ឈិន ឡុង គាំទ្រទោសប្រហារជីវិតជនល្មើសគ្រឿងញៀន
- 2015-05-08 22:08:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈិន ឡុង គាំទ្រទោសប្រហារជីវិតជនល្មើសគ្រឿងញៀន
ចន្លោះមិនឃើញ
ថ្លែងនៅសន្និសីទកាសែតប្រឆាំងគ្រឿងញៀន ក្នុងប្រទេសសិង្ហបុរី តារាភាពយន្តហុងកុងវ័យ៦១ឆ្នាំ ឈិន ឡុង បានបង្ហាញការគាំទ្រ ចំពោះទោសប្រហារជីវិត ជនល្មើសគ្រឿងញៀនថា "លើករណីខ្លះ ខ្ញុំគាំទ្រពេញទំហឹង លើទោសប្រហារជីវិត"។
តួឯកក្នុងរឿង "Rush Hour” និង "Shanghai Knights” បន្តថា "ខ្ញុំគិតថាមនុស្សដែលបង្កបញ្ហាដល់មនុស្សក្មេងៗ រាប់ពាន់រាប់ម៉ឺននាក់ ប្រភេទនេះ ជាមនុស្សចោលម្សៀត។ ពួកគេសមនឹងទទួលទោស ឱ្យត្រូវតាមទង្វើ ដែលបានធ្វើ"។
ប្រាប់ទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តារាជើងចាស់រូបនេះ បានថ្កោលទោសចំពោះការសេពសារធាតុខុសច្បាប់។ តួឯករឿង "Dragon Blade” ដែលត្រូវបានគេតែងតាំងឱ្យធ្វើជាឯកអគ្គរដ្ឋទូត ប្រឆាំងគ្រឿងញៀនទី១ របស់សិង្ហបុរីរូបនេះ បានសារភាពថា លោករន្ធត់ និងខ្មាសអៀន ពេលដឹងពីឧក្រិដ្ឋកម្មគ្រឿងញៀនរបស់កូនខ្លួន។
តារាសម្ដែង ចម្រៀងវ័យ៣២ឆ្នាំ Jaycee Chan កូនប្រុសតារាក្បាច់គុន ឈិន ឡុង ត្រូវប៉ូលិសចាប់ដាក់ពន្ធនាគារ៦ខែ ពីបទផ្ដល់ជម្រកឱ្យអ្នកអ្នកជក់គ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន កាលពីខែកុម្ភៈ ឆ្នាំ២០១៥កន្លងមក ហើយកាលនោះទៀតសោត ប៉ូលិសក៏បានរកឃើញគ្រឿងញៀន ទម្ងន់១០០ក្រាម ក្នុងផ្ទះរបស់លោក នៅទីក្រុងប៉េកាំងផងដែរ។
ពាក់ព័ន្ធនឹងរឿងនេះហើយទើប ឈិន ឡុង ថ្លែងថា "ខ្ញុំមិនដែលគិតថារឿងនេះ កើតលើគ្រួសារខ្ញុំទេ។ ថ្ងៃដែលខ្ញុំដឹង ខ្ញុំខ្មាសគេខ្លាំងណាស់។ ខ្ញុំខឹងមែនទែន។ តើរឿងនេះកើតឡើងយ៉ាងម៉េច?”។ លោកថា "ខ្ញុំខឹងណាស់ ប៉ុន្តែវាធ្វើឱ្យខ្ញុំប្ដេជ្ញា ប្រឆាំងនឹងគ្រឿងអបាយមុខទាំងនេះ"។
យោងតាមសារព័ត៌មាន BBC ឈិន ឡុងបន្តប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្នលោកកំពុងយកចិត្តទុកដាក់ លើកូនប្រុសរបស់លោក។
ក្នុងសន្និសីទនេះដែរ អតីតអគ្គរដ្ឋទូតគ្រប់គ្រងគ្រឿងញៀនក្នុងទីក្រុងប៉េកាំង ហៅកាត់ថា NCA បានផ្ដល់សារទៅកាន់សិស្សសាលាពហុបច្ចេកទេស Nanyang ប្រទេសសិង្ហបុរីថា "មិនបាច់គិតដល់រឿងញៀនថ្នាំទេ ព្រោះវាមិនតែធ្វើបាបខ្លួនឯងទេ ថែមទាំងធ្វើបាបដល់គ្រួសារទៀត។ ដើម្បីបានលុយ អ្នកត្រូវលួចប្លន់គេ ចុងបញ្ចប់អ្នកធ្វើបាបប្រទេសរបស់អ្នក គ្រួសាររបស់អ្នក និងកូនប្រុសអ្នក"។
ប្រទេសកូននាគសេដ្ឋកិច្ចអាស៊ីសិង្ហបុរី និងមហាអំណាចសេដ្ឋកិច្ច លេខ១លើលោកចិន ជាប្រទេសដែលបានអនុវត្តទោសប្រហារជីវិត លើបទឧក្រិដ្ឋជួញដូរគ្រឿងញៀន៕
កូនឈិន ឡុងបន្ទោសឪពុកថា ធ្វើឱ្យធ្លាក់ខ្លួនប្រើគ្រឿងញៀន
កូនប្រុស ឈិនឡុង តុលាការកាត់ទោសឲ្យជាប់គុក ៦ខែនៅថ្ងៃនេះ
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Dailymail