ចង់​បាន​រាង​ស្រឡូន​ដូច ​ទឹម រដ្ឋា​ មិន​ពិបាក​ទេ!

  • 2015-04-30 15:55:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“អូ...មិន​ពិបាក​ទេ​អូន វិធី​ថែរក្សា​រាង​ឲ្យ​នៅតែ​ស្រឡូន​របស់​បង​ គឺ​ផ្ដោត​សំខាន់​លើ​ការ​ហាត់​ប្រាណជា​ខ្លាំង"។ កញ្ញា​រាង​ខ្ពស់​ស្រឡះ​ទឹម រដ្ឋា ប្រាប់ Sabay ។    

 

តារា​សម្ដែង និង ​ម៉ូដែល​លេចធ្លោ​ប្រចាំ​ប្រទេស​កម្ពុជា​រូប​នេះ ​បាន​និយាយ​ប្រាប់ បន្ទាប់ពី​មាន​មនុស្ស​ជាច្រើន​ទាំង​ក្នុង និង ​ក្រៅ​សិល្បៈ​ជា​ពិសេស​នារី​ៗ ដូចគ្នា​តែង​កោត​សរសើរ​នាង​ថា​នៅ​មាន​រូបរាង​ស្រឡូន ហើយ​ស្រស់​ស្អាត​ថែម​ទៀត​ផង។

 

“បើ​ទោះបី​ជា​ខ្ញុំ​រវល់​យ៉ាង​ណា ក៏​យ៉ាងហោចណាស់​ត្រូវ​ហាត់ប្រាណ​ឲ្យ​បាន​ ៣ ​ដង ​ក្នុង​មួយ​សប្ដាហ៍​ដែរ។ ការ​ហាត់ប្រាណ​នេះ​គឺ​មិនមែន​ដើម្បី​សម្រក​ទម្ងន់​ទៀត​ទេ តែ​ដើម្បី​កុំឲ្យ​សាច់​យារ និង​ធ្វើឲ្យ​សាច់​តឹងណែន​រលោង​ស្អាត។ ម្យ៉ាង​វិញ​ទៀត​នៅ​ពេលយប់​ខ្ញុំ​មិន​ញ៉ាំ​អាហារ​ឲ្យ​តឹង​ពោះ​ទេ។

 

ស្រី​ស្រស់​សាច់​ស​ខ្ចី​បាន​បន្ថែម​ទៀត​ថា "កញ្ញា​តែង​ទៅ​ក្លិប​ហាត់ប្រាណ​ជានិច្ច ព្រោះ​នៅ​ទី​នោះ​មាន​អ្នក​ជំនាញ​សម្រាប់​បង្ហាត់​បង្ហាញ ហើយ​ការ​ហាត់​នេះ​ទៀត​សោត​មាន​តាម​ផ្នែក​របស់​វា​ដូចជា ហាត់​ធ្វើឲ្យ​ភ្លៅ​ស្រឡូន, ឲ្យ​ត្រគាក​ង, ក្បាលពោះ​រាបស្មើ, ដើមទ្រូង​តឹងណែន ហាត់​បំបាត់​សាច់​យារ​ត្រង់​ដើមដៃ និង​កំភួនជើង​តូច ជាដើម។ ប៉ុន្តែ​សម្រាប់​កញ្ញា​ផ្ដោត​សំខាន់​តែ​ភ្លៅ ត្រគាក និង​ក្បាលពោះ​ប៉ុណ្ណោះ"។    

 

"ប៉ុណ្ណេះ​មិន​ទាន់​គ្រប់គ្រាន់​ទេ របប​អាហារ​ក៏​ជា​កត្តា​សំខាន់​ណាស់​ដែរ​ដោយ​ខ្ញុំ​ញ៉ាំ​អាហារ​ពេញ​បី​ពេល​តែ តម​ជាតិ​ខ្លាញ់ និង​ទទួលទាន​បន្លែ​ឲ្យ​បាន​ច្រើន ហើយ​អ្វី​ដែល​ពិសេស​គឺ​រាង​របស់​បង​មាន​អំណោយ​ទាន​ពី​ធម្មជាតិ​ស្រាប់(សើច)"។    

 

ទឹម រដ្ឋា ​កើត​នៅ​ថ្ងៃ​ទី ៧ មករា ឆ្នាំ​១៩៨៦ នៅ​​ខេត្ត​បាត់​ដំបង មានកម្ពស់ ១៧០សង់ទីម៉ែត្រ និង​ទទួល​ការ​ណែ​នាំ ឲ្យ​ចូល​ប្រលង​ក្នុង​ការ​ប្រកួត​បវរ​កញ្ញា​ឯក​ព្រីដស្តុន ​កាលពី​ឆ្នាំ​២០០៤ ហើយ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​២៕

 

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទថ្មី