៧ចំណុចបង្ហាញថា មិត្តរបស់អ្នកកំពុងលួចស្រលាញ់អ្នក
- 2015-05-02 22:17:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ចំណុចបង្ហាញថា មិត្តរបស់អ្នកកំពុងលួចស្រលាញ់អ្នក
ចន្លោះមិនឃើញ
ជាការពិតណាស់មិត្តភ័ក្ដិ គឺជាមនុស្សម្នាក់ដែលតែងជួយនិងស្ដាប់គ្រប់រឿងរ៉ាវរបស់អ្នក។ ប៉ុន្តែវាអាចមានរឿងលើសពីនេះ ដែលអ្នកអាចសង្កេតបាន និងមើលដឹងថា មិត្តរបស់អ្នកនោះមិនបានចាត់ទុកអ្នកត្រឹមតែជាមិត្តល្អដូចដែលអ្នកគិតនោះទេ។
១. គេតែងតែជួយអ្នកគ្រប់បញ្ហា៖ អ្នកអាចសង្កេតថា បើគេតែងតែចំណាយពេលជួយគិតគូរដោះស្រាយបញ្ហាគ្រប់យ៉ាងឱ្យអ្នក ទោះបីគេជាប់រវល់ក៏ដោយ នោះទំនាក់ទំនងរវាងអ្នកនិងគេក្នុងចិត្តរបស់គេ គឺច្បាស់ជាលើសពីមិត្តធម្មតាហើយ ព្រោះគ្មានមិត្តធម្មតាឯណាដែលសុខចិត្តលះបង់ពេលវេលាមកជួយអ្នកបានរហូតបែបនេះទេ។
២. តែងតែនិយាយល្អពីអ្នកប្រាប់គេឯង៖ ទោះបីជាមិត្តល្អនឹងគ្នាក៏ដោយ បើគេមិនមែនកំពុងចាប់អារម្មណ៍អ្នក ក៏គេគ្មានពេលទៅនិយាយប្រាប់គេឯងពីចំណុចល្អរបស់អ្នកបានច្រើនយ៉ាងនេះដែរ។
៣. ចាប់ផ្ដើមមានអាកប្បកិរិយាភ័យៗពេលនិយាយជាមួយអ្នក៖ រាល់ដង មិត្តភ័ក្ដិធម្មតាដែលនិយាយគ្នា គឺគ្មានអីត្រូវខ្លាចចិត្ត ឬអៀនខ្មាសនោះទេ។ ប៉ុន្តែបើគេបែរជាប្ដូរទៅជាមនុស្សនិយាយស្ដីរាងអៀនប្រៀន ទំនងដូចខ្លាចអ្នកខឹង ឬមុខឡើងក្រហមពេលអ្នកសម្លឹងគេ ឬបង្អាប់គេ នោះគេអាចកំពុងមានចិត្តលើអ្នកលើសពីមិត្តធម្មតាហើយ។
៤. បង្ហាញការចាប់អារម្មណ៍លើរឿងផ្ទាល់ខ្លួនរបស់អ្នក៖ បើមិត្តអ្នកស្រាប់តែប្ដូរមកចូលចិត្តសួរនាំអ្នកពីរឿងអនាគត ឬនិយាយប្រាប់អ្នកពីគម្រោងទៅអនាគតរបស់គេ ទាំងរឿងគ្រួសារ រឿងគូស្រករអីជាដើមនោះ គឺជាសញ្ញាប្រាប់ថាគេកំពុងបើកចិត្តឱ្យអ្នកដឹងហើយ។
៥. គេមិនព្រមមានសង្សារ ទោះបីមានអ្នកល្អជាងអ្នកក៏ដោយ៖ ធម្មតា បើគេចាត់ទុកអ្នកត្រឹមតែជាមិត្ត គេនឹងបើកចិត្តស្វែងរកមនុស្សជាទីស្រលាញ់ម្នាក់ ទោះបីគេនឹងនៅតែងជួយអ្នកគ្រប់រឿងក៏ដោយ។ ប៉ុន្តែបើគេលួចស្រលាញ់អ្នកវិញ តើឱ្យគេទៅស្រលាញ់អ្នកណាកើត បើអ្នកនិងគេជួបមុខគ្នារាល់ថ្ងៃ ហើយដឹងរឿងគ្នាច្បាស់យ៉ាងនេះនោះ? ទោះចង់ស្រលាញ់អ្នកផ្សេង ក៏គ្មានអារម្មណ៍ដែរ។
៦. គេចូលចិត្តសម្លឹងអ្នក៖ ទោះបីជាមនុស្សផ្ទុយភេទនឹងគ្នាមែន តែបើគេចាត់ទុកអ្នកត្រឹមតែជាមិត្តធម្មតា គេនឹងមិនខ្ចីចំណាយពេលសម្លឹងមុខអ្នកយូរ ឬញឹកញាប់បែបនេះទេ។ ទាល់តែមនុស្សដែលគេលួចស្រលាញ់ទើបគេចេះតែចង់ឃើញមុខ និងលួចមើលបែបនេះ។
៧. ចេះខឹង ឬអន់ចិត្តព្រោះរឿងកំប៉ិកកំប៉ុក៖ អាការឆាប់ខឹង ឆាប់អន់ចិត្តគឺជាសញ្ញាណនៃការប្រចណ្ឌ។ អ្នកអាចសង្កេតមើលតើមិត្តភក្តិរបស់អ្នកមានដែលឆាប់ប្រកាន់ខឹង ឬធ្វើជាអន់ចិត្តងរ ព្រោះតែរឿងតិចតួច ឬពេលអ្នកទៅលេងជាមួយអ្នកដទៃដែរអត់? បើដូច្នោះមែន ត្រៀមខ្លួនទៅ គេកំពុងលួចស្រលាញ់ហើយ!
តើមិត្តរបស់អ្នកមានចូលក្នុងចំណុចទាំង៧ខាងលើនេះដែរអត់? សាកពិនិត្យនិងរាប់មើលមើល៍ តិចគេលួចស្រលាញ់ទៅ!
មិត្តល្អត្រូវមានលក្ខណៈដូចម្ដេចខ្លះ?
អត្ថបទ៖ សុគន្ធី ប្រភព៖ Likelovequote