ ​យ៉ាង ​​ដែល​ជា​​ដំបូន្មាន​របស់​លោក​វេជ្ជបណ្ឌិត​ David Scheiner។ ​វេជ្ជបណ្ឌិត​ខាង​លើ​​ធ្លាប់​ជា​អ្នក​​មើល​ថែ​ទាំ​សុខភាព​ មេដឹកនាំ​ដ៏​ល្បី​អាមេរិក​​គឺ ​លោក​​​ បារ៉ាក់​ អូបាម៉ា​ ឲ្យ​មាន​សុភាព​ល្អផង​ដែរ។

 

១. ​ចាក់​វ៉ាក់សាំង​ផ្ដាសាយ

 

 

ចំពោះ​អ្នក​ដែល​តែង​មាន​ជំងឺ​ផ្ដាសាយ​ជាប់​រហូត ​ពិសេស​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ហើម​សួត​ គួរ​ទៅ​រក​ការ​ចាក់​វ៉ាក់សាំង​ការពារ​ផ្ដាសាយ។ ​​បើ​ទោះ​ជា ​វ៉ាក់សាំង​នេះ​មិន​មាន​ប្រសិទ្ធភាព​ ១០០% ​វា​ក៏​អាច​ការពារ​អ្នក​បាន​ ៧០% ផង​ដែរ។ ​ហើយ​ចំពោះ​អ្នក​ ដែល​កំពុង​មាន​ជំងឺ​ផ្ដាសាយ​ស្រាប់​ វា​អាច​ឲ្យ​ធ្វើ​​ឲ្យ​សភាព​របស់​អ្នក​ធូរ​ស្បើយ​ជាង​មុន។

 

២. ​ជៀសវាង​ហ្វូង​មនុស្ស​ច្រើន​

 

 

​ការ​នៅ​កន្លែង​ដែល​មាន​មនុស្ស​កុះករ​ អាច​ឲ្យ​អ្នក​ប្រឈម​នឹង​ការ​ឆ្លង​ផ្ដាសាយ​ខ្ពស់។ ​ដូច្នេះ ​អ្នក​គួរ​​នៅ​ឲ្យ​ឆ្ងាយ​ពី​​​តំបន់​ដែល​មាន​​មនុស្ស​ច្រើន ​ហើយ​បើ​មិន​អាច​ជៀស​បាន​ត្រូវ​​ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ។

 

៣. ​ត្រូវ​លាង​ដៃ​ឲ្យ​បាន​ញឹកញាប់

 

 

​ ​​តាម​ការ​សិក្សា​មួយ​បង្ហាញ​ថា ​ការិយាល័យ​ជា​​កន្លែង​មួយ​ដែល​កខ្វក់ ខណៈ​ដែល​បុគ្គលិក​មាន​ប្រហែល ១៥ % ​ប៉ុណ្ណោះ​ដែល​​សម្អាត​​ការិយាល័យ​របស់​ខ្លួន​ក្នុង​មួយ​សប្ដាហ៍​។ ដូច្នេះ​ការ​លាង​ដៃ​ជា​ប្រចាំ​​ជា​វិធី​ដ៏​ប្រសើរ​បំផុត​ដើម្បី​បង្ការ​ មេរោគ​ឆ្លង​ទាំង​ឡាយ ​ជា​ពិសេស​ក្រោយ​ប្រាស្រ័យ​ទាក់ទង​​ជាមួយ​អ្នក​មាន​ជំងឺ​ផ្ដាសាយ។ ​​ការ​លាង​ដៃ​គួរ​ត្រូវ​ធ្វើ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ ២០ វិនាទី។ ​ការ​ប្រើ​ទឹក​លាង​ដៃ (hand Sanitizer) ​ឬ​ដាក់​ជាប់​ខ្លួន​​ក៏​ជា​រឿង​​ដ៏​ល្អ​ដែរ។

 

៤. កាត់​បន្ថយ​ការ​ប៉ះពាល់​​គ្នា​ដោយ​ផ្ទាល់

 

 

ប្រសិន​បើ​មនុស្ស​នៅ​ជិត​ខ្លួន​អ្នក​កើត​ជំងឺ​ផ្ដាសាយ ដូច​ជា​​មិត្ត​រួម​ការងារជា​ដើម​នោះ​ អ្នក​គួរ​កាត់​បន្ថយ​ការ​ប៉ះពាល់​គ្នា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ដំបូន្មាន​របស់​លោក Scheiner នេះ មិនមែន​ចង់​ឲ្យ​មនុស្ស​រើសអើង​គ្នា​នោះ ទេ ប៉ុន្តែ​ជា​វិធី​ល្អ​មួយ​ដែល​អាច​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​នេះ​បាន។ ប្រសិន​បើ​ត្រូវ​ប៉ះ​ដៃ​ជា​ចាំ​បាច់​ ដូច​ជា​ការ​ចាប់​ដៃ ឬ​ក៏​ទះដៃអបអរ​ជាមួយ​មិត្ត​រួម​ការងារ អ្នក​ត្រូវ​​អនុវត្ត​តាម​វិធី​ទី​៣​ខាង​លើ​ គឺ​ទៅ​លាង​ដៃ​ជា​បន្ទាន់។

 

៥.​ ​ទៅ​ជួប​គ្រូពេទ្យ

 

ប្រសិន​បើ​អ្នក​គិត​ថា ​ខ្លួន​កើត​ផ្ដាសាយ​តែ​មិន​ប្រាកដ​ ​ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ​ដោយសារ​​ ប្រជាជន​យើង​មិន​សូវ​ចូលចិត្ត​ទៅ​ជួប​វេជ្ជបណ្ឌិត​ព្រោះ​​យល់​ថា ​នេះ​ជាំ​​ជំងឺ​តូចតាច​ ​ការ​រក្សា​លេខ​ទំនាក់ទំនង​របស់​គ្រូពេទ្យ​ជា​រឿង​ដ៏​ល្អ​មួយ។ ​​ទូរស័ព្ទ​ទៅ​សួរ​គ្រូពេទ្យ ​និង​រៀបរាប់​ពី​អាការៈ​​របស់​អ្នក​ឲ្យ​គ្រូពេទ្យ​វាយ​តម្លៃ ​និង​ឲ្យ​ដំបូន្មាន​​នៅ​ពេល​អ្នក​មាន​អាការៈ​ដូច​ចង់​ផ្ដាសាយ។ ​​​​​​​​ ​ បើ​សិន​អ្នក​កំពុង​មាន​ជំងឺ ​លោក​វេជ្ជបណ្ឌិត Scheiner ​ឲ្យ​ដំបូន្មាន​​ថា ​ត្រូវ​ផឹកទឹក​ឲ្យ​បាន​ច្រើន ​សម្រាក​ឲ្យ​បាន​ច្រើន ​​និង​មិន​ត្រូវ​​នៅ​កន្លែង​ដែល​មាន​អាកាសធាតុ​ត្រជាក់​នោះ​ទេ៕

 

ចុច​អាន៖ អាហារ​៥​ប្រភេទ​ អាច​​កម្ចាត់​​ក្លិន​ខ្លួន​​​មិន​ល្អ​

 

ប្រភព៖ Entrepreneur