រកឃើញអ្នកលើកពានផ្នែកវោហារសព្ទ និងអ្នកតស៊ូមតិឆ្នាំនេះហើយ!
- 2015-04-27 17:55:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញអ្នកលើកពានផ្នែកវោហារសព្ទ និងអ្នកតស៊ូមតិឆ្នាំនេះហើយ!
ចន្លោះមិនឃើញ
វេទិកាប្រកួតប្រជែងពានរង្វាន់វោហារសព្ទជាសាធារណៈ និង អ្នកតស៊ូមតិដ៏ឆ្នើម ដែលរៀបចំដោយសភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជា ទីបំផុតបានរកឃើញអ្នកឈ្នះពាន កាលពីម្សិលមិញនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយពានរង្វាន់វោហារសព្ទជាសាធារណៈបានទៅលើនិស្សិតមកពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឯ អ្នកតស៊ូមតិដ៏ឆ្នើមបានទៅលើក្រុមនិស្សិតមកពីវិទ្យាស្ថានអន្តរទ្វីបអាមេរិកកាំង ។
និស្សិតសិក្សាជំនាញច្បាប់ ឆ្នាំទី៤ បន្តថា ជ័យលាភីនេះជាមហាកិត្តិយសសម្រាប់ក្រុមគ្រួសារ សាលារៀន ក៏ដូចជាសម្រាប់កញ្ញាផ្ទាល់ ហើយតារា រត្ន័បញ្ជាក់ថាព្យាយាមខ្លាំងណាស់ដើម្បីទទួលបានពានរង្វាន់នេះ។
តារា រត្ន័ ជ័យលាភីវោហារសព្ទជាសាធារណៈ
ចំពោះការប្រកួតផ្នែកវោហាសព្ទជាសាធារណៈមាន៦ បេក្ខជនចូលរួមមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច វិទ្យាស្ថានអន្តរទ្វីបអាមេរិកកាំង សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យអាស៊ីអឺរ៉ុប សាកលវិទ្យាល័យបៀលប្រាយ និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។
ដោយឡែកសម្រាប់ការប្រជែងយ៉ាងស្វិតស្វាញស្ទើរពេញមួយថ្ងៃ ចំពោះការប្រកួតអ្នកតស៊ូមតិដ៏ឆ្នើម ដែលរៀបចំដោយJCI ដដែរនេះ ក្នុងជុំផ្ដាច់ព្រ័ត នៅសល់ពីរក្រុម ដែលមកពីសាកលវិទ្យាល័យហ្សាម៉ាន់ជាក្រុមស្រប ឯវិទ្យាស្ថានអន្តរទ្វីបអាមេរិកកាំង ជាក្រុមបដិសេធ។
ប៉ែន សុខអាន អាយុ១៩ឆ្នាំ សមាជិកម្នាក់នៃក្រុមឈ្នះពានរង្វាន់អ្នកតស៊ូមតិដ៏ឆ្នើម ប្រាប់ថា ជ័យជម្នះលើកនេះ គឺក្រុមរបស់ខ្លួនប្រឹងប្រែងខ្លាំងណាស់ ទាំងសិក្សាស្រាវជ្រាវ និងរៀបចំពីរបៀបនិយាយ ស្ទើរតែរកពេលសម្រាកគ្មាន។
ជើងឯកអាស៊ីប៉ាស៊ីហ្វិកសម្រាប់រដូវកាលមុនរូបនេះបន្តថា សមាជិកក្នុងក្រុមទាំងអស់សប្បាយរីករាយណាស់នៅពេលបានឈ្នះពាននេះ។
ក្រុមនិស្សិតមកពីវិទ្យាស្ថានអន្តរទ្វីប ឈ្នះពានរង្វាន់អ្នកតស៊ូមតិដ៏ឆ្នើម
ចំណែកឯ លឹម ហូឡាសូរិយា អាយុ១៩ឆ្នាំ សមាជិកម្នាក់នៃក្រុមអ្នកតស៊ូមតិដ៏ឆ្នើម មកពីសាកលវិទ្យាល័យហ្សាម៉ាន់ និយាយថា បើទោះជាការប្រកួតនេះក្រុមរបស់កញ្ញា មិនទទួលបានពានរង្វាន់ក្ដី សូរិយានៅតែសប្បាយរីករាយ ដោយសារទទួលបានបទពិសោធន៍យ៉ាងច្រើន។
និស្សិតធនាគារ និងហិរញ្ញវត្ថុ ឆ្នាំទី២ បញ្ជាក់ថា ភាពបរាជ័យនេះអាចមកពីនៅពេលធ្វើបទបង្ហាញ ក្រុមរបស់កញ្ញាមិនសូវបានលើកយកទិន្នន័យមកបញ្ជាក់ឲ្យបានច្រើន ដោយសារការសិក្សាស្រាវជ្រាវនៅមានភាពខ្វះខាត។
ក្រុមនិស្សិតមកពីសាកលវិទ្យាល័យហ្សាម៉ាន់
ចំណែក លោក ឃឹម សុខហេង គណៈកម្មាធិការផ្ដល់ពិន្ទុមួយរូបនៅក្នុងការប្រកួតនេះ បានបង្ហើបថាការផ្ដល់ពិន្ទុគឺសម្រេចទៅលើ៥ចំណុចសំខាន់ៗធំ៥ ដូចជាការផ្ដល់និយមន័យ ការរៀបចំរបៀបនិយាយ ជំនាញនៃការបញ្ចេញមតិ ការធ្វើការជាក្រុម និងចុងក្រោយគឺការគោរពពេលវេលានិយាយបានល្អ។
អ្វីដែលជាចំណុចពិសេសរបស់ក្រុមដែលឈ្នះលើកនេះ គឺទៅលើទេពកោសល្យ រួមទាំងអត្ថន័យដែលក្រុមគាត់បានបង្ហាញ ស្របនឹងប្រធានបទ ព្រមទាំងការលើកអំណះអំណាងសមហេតុផល ដែលទាំងនេះបានទាញចិត្តគណៈកម្មាធិការសម្រេចផ្ដល់ពិន្ទុជូនពួកគាត់។ ប៉ុន្តែអ្វីដែលមើលឃើញមួយទៀត គឺថាក្រុមលេខមួយ និងលេខពីរគឺមានពិន្ទុកៀកកិតគ្នាមែនទែន ទោះជាគាត់បានលេខមួយ ឬលេខពីរ តែពិន្ទុរបស់ក្រុមគាត់អត់ខុសគ្នាឆ្ងាយទេ។
លោកបានបន្ថែមថា ការប្រកួតនេះពិតជាមានសារសំខាន់ណាស់ ក្នុងការប្រើប្រាស់ជំនាញវោហាសព្ទ និងការបញ្ចេញមតិ ដែលជាឱកាសធ្វើឲ្យនិស្សិតបញ្ចេញនូវទេពកោសល្យដែលគាត់មាន។ មិនតែប៉ុណ្ណោះអ្នកឈ្នះអាចប្រកួតនៅឆាកអន្តរជាតិ ដែលអាចឲ្យជាតិសាសន៍ដទៃបានស្គាល់ពីកម្ពុជាផងដែរ។
សម្រាប់ប្រធានបទចម្បងក្នុងឆ្នាំនេះ ផ្ដោតសំខាន់លើគោលដៅអភិវឌ្ឍសហវត្សរបស់អង្គការសហប្រជាជាតិ ( UN-MDGS) ដែលរាប់ចាប់ពីមូលបទកាត់បន្ថយភាពក្រីក្រធ្ងន់ធ្ងរ និង បញ្ឈប់ការរីកសាយនៃមេរោគអេដស៍ ព្រមទាំងការផ្ដល់នូវការអប់រំបឋមសិក្សាជាសាកល។
ចំពោះក្រុមដែលមានសមត្ថភាពទទួលបានជ័យជំនះពីតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវទៅប្រកួតនៅ កូតាគីណាបាលូ ប្រទេសម៉ាឡេស៊ី ថ្ងៃ ១១-១៤ មិថុនា ២០១៥ ហើយក្រុមទទួលបានជ័យជំនះនឹងបន្តទៅប្រកួតនៅក្នុងការប្រកួតជ្រើសរើសជើងឯកពិភពលោកដែលនឹងប្រារព្ធធ្វើនៅខែវិច្ឆិកា ក្នុងប្រទេសជប៉ុន។
ឆ្នាំមុន ជ័យលាភីទាំងផ្នែក “វោហារសព្ទជាសាធារណៈ” និង “អ្នកតស៊ូមតិ” បានទៅលើសិស្សសាលាមកពីអន្តរទ្វីបអាមេរិកាំង៕
សូមអាន នរណាជាម្ចាស់ពានរង្វាន់វោហាស័ព្ទជាសាធារណៈ និង អ្នកតស៊ូមតិដ៏ឆ្នើមប្រចាំឆ្នាំ ២០១៥? អត្ថបទ៖ លឹម សុនា