Rodgers៖ Liverpool ​ជា​ក្រុម​ប្រជែង​យក​ជើង​ឯក​រដូវ​កាល​ក្រោយ

  • 2015-04-28 15:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១២ខែ​មុន អ្នកចាត់ការ​ Brendan Rodgers ​ស្ទើរ​​តែ​ជួយ​ឲ្យ​ក្រុម​ Liverpool លើក​ពាន​លីក​កំពូល​របស់​អង់គ្លេស​លើក​ទី​១៩​បាន​ទៅ​ហើយ ប៉ុន្តែ​ចុង​ក្រោយ​បែរ​ជា​ភ្លាត់​ជិត​ចប់​រដូវ​កាល​វិញ។ ​ក្រោយ​ធ្លាក់​ទម្រង់​លេង​​ខ្លាំង​នៅ​រដូវ​កាល​នេះ ​អ្នកចាត់ការ​វ័យ​៤២​ឆ្នាំ​ នៅ​តែ​ជឿ​ថា​ហង្ស​ក្រហម​របស់​លោក នឹង​នៅ​តែ​ជា​ក្រុម​ប្រជែង​តំណែង​ជើង​ឯក នៅ​រដូវ​កាល​ក្រោយ។

 

 

Liverpool លើក​ពាន​លីក​កំពូល​អង់គ្លេស​លើក​ចុង​ក្រោយ ឆ្នាំ១៩៩០

 

​រយៈពេល​២៥​ឆ្នាំ​ហើយ ដែល​ Liverpool បាន​យក​ឈ្នះ​លើ​ Queens Park Rangers ​នឹង​លើក​ពាន​លីក​កំពូល​លើក​ទី​១៨​របស់​ខ្លួន និង​លើក​ចុង​ក្រោយ ខណៈ​ដែល​​ពួកគេ​កំពុង​តែ​ស្វែង​រក​ពាន​លើក​ទី​១៩​របស់​ខ្លួន​បន្ត។

 

ទោះ​បី​ជា​រដូវ​កាល​នេះ ក្តី​សង្ឃឹម​ Top 4 ស្ទើរ​តែ​បាត់បង់​ទាំង​ស្រុង​ហើយ​ក្តី ប៉ុន្តែ​នៅ​ពេល​អ្នកសារព័ត៌មាន​សួរ​ថា តើ​ Liverpool អាច​ឈ្នះ​ពាន​រដូវ​កាល​ក្រោយ​ដែរ​ ឬ​ទេ? លោក​ Rodgers បាន​ឆ្លើយ​តប​ថា "ពិត​ណាស់"។

 

​​អ្នកចាត់ការ​សញ្ជាតិ​អៀរឡង់​ខាង​ជើង​រូប​នេះ បាន​បន្ថែម​ថា៖ "នៅ​ពេល​ដែល​ខ្ញុំ​មក​កាន់​ទី​នេះ គឺ​ជា​ផ្លូវ​មួយ​ដ៏​វែង​ឆ្ងាយ។ វាជា​ការ​ខក​ចិត្ត​​ខ្លាំង​មួយ ដែល​ពួកយើង​មិន​អាច​ប្រជែង​យក​តំណែង​ជើង​ឯក​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​យើង​នៅ​តែ​មាន​សង្ឃឹម​ជា​និច្ច ហើយ​យើង​នឹង​ត្រៀម​ប្រជែង​ម្តង​ទៀត។ ខ្ញុំ​ជឿ​ថា​វា​នឹង​អាច​ទៅ​រួច"។

 

 

បច្ចុប្បន្ន​ Liverpool កំពុង​ឈរ​នៅ​តំណែង​លេខ​៥ ហើយ​បញ្ហា​ចំបង​របស់​ពួកគេ​នៅ​រដូវ​កាល​នេះ​គឺ មិន​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​គេ​បាន​គ្រប់​គ្រាន់ បន្ទាប់​ពី​លក់​ Luis Suarez ទៅ Barcelona ​កាល​ពី​ដើម​រដូវ​កាល ហើយ​ Daniel Sturridge ​របួស​ស្ទើរ​តែ​ពេញ​១​រដូវ​កាល​នេះ​ថែម​ទៀត៕

 

​​ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា ចំពោះ​ការ​លើក​ឡើង​របស់​លោក​ Rodgers ខាង​លើ​នេះ?

 

-ចុចអាន៖ Rodgers៖ ​“គ្មាន​អ្នកណា​មក​ដឹក​នាំ​ Liverpool ​​ល្អ​ជាង​ខ្ញុំ​ទៀត​ទេ”

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ Mirror

អត្ថបទថ្មី