ឈុន​ ឆេង​ ​អតីត​សិស្ស​និទ្ទេស​ A ​មក​ពី​ខេត្ត​តាកែវ​ចែក​​រំលែក​​​បទ​ពិសោធន៍​​​រៀន​​​​ពូកែ​​​​​

  • 2015-05-11 16:08:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​កូន​អ្នក​​មក​ពី​​តាកែវ​ ឈុន ឆេង​ បច្ចុប្បន្ន​ជា​និស្សិត​​​​ឆ្នើម​​​កំពុង​បន្ត​ការ​សិក្សា​​​​នៅ​សាកលវិទ្យាល័យ​​ Zaman ​ជំនាញ​ធនាគារ​ និង​ហិរញ្ញវត្ថុ​​ឆ្នាំ​ទី​៤ ​ឆមាស​ទី​២​។ ​​យុវជន ​ឈុន ​​ ឆេង​ ទទួល​បាន​​​អាហារូបករណ៍​​ចំនួន​ ៧៥%​ នៅ​​សាកលវិទ្យាល័យ​ខាង​លើ​​​ បន្ទាប់​ពី​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​​ទុតិយភូមិ​​(បាក់​ឌុប​) បាន​និទ្ទេស​ A ​ឆ្នាំ​​២០១១។

 

​ឈុន​ ឆេង​​​ ​បាន​​សម្រេច​ចាប់​យក​ជំនាញ​​​​ធនាគារ​ និង​ហិរញ្ញវត្ថុ​​ ​ដែល​​ជា​បំណង​ប្រាថ្នា​ផ្ទាល់​ខ្លួន​​​​​ និង​​​​បាន​​ការ​ណែ​នាំ​ពី​បង​ប្រុស​​​​ នៅ​សាកលវិទ្យាល័យ​​​មួយ​ដែល​​​ភាគ​ច្រើន​ជា​​​កូន​អ្នក​​មាន​​កម្រិត​ជីវភាព​ខ្ពស់​ចូល​រៀន​​​។ "ខ្ញុំ​ចាប់​យក​ជំនាញ​ខាង​លើ​នេះ ​​ព្រោះ​ដឹង​​ខ្លួន​ឯង​ចូល​​ចិត្ត​លេខ​ និង​មាន​ការ​​ណែ​នាំ​​ពី​បង​ប្រុស​។ មែន​ទែន​​ទៅ​​ដំបូង​ ខ្ញុំ​អត់​ដឹង​ថា​ ធនាគារ​ និង​ហិរញ្ញវត្ថុ​នេះ​សិក្សា​ជំនាញ​អី​ខ្លះ​នោះ​ទេ​”។ ​ឆេង​ និយាយ​។ ​​​​​​

 

 

មាន​ទីកន្លែង​កំណើត​នៅ​​ភូមិ​រមេញ​ខាង​ត្បូង​ ឃុំ​រមេញ​ ស្រុក​កោះ​អណ្ដែត​ ខេត្ត​តាកែវ​ ​​ ឈុន ឆេង​​ ​​បាន​ស្នាក់​នៅ​ជាមួយ​បង​ប្អូន​​ជីដូន​មួយ​នៅ​ម្តុំ​ផ្សារ​អូរឫស្សី​​ ​ព្រម​​ទាំង​​ទទួល​​ការ​ទំនុក​បម្រុង​​​ពី​បង​ប្រុស​បង្កើត។ ​ឆេង​​ មិន​​​គិត​​អ្វី​​ក្រៅ​ពី​​ប្រឹង​​រៀន​សូត្រ​នោះ​ទេ​ ទើប​លទ្ធផល​សិក្សា​​ចាប់​តាំង​ពី​ដើម​​ឆ្នាំ​​ទី​២​ មក​​ ​​ទទួល​បាន​​និទ្ទេស​​ល្អ​។ "​​នៅ​​ឆ្នាំ​ទី​១​ ខ្ញុំ​មាន​​ការ​លំបាក​ច្រើន​​ ដោយ​សារ​​​ភាសា​អង់គ្លេស​ និង​កុំព្យូទ័រ​មាន​​កម្រិត​​​។ ​​​នៅ​​ដំណាក់​​កាល​នេះ​និស្សិត​ផេ្សង​​ដើរ​​ធម្មតា ប៉ុន្តែ​ខ្ញុំ​ត្រូវ​រត់​​​ទើប​​​រៀន​ទាន់​គេ​។ ខ្ញុំ​ចំណាយ​ពេល​ប្រមាណ​ ៥ ​ម៉ោង​ក្នុង​មួយ​​ថ្ងៃ​ ដើម្បី​សិក្សា​ដោយ​ខ្លួន​ឯង​លើ​ការ​អាន​ និង​អនុវត្ត​​កុំព្យូទ័រ ព្រម​ទាំង​ចូល​ថ្នាក់​បំប៉ន​ភាសា​នៅ​​សាកលវិទ្យាល័យ។ ទីបំផុត​នៅ​ឆ្នាំ​ទី​២ ខ្ញុំ​អាច​រៀន​​ទាន់​គេ​ ដោយ​​មិន​បាច់​រៀន​បំប៉ន​ភាសា​​ និង​កុំព្យូទ័រ​​ដូច​មុន​​​​​​​​”។​​

 

 

អតីត​សិស្ស​ពូកែ​ទូទាំង​ខេត្ត​តាកែវ​រូប​នេះ​​បាន​រៀប​រាប់​ថា​ ខ្លួន​បាន​​​​បែង​ចែក​ពេល​វេលា​សិក្សា​​​ និង​កំណត់​ចំណុច​អាទិភាព​​​ដែល​​ត្រូវ​សិក្សា​ ការ​តាំង​ចិត្ត​​ខ្ពស់​ដើម្បី​​ធ្វើ​អ្វី​​មួយ​ បើ​ទោះ​ជា​​ជួប​​នឹង​ឧបសគ្គ​​ច្រើន​យ៉ាង​ណា​ ត្រូវ​​យល់​មេរៀន​​​​ចាស់​មុខ​​នឹង​ចាប់​យក​មេរៀន​ថ្មី​ ​ប៉ុន្តែ​​ពេល​​ខ្លះ​​ក៏​ត្រូវ​ចេះ​​​​ថ្លឹង​ថ្លែង​ទំនាក់​ទំនង​សង្គម​ និង​ការ​​សិក្សា​​ផង​ដែរ​។ មិន​មែន​គិត​តែ​ការ​សិក្សា​ ភ្លេច​គិត​ដល់​​​ទំនាក់​ទំនង​សង្គម​​នោះ​មិន​ល្អ​​​​ទេ​។​ ត្រូវ​សិក្សា​​ពី​ចំណូល​ចិត្ត​របស់​​ខ្លួន​ឯង​ ចំណុច​​នេះ​ចង់​ផ្ដោត​លើ​ពេល​វេលា​សិក្សា​ អ្នក​​ខ្លះ​រៀន​ចូល​​នៅ​ពេល​យប់​ អ្នក​ខ្លះ​ទៀត​ខួរ​ក្បាល​ស្រឡះ​​​​នៅ​​​ពេល​​ព្រលឹម​។ ​​

 

 

បើ​ទោះ​ជា​មិន​​ដឹង​ថា​​ជំនាញ​ធនាគារ​​ជា​​អ្វី​ពី​ដំបូង​ ប៉ុន្តែ​ ឈុន​ ឆេង ​​​មិន​ខក​​​ចិត្ត​​ទៅ​នឹង​ការ​​​​រើស​យក​​ជំនាញ​​​ធនាគារ​ និង​ហិរញ្ញវត្ថុ​​​​នេះ​ឡើយ​​​ ព្រោះ​បាន​​ការ​ណែ​​នាំ​​ពី​បង​​ប្រុស​​ និង​ដឹង​ពី​ចំណូល​ចិត្ត​​ផ្ទាល់​ខ្លួន​។ក្រោយ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ឈុន ឆេង​ ​មាន​​បំណង​​ប្រលង​យក​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត​​សិក្សា​នៅ​ក្រៅ​ប្រទេស​ និង​ក្លាយ​ខ្លួន​ជា​អ្នក​ដឹក​នាំ​វ័យ​ក្មេង​មួយ​រូប​​​ដើម្បី​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​លើ​ផ្នែក​ធនាគារ​ និង​សវនកម្ម​។​​ ​

 

ឈុន ឆេង​ បាន​ផ្ដាំ​ទៅ​យុវជន​ទាំង​អស់​ថា​ មុន​ចាប់​យក​ជំនាញ​ណា​​​​យុវជន​ត្រូវ​សិក្សា​ស្វែង​យល់​ឱ្យ​បាន​​ច្បាស់​ពី​ខ្លួន​ឯង​​ ការ​តាំង​ចិត្ត​​ ​និង​អភិវឌ្ឍន៍​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​​​ព្រោះ​ ពេល​​​​វេលា​ធ្វើ​សមាហរណកម្ម​អាស៊ាន​កាន់​តែ​ខិត​ជិត​មក​ដល់​​ ​ការ​ប្រកួត​ប្រជែង​កាន់​តែ​​ខ្លាំង​ក្លា​​។ ​យុវជន​ត្រូវ​ចេះ​​បែង​ចែក​ពេល​វេលា​ឱ្យ​បាន​ច្បាស់​លាស់​ និង​ផ្ដល់​អាទិភាព​​ការងារ​ ព្រម​ទាំង​គោល​ដៅ​ច្បាស់​លាស់​ ដោយ​ចាប់​ផ្ដើម​ពី​មួយ​ជំហាន​ម្ដង​ ​ដើម្បី​សម្រេច​គោល​ដៅ​របស់​យើង៕

 

 

 

អានអត្ថបទ៖ កញ្ញា​សួស​ រ័ត្ន​មុន្នី ​៖ ​​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ ​ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​​​

អត្ថបទ៖មៃ សុខលីម