Buriram បាន​ត្រឹម​ចុក​ឈាម ទោះ​ស៊ី​ក្រុម​ចិន​ Guangzhou R&F ៥-០

  • 2015-05-07 17:47:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Buriram United របស់​ថៃ បាន​ត្រឹម​ចុក​ឈាម​ប៉ុណ្ណោះ ពោល​គឺ​មិន​អាច​ឆ្លង​ផុត​ពូល F ​នៃ AFC Champions League បាន​នោះ​ទេ ទោះ​បំបាក់​ក្រុម​ចិន Guangzhou R&F ទក់​សាច់ ៥-០ ក៏​ដោយ។

 

កីឡាករ​ក្រុម Buriram អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី ប៉ុន្តែ​មិន​អាច​ឆ្លង​ផុត​ពូល​បាន

 

ជ័យជម្នះ​នេះ ធ្វើ​ឲ្យ​ក្រុម​ជើង​ឯក​ថៃ មាន​១០ពិន្ទុ ប៉ុន្តែ​មិន​គ្រប់​គ្រាន់​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នោះ​ទេ បន្ទាប់​ពី​ក្រុម​ជប៉ុន Gamba Osaka ដែល​មាន​៧ពិន្ទុ បាន​យក​ឈ្នះ​ក្រុម​កូរ៉េខាងត្បូង Seongnam FC ២-១ កាល​ពី​ម្សិលមិញ​ដែរ​ ដើម្បី​បាន​១០ពិន្ទុ​ដូច​គ្នា ប៉ុន្តែ​មាន head-to-head ល្អ​ជាង។

 

ចំណែក​ឯ​ Seongnam FC វិញ ក៏​ត្រូវ​ឡើង​ទៅ​ជុំ​បន្ទាប់​ជាមួយ​ Gamba Osaka ដែរ ក្នុង​នាម​ជា​ក្រុម​លេខ​២​ក្នុង​ពូល ដោយ​មាន​១០ពិន្ទុ​ដែរ តែ​មាន head-to-head ល្អ​ជាង Buriram។

 

តារាង​ពិន្ទុ​ពូល F

 
 

ងាក​ទៅ​មើល​ការ​ប្រកួត​នៅ​​កីឡដ្ឋាន Thunder Castle នា​ខេត្ត​ Buriram វិញ គឺ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Diogo អាច​ធ្វើ​បាន​ហ៊ែតទ្រីក រី​ឯ​២គ្រាប់​ទៀត​រក​បាន​ដោយ​កីឡាករ​ប្រេស៊ីល​ម្នាក់​ទៀត Gilberto Macena និង​កីឡាករ​វេណេហ្ស៊ុយអេឡា Tunez។

 

យ៉ាង​ណា​ក្ដី ៥គ្រាប់​នេះ ប្រែ​ជា​គ្មាន​ន័យ ក្រោយ​ពី​ Gamba Osaka វាយ​បក​យក​ឈ្នះ Seongnam ២-១ នៅ​តង់​ទី​២ ពោល​គឺ​គ្រាប់​ជ័យជម្នះ​ដែល​ទម្លាក់​​ Buriram គឺ​កើត​ឡើង​ដោយ​ខ្សែ​ប្រយុទ្ធ​ Lins នៅ​៨នាទី​មុន​ចប់​ការ​ប្រកួត។

 

ក្រោយ​ឆ្លង​ផុត​ពូល ក្រុម Gamba Osaka នឹង​ត្រូវ​ប៉ះ​ក្រុម​លេខ​២ H របស់​កូរ៉េខាងត្បូង គឺ FC Seoul ខណៈ​ក្រុម​ Seongnam FC ប៉ះ​ក្រុម​​លេខ១​ពូល​ H មក​ពី​ចិន គឺ Guangzhou Evergrande Taobao៕

ដោយ៖ សុវត្ថិ

វីដេអូ៖ afc