ហៃ ដារ៉ូ ភ្ជាប់​ពាក្យ​ជាមួយ​គូ​ដណ្ដឹង​ដែល​មាន​ប្រវត្តិ​កម្សត់​កម្រ

  • 2015-04-27 19:05:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហៃ ដារ៉ូ ជា​អ្នក​បញ្ចូល​សម្លេង​ម្នាក់​ដែល​មាន​ការ​គាំទ្រ​ខ្លាំង​បន្ទាប់​ពី​បាន​ជាប់ Top5 នៅ​ក្នុង​កម្មវិធី​ពេញ​ចិត្ត​អត់​ប៉ុស្តិ៍ MyTv នោះ បាន​ភ្ជាប់​ពាក្យ​រួច​ហើយ​ថ្មី​ៗ​នេះ។ អនាគត​ភរិយា​របស់​លោក គឺ​ជា Fan របស់​លោក​តែ​ម្ដង និង​ជា​នារី​ដែល​មាន​ប្រវត្តិ​កម្សត់​កម្រ។

 

"គាត់​ជា Fan ម្នាក់​ដែល​គាំ​ទ្រ​ការ​បញ្ចូល​សម្លេង​របស់​ខ្ញុំ​គាត់​តែងតែ Chat មក​លេង​ខ្ញុំ​ពេល​ដែល​គាត់​ទំនេរ​ពី​ការងារ​នៅ​ប្រទេស​ថៃ​ហើយ​តែងតែ​លើក​ទឹកចិត្ត​ខ្ញុំ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​បាត់​សម្លេង​នេះ​បាន​"។

 

 

 ហៃ ដារ៉ូ និង​គូដណ្ដឹង ផូ លក្ខិណា(រូប​ថត៖ FB ដារ៉ូ)

 

គូ​ដណ្ដឹង​របស់ ដារ៉ូ ឈ្មោះ ផូ លក្ខិណា ពួក​គេ​ទាំង​ពីរ​បាន​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​មុន​នេះ។ អ្នក​បញ្ចូល​សំឡេង​ទិនហ្វី​រូប​នេះ ឲ្យ​ដឹង​បន្ត​ថា កំណើត​ស្នេហ៍​របស់​ពួក​គេ កើត​ឡើង​ពី​ការ​គាំទ្រ ហើយ​ថា គូ​ដណ្ដឹង​របស់​លោក តែង​ជា​អ្នក​លើក​ទឹកចិត្ត​ពេល​ដែល លោក​ជួប​រឿង​បាក់​ទឹកចិត្ត ព្រោះ​នាង​ក៏​ជា​មនុស្ស​ធ្លាប់​ជួប​ការ​លំបាក​ច្រើន​ដែរ។

 

"គ្រា​មួយ​ដែល​ខ្ញុំ​មិន​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១​នៅ​ក្នុង​កម្មវិធី​ពេញ​ចិត្ត​អត់​វគ្គ២ ហ្នឹង ខ្ញុំ​មាន​ការ​ពិបាក​ចិត្ត​លែង​ចង់​ចាប់​អាជីព​បញ្ចូល​សម្លេង​ហ្នឹង​ទៀត​ហើយ ប៉ុន្តែ​ដោយសារ​តែ​រូប​គាត់​ទើប​ធ្វើ​ឲ្យ​ខ្ញុំ​តស៊ូ​ដល់​ពេល​នេះ"។ ដារ៉ូ ថ្លែង។

 

ពាក់​ព័ន្ធ​នឹង​គូ​ដណ្ដឹង​របស់​លោក កញ្ញា ផូ លក្ខិណា ដារ៉ូ ប្រាប់​ថា នាង​គឺ​ជា​កូន​កំព្រា​ម្នាក់ ដែល​ត្រូវ​បាន​ឪពុក​ម្តាយ​បោះ​បង់​ចោល​នៅ​ខេត្ត​បន្ទាយ​មានជ័យ​តាំង​ពី​រូប​នាង​មាន​អាយុ​២០​ថ្ងៃ​មក​ម្ល៉េះ។ នាង​ត្រូវ​បាន​អ្នក​ស្រុក​នៅ​ទីនោះ​ជួយ​ចិញ្ចឹម​តៗ​គ្នា​រហូត​ធ្លាក់​ដល់​ម្តាយ​ចិញ្ចឹម​ចុង​ក្រោយ​សព្វ​ថ្ងៃ​នេះ​។

 

 

"ខ្ញុំ​បាន​បាក់​ចិត្ត​ស្រលាញ់​រូប​គាត់​ព្រោះ​តែ​គាត់​ចេះ​ធ្វើ​ឲ្យ​ខ្ញុំ​ចេះ​តស៊ូ​ លើក​ទឹក​ចិត្ត​ខ្ញុំ​ណាមួយ​គាត់​នារី​ដែល​គួរ​ឲ្យ​អាណិត​បន្ទាប់​ពី​ខ្ញុំ​បាន​ស្តាប់​ការ​តស៊ូ​របស់​គាត់ ដែល​ធ្លាប់​បាន​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ជា​កម្មករ​សំណង់ ខ្ញុំ​រឹត​តែ​អាណិត និង​ស្រឡាញ់​គាត់​ខ្លាំង​ឡើង ហើយ​គាត់​ក៏​បាន​ប្រាប់​ថា​ពេញ​ចិត្ត​ខ្ញុំ​ដូច​គ្នា​ដែរ"។ ដារ៉ូ ​បញ្ជាក់​។

 

តាម​គម្រោង ក្រោយ​ភ្ជាប់​ពាក្យ​រួច ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ពួក​គេ​ទាំងពីរ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១១​ខែឧសភា​ខាងមុខ​នេះ​នៅ​គេហដ្ឋាន​ខាង​ស្រី​នា​ខេត្ត​បន្ទាយមានជ័យ ដោយ​ពិធី​ធ្វើ​ឡើង​មិន​ធំ​ដុំ​ប៉ុន្មាន​ឡើយ គឺ​ធ្វើ​ធម្មតា​ៗ​តាម​របៀប​អ្នក​ស្រុក​បន្ទាយមានជ័យ។នេះ​បើ​តាម​ដារ៉ូ​បញ្ជាក់​។

 

 

បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត​នៅ​ពេល​ដែល​រៀបការ​រួច​ ដារ៉ូ បាន​ប្រាប់​ថា​ នឹង​នាំ​ភរិយា​ទៅ​រស់​នៅ​ស្រុក​កំណើត​ខ្លួន​មួយ​រយៈ​សិន ព្រោះ​ឥឡូវ​រូប​លោក​មាន​ការ​រវល់​ជាមួយ​នឹង​ការងារ​​សិល្បៈ​ហើយ​ចង់​ខិតខំ​នៅ​ក្នុង​វិស័យ​សិល្បៈ​ឲ្យ​បាន​ខ្លាំង​ជាង​មុន​ផង​ដែរ​។​

 

ហៃ ដារ៉ូ មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​ព្រៃវែង ហើយ​សព្វថ្ងៃ​លោក គឺ​ជា​អ្នក​បញ្ចូល​សម្លេង និង​ជា​អ្នក​ចម្រៀង​គ្មាន​កុងត្រា​នៅ​ក្នុង​ផលិតកម្ម​កាលីប។ យ៉ាង​ណា​មិញ​លោក បង្ហើប​ថា ក៏​ត្រៀម​សម្ដែង​រឿង​ខ្លះៗ និង​ថត​ឲ្យ​ផលិតកម្ម​LD Picture​ផង​ដែរ៕

 

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី