ខ្មែរមួយរូបរៀបរាប់ហេតុការណ៍គ្រោះរញ្ជួយដីដ៏រន្ធត់នៅប្រទេសនេប៉ាល់
- 2015-04-28 22:19:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្មែរមួយរូបរៀបរាប់ហេតុការណ៍គ្រោះរញ្ជួយដីដ៏រន្ធត់នៅប្រទេសនេប៉ាល់
ចន្លោះមិនឃើញ
បាតុភូតគ្រោះរញ្ជួយដីកម្រិត ៧,៨ រិកទ័រ ដ៏រន្ធត់ដែលបានសម្លាប់មនុស្សជាង ៤ ពាន់នៅប្រទេសនេប៉ាល់ កាលពីចុងសប្ដាហ៍មុនក៏មានពលរដ្ឋខ្មែរមួយរូបស្ថិតនៅក្នុងហេតុការណ៍នោះដែរ។
លោក ឃួន សុភក្តិ (ឃួន ឌីណា) គឺជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្ស ដែលបានទៅបម្រើការងារនៅប្រទេសនេប៉ាល់ជាង៩ ខែកន្លងមកហើយ។ មុនចេញទៅបម្រើការងារនៅប្រទេសនេប៉ាល់ លោកគឺជាអតីតបុគ្គលិកបម្រើការងារនៅមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។ បច្ចុប្បន្ន លោកកំពុងរស់នៅក្នុងទីក្រុងកាត់តាម៉ាន់ឌូ នៃប្រទេសនេប៉ាល់។
"ចាប់តាំងពីយប់ម៉ោង ៨ ថ្ងៃទី២៦ មកដល់ព្រឹកម៉ោង៦៖១៥នាទីម្សិលមិញ ការរញ្ជួយដីកើតឡើងតែ ២ដងទេ ក្នុងកម្រិតគួរឱ្យបារម្ភ។ ប្រជាជននៅតែមិនហ៊ានចូលទៅកាន់ ផ្ទះសម្បែងនៅឡើយ។ យប់មិញភ្លៀងផង ធ្វើឱ្យប្រជាជនជាច្រើនអង្គុយសំកុករហូតទល់ភ្លឺ”។ ទាំងនេះគឺជាការរៀបរាប់របស់លោក ឌីណា តាមរយៈសារអេឡិចត្រូនិចប្រាប់ Sabay។ លោក ឌីណា មិនមានរងរបួសនោះទេ ក្នុងហេតុការណ៍ខាងលើ។
លោកបានបន្ថែមថា ចាប់តាំងពីមានការរញ្ជួយដីមកលោកត្រូវរស់នៅក្រោមដំបូលតង់សង់ឡើងជាប់ៗគ្នា និងកំពុងប្រឈមបញ្ហាកង្វះបង្គន់អនាម័យ ទីជម្រកសមរម្យ បញ្ហាអគ្គិសនី និងអាហារហូបចុក។ ដូច្នេះ បើស្ថានភាពអាក្រក់នៅតែបន្តបែបនេះ លោកនឹងទុកពេលមួយថ្ងៃទៀតដើម្បីពិចារណាវិលមកមាតុប្រទេសវិញ។ "នៅម៉ោង ៩៖៣៨នាទី យប់មិញនេះ ការរញ្ជួយដី នៅនេប៉ាល់ បានកើតឡើងម្ដងទៀត កម្រិតប្រហែល ៤,៧ រិកទ័រ(វាយតម្លៃ ដោយ ខ្លួនខ្ញុំទេ) ដែលធ្វើឱ្យប្រជាជននេប៉ាល់ និងខ្ញុំ ភ័យរត់គួរសម រត់ទៅក្រាបតាមទីនានាទាំងយប់ងងឹត”៕
(លោក ឃួន ឌីណា រូបបុរសអោបកូនក្មេង)
(ទិដ្ឋភាពប្រជាជន នេប៉ាល់ជម្លៀសរកកន្លែងសុវត្ថិភាព)
អានអត្ថបទ៖ អាជ្ញាធរអប្សរានិយាយរឿង មកុដមាសបុរាណ ល្បីថាតម្លៃរាប់លានដុល្លារត្រូវគេលក់ អត្ថបទ៖មៃ សុខលីម
រូបភាព៖ទូរសព្ទលោក ឌីណា