រុស្ស៊ីបង្ហាញសាច់ដុំតាមរយៈព្យុហយាត្រាអបអរជ័យជំនះសង្គ្រាមលោកលើកទីពីរ
- 2015-05-10 16:13:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រុស្ស៊ីបង្ហាញសាច់ដុំតាមរយៈព្យុហយាត្រាអបអរជ័យជំនះសង្គ្រាមលោកលើកទីពីរ
ចន្លោះមិនឃើញ
កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ប្រទេសរុស្ស៊ីបានប្រារព្ធខួបលើកទី៧០ នៃជ័យជំនះលើរបបណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ។ ព្យុហយាត្រាពីសំណាក់ទាហានដ៏មានឥទ្ធិពលរាប់ពាន់នាក់ ព្រមទាំងសព្វាវុធទំនើបៗចុងក្រោយបង្អស់ បានបង្អួតខ្លួនបង្ហាញសាច់ដុំលើទីលានក្រហម នៃរដ្ឋធានីមូស្គូ។
ព្យុហយាត្រាដ៏កក្រើកនេះ មានការចូលរួមពីសំណាក់មេដឹកនាំធំៗជាច្រើនក្នុងលោក ដូចជាប្រធានាធិបតីចិន ប្រធានាធិបតីគុយបា ប្រធានាធិបតីវេណេហ្ស៊ុយអេឡា និងប្រធានាធិបតីនៃប្រទេសហ្ស៊ីមបាវ៉េជាដើម។ ដោយឡែក មេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង គីម ជុងអ៊ុន ដែលធ្លាប់ប្រកាសថានឹងបំពេញដំណើរទស្សនកិច្ចលើកទីមួយទៅប្រទេសរុស្ស៊ី ពុំបានបង្ហាញវត្តមានទេ ដោយសារជាប់រវល់កិច្ចការផ្ទៃក្នុងជាតិ។
នៅក្នុងសេចក្ដីថ្លែងការណ៍ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានសម្ដែងការគោរពចំពោះវិញ្ញាណក្ខន្ធទាហានសូវៀត ដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទីពីរ។ ប្រធានាធិបតីដ៏មានឥទ្ធិពលរូបនេះ ក៏បានថ្លែងអំណរគុណចំពោះប្រជាជនចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក ដែលលះបង់ដើម្បីជ័យជម្នះ។
ទាហានប្រហែល ១៦០០០នាក់ បានបញ្ចេញដំណើរព្យុហយាត្រា រួមជាមួយសព្វាវុធថ្មីៗចុងក្រោយរបស់រុស្ស៊ី រាប់បញ្ចូលទាំងរថក្រោះដ៏ទំនើប Armata T-14។ យន្តហោះផ្ទុកអាវុធនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយ បានបង្ហាញវត្តមានក្នុងចំណោមយន្តហោះចម្បាំងជាង ១០០គ្រឿង ដែលហោះរំលងរដ្ឋធានីមូស្គូ៕
ចុចអាន៖ ពូទីន៖ រុស្ស៊ីនឹងប្រឹងប្រែងដើម្បីឯករាជ្យប៉ាឡេស្ទីន
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ dailymail