យន្តហោះអនាគតរឹតតែទំនើបនិងមានសុវត្ថិភាពហួសពីការស្មាន
- 2015-05-07 19:08:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះអនាគតរឹតតែទំនើបនិងមានសុវត្ថិភាពហួសពីការស្មាន
ចន្លោះមិនឃើញ
យន្តហោះដែលកំពុងតែប្រើប្រាស់ពាសពេញពិភពលោកសព្វថ្ងៃ ភាគច្រើនផលិតដោយក្រុមហ៊ុនផលិតយន្តហោះធំៗពីរគឺ Airbus និង Boeing។ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនទាំងពីរព្យាយាមរុករកបច្ចេកវិទ្យាថ្មីៗ យកមកបំពាក់លើយន្តហោះរបស់ខ្លួន ដើម្បីឱ្យកាន់តែមានសុវត្ថិភាព។ បើផ្អែកទៅលើប័ណ្ណប៉ាតង់ថ្មីៗដែលក្រុមហ៊ុនទាំងពីរបានស្នើរសុំ បានបង្ហាញថាយន្តហោះដឹកអ្នកដំណើរនាពេលអនាគត គឺពិតជាទំនើបនិងមានសុវត្ថិភាពជាងយន្តហោះឯកជនសព្វថ្ងៃទៅទៀត។
១. កន្លែងបញ្ជាយន្តហោះគ្មានជញ្ជាំង (Windowless Cockpits) របស់ក្រុមហ៊ុន Airbus
កាលពីឆ្នាំមុន ក្រុមហ៊ុន Airbus បានធ្វើសំណុំបែបបទសុំសិទ្ធប៉ាតង់មួយ អំពីការរចនាកន្លែងបើកយន្តហោះ អាចឱ្យអាកាសយានិកមើលឃើញទិដ្ឋភាពយ៉ាងធំទូលាយជាងមុនតាមរយៈ Digital Display។ Digital Display អាចបង្ហាញរូបភាពនៅជុំវិញនិងខាងក្រោមយន្តហោះ ដល់អាកាសយានិក ដែលមើលទៅដូចជាកន្លែងបើកយន្តហោះគ្មានជញ្ជាំងអ៊ីចឹង។
២. បង្អួចអេឡិចត្រូនិក (Smart Windows) របស់ក្រុមហ៊ុន Airbus
ប៉ាតង់ដែលបានស្នើសុំកាលពីខែមិនាកន្លងមក បង្ហាញពីបច្ចេកវិទ្យា Touchscreen ភ្ជាប់ទៅនឹងបង្អួចក្បែរកន្លែងអង្គុយរបស់អ្នកដំណើរ ដើម្បីមើលឃើញទិដ្ឋភាពខាងក្រៅបានធំទូលាយ។ លើសពីនេះ នៅពេលយន្តហោះហោះរំលងទីតាំងសំខាន់ៗរបស់ប្រទេសណាមួយ អ្នកដំណើរក៏អាចស្វែងរកព័ត៌មានទាក់ទងនឹងទីកន្លែងនោះបានផងដែរ។
៣. កន្លែងអង្គុយរាងរង្វង់ (Flying Donut) របស់ក្រុមហ៊ុន Airbus
នេះជាប៉ាតង់ថ្មី ដែល Airbus ស្នើកាលពីឆ្នាំមុន។ ប៉ាតង់ថ្មីនេះបង្ហាញពីការផ្លាស់ប្តូររូបរាងយន្តហោះដឹកអ្នកដំណើរសម្រាប់ពេលអនាគត ដោយមានរាងជារង្វង់និងមានប្រហោងនៅកណ្តាល។ ការរចនាបែបនេះ អាចផ្ទុកអ្នកដំណើរបានច្រើនជាងយន្តហោះរាងបំពង់ទ្រវែងសព្វថ្ងៃ ហើយក៏ជួយបន្ថយសម្ពាធនៅកន្លែងអង្គុយរបស់អ្នកដំណើរបានច្រើនជាងមុនផងដែរ។
៤. មួកអេឡិចត្រូនិកសម្រាប់មើលភាពយន្តឬវីដេអូផ្សេងៗ (Virtual Reality IFE) របស់ក្រុមហ៊ុន Airbus
នេះជាគំរូនៅក្នុងប៉ាតង់ ដែល Airbus ស្នើកាលពីខែសីហាឆ្នាំមុន។ យន្តហោះនៅពេលអនាគត នឹងអាចឱ្យអ្នកដំណើរ ដែលធុញទ្រាន់ឬភ័យខ្លាចនឹងការហោះហើរ អាចមើលភាពយន្តឬវីដេអូផ្សេងៗតាមរយៈមួកអេឡិចត្រូនិក។ បច្ចេកវិទ្យាមួកអេឡិចត្រូនិកនេះ ស្រដៀងគ្នាទៅនឹងវ៉ែនពាក់ក្បាល Oculus VR ដែរ។
៥. ទ្វារសម្ងាត់សម្រាប់ចាប់ភេរវករ (Terrorist Trap Door) -ប៉ាតង់ឆ្នាំ ២០០២ របស់ក្រុមហ៊ុន Airbus
ក្នុងករណីមានភេរវករ ឬចោរប្លន់យន្តហោះព្យាយាមបុកទម្លុះទ្វារចូលទៅក្នុងកន្លែងបើកយន្តហោះរបស់អាកាសយានិក ទ្វារឬអង្គប់សម្ងាត់នៅពីក្រោមជើងភេរវករនោះ នឹងបើកហើយបញ្ជូនជននោះទៅក្នុងកន្លែងឃុំឃាំងសុវត្ថិភាពមួយ ស្ថិតនៅពីក្រោមកន្លែងអង្គុយរបស់អ្នកដំណើរ។
៦. របាំងការពារយន្តហោះ (Force Field) – ប៉ាតង់ឆ្នាំ ២០១២ របស់ក្រុមហ៊ុន Boeing
Force Field ជាបច្ចេកវិទ្យា ធ្លាប់តែឃើញនៅក្នុងរឿង Star Trek ។ វាជារបាំង Plasma សម្រាប់ការពារទាហានឬគ្រឿងយន្ត ពីការបាញ់ប្រហាររបស់សត្រូវ ហើយបច្ចេកវិទ្យានេះនឹងត្រូវបំពាក់លើយន្តហោះ Boeing នាពេលអនាគតខាងមុខ៕
គំរូប៉ាតង់ របាំងការពារ Plasma របស់ Boeing
របាំងការពារ Plasma ក្នុងរឿង Star Trek
អាន៖ ពូកែលាក់វត្ថុខុសច្បាប់ ឥឡូវមានឧបករណ៍ស្គែនយន្តហោះទាំងមូលដំបូងបំផុត
ប្រែសម្រួល៖ ប៉ែត ផាន់និត ប្រភព៖ cnn