៨ ​ចំណុច​នៅ​លើ​មុខ​​អាច​​ទស្សន៍ទាយ​​​​​​ជោគជតា​​ទ្រព្យសម្បត្តិ​របស់​មនុស្ស​

  • 2015-05-12 14:36:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​តែង​ផ្សារភ្ជាប់​មក​ជាមួយ​ជំនឿ ​​អ្នក​ខ្លះ​ជឿ​ថា ​ធ្វើ​បែប​នេះ​នាំ​សំណាង​ល្អ ​ធ្វើ​បែប​នោះ​កាត់​លាភ​ជា​ដើម។ ​ទាំង​នេះ​សុទ្ធ​សឹង​ជា​អ្វី​ដែល​មាន​ក្នុង​សង្គម​ខ្មែរ​។ ​ងាក​ទៅ​កូន​ចៅ​ខ្មែរ​សែស្រឡាយ​ចិន ​មួយ​ចំនួន​ជឿជាក់​ថា ​ផ្ទៃ​មុខ​​ក៏​អាច​ទស្សន៍ទាយ​ពី​ជោគវាសនា​របស់​មនុស្ស​ម្នាក់ៗ​ថា ​នឹង​មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ​នា​អនាគត​ឬ​អត់ដែរ។ ​ឥលូវ​យើង​មក​មើល​ចំណុច​ទាំង​ ៨ ​នៅ​លើ​ផ្ទៃ​មុខ​ដែល​​​ក្បួន​ចិន​ជឿជាក់​ថា ​​នឹងជួយ​ឲ្យ​​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​នៅ​អនាគត​។

 

១ ​ផ្ទៃ​មុខ​ស៊ីមេទ្រី

 
 

ចំណុច​ដំបូង​ ដែល​ជនជាតិ​ចិន​សម្គាល់​ផ្ទៃ​មុខ​ដែល​នាំ​ទ្រព្យសម្បត្តិ​គឺ​ ផ្ទៃ​មុខ​ទាំង​សង​ខាង។ ​​បើ​ផ្ទៃ​មុខ​ទាំង​សងខាង​មាន​តុល្យភាព ​ឬ​ស៊ីមេទ្រី ​មាន​ន័យ​ថា ​គ្រប់​យ៉ាង​ក្នុង​ជីវិត​នឹង​ដើរ​រលូន​សម្រាប់​អ្នក។ ​​​ពិត​ណាស់ ​មនុស្ស​មួយ​ចំនួន​មិន​មាន​ផ្ទៃ​មុខ​ស្មើ​គ្នា​ ១០០ ​ភាគរយ​ទេ ​អាច​ល្អៀង​គ្នា​តិច​ ឬ​ច្រើន​ ​ពេល​មើល​ពី​ចំហៀង​ណា​មួយ​ទាំង​នោះ​ក៏​បញ្ជាក់​ពី​ភាព​រលូន​ក្នុង​ជីវិត​តិច​ច្រើន​តាម​ហ្នឹង​ដែរ។ ​

 

២ ​​ថ្ងាស​ទូលាយ

 
 

អ្នក​ដែល​មាន​ថ្ងាស​ទូលាយ ​និង​មូល​ក៏​ជា​សញ្ញាណ​ល្អ​នាំ​ទ្រព្យសម្បត្តិ​ដែរ។ ​​ថ្ងាស​ទូលាយ​នេះ​មាន​ន័យ​ថា ​អ្នក​មាន​សំណាង​ដែល​ផ្ដល់​មក​ពី​ឋាន​សួគ៌។ ​​មនុស្ស​ដែល​​មាន​ថ្ងាស​បែប​នេះ​មិន​ត្រឹម​តែ​ជា​សញ្ញា​នៃ​ទ្រព្យ​សម្បត្តិ​ទេ ​តែ​ក៏​ជា​បង្ហាញ​ពី​អំណាច​ក្ដោប​ក្ដាប់​តំណែង​ធំ​ទៀត​ផង។ ​​​ជនជាតិ​ចិន​ជឿ​ថា ​ថ្ងាស​ទូលាយ​ល្អ ​និង​ជួយ​លើក​រាសី​របស់​អ្នក​ខ្ពស់​ ​បើ​ទោះ​ជា​ផ្នែក​​ផ្សេង​​ទៀត​នៃ​រាងកាយ​មិន​សូវ​ល្អ​ក៏​ដោយ។ អ្នក​ដែល​មាន​ប្រជ្រុយ​ចំ​កណ្ដាល​ថ្ងាស​ជា​សញ្ញា​មិន​ល្អ​​ទេ​ ​និង​គួរ​កាត់​ចោល​ពិសេស​ប្រជ្រុយ​ខ្មៅ ​តែ​បើ​ប្រជ្រុយ​ក្រហម​មិន​មាន​​អ្វី​​ជា​បញ្ហា​នោះ​ទេ។

 

៣ ច្រមុះ​ធំ

 
 

ចំណុច​ទី​បី​ដែល​កំណត់​ពី​ទ្រព្យសម្បត្តិ​នៅ​លើ​ផ្ទៃ​មុខ​គឺ​ច្រមុះ​ធំ។ ​ច្រមុះ​ត្រូវ​គេ​ប្រដូច​ទៅ​នឹង​ជង្រុក​ទ្រព្យ។ ​​សម្រាប់​បុរស​​មិន​​​សូវ​ទុក​ចិត្ត​បាន​​ ១០០ ភាគរយ​នោះ​ទេ​ ​តែ​បើ​នារី​ច្រមុះ​ធំ​អាច​ទុកចិត្ត​បាន​​ថា​ជា​​ ​អវយវៈ​នាំ​ទ្រព្យ​ចូល​ផ្ទះ។ ​នារី​ដែល​មាន​ច្រមុះ​ធំ ​មូល ​​និង​ខ្ទង់​ខ្ពស់​នឹង​នាំ​ទ្រព្យ​ដល់​បុរស​ណា​ដែល​រៀបការ​ជាមួយ​នាង។ ​អ្នក​អាច​ប្រើ​គ្រឿង​សម្អាង​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ច្រមុះ​រលោង​ភ្លឺ​ ​តែ​ត្រូវ​ជៀសវាង​ការ​វះកាត់ ​ឬ​​​​ឲ្យ​មាន​ចំណុច​ខ្មៅ​ និង​ប្រជ្រុយ​នៅ​លើ​នោះ​ ព្រោះ​គេ​ជឿ​ថា ​នឹង​កាត់​លាភ។ ​​​​​​​​​​​

 

៤ ​ភ្នែក​ថ្លា

 
 

ភ្នែក​ភ្លឺ​ថ្លា​បង្ហាញ​ពី​ភាព​ច្បាស់លាស់ ​និង​ស្វាហាប់។ ​​មិន​ថា ​ភ្នែក​របស់​អ្នក​ពណ៌​អ្វី ​រាង​បែប​ណា ​​ទំហំ​ប៉ុណ្ណា​ទេ ​សំខាន់​ឲ្យ​តែ​ប្រស្រីភ្នែក​ខាង​ក្នុង​ភ្លឺ​ថ្លា​ច្បាស់​ក៏​ជា​សញ្ញា​បង្ហាញ​ពី​ទ្រព្យសម្បត្តិ​ដែរ។​ ភ្នែក​ថ្លា​​ហ៊ុម​ព័ទ្ធ​ដោយ​រោម​ភ្នែក​បះ​ង​​ការពារ​ជា​សញ្ញា​បញ្ជាក់​ពី​​សុខភាព ​និង​ភាព​ចម្រុងចម្រើន។ ​រោម​ភ្នែក​ក៏​សំខាន់​ដែរ​ ​​បើ​គ្មាន​រោម​ភ្នែក​មាន​ន័យ​ថា ​អ្នក​មិន​អាច​ទទួល​ជោគជ័យ​លើ​ការងារ​ទាំង​ឡាយ​ស្រួល​ទេ។​ រោម​ភ្នែក​ជួយ​ការពារ​អ្នក​ពី​​ព្រលឹង​តែលតោល ​ក៏​ដូច​ជា​មនុស្ស​ច្រណែន​ឈ្នានីស។

 

៥ ​​ឆ្អឹង​ថ្ពាល់​ធំ

 
 

ឆ្អឹង​ថ្ពាល់​ជា​សញ្ញា​បញ្ជាក់​ទ្រព្យសម្បត្តិ​មួយ​ទៀត។ ពេល​ដែល​អ្នក​ឈាន​ចូល​ដល់​វ័យ​ ២១ ​ឆ្នាំ​ ហើយ​ឆ្អឹង​ថ្ពាល់​​មើល​ទៅ​ឃើញ​ធំ​ច្បាស់​ជា​សញ្ញា​បញ្ជាក់​ថា ​ទ្រព្យ​នឹង​រត់​ចូល។ ​​​តែ​អ្វី​ដែល​សំខាន់​មាន​ឆ្អឹង​ថ្ពាល់​ធំ​ហើយ​នោះ​ វា​ត្រូវ​តែ​ភ្លឺ​ រលោង​ថែម​ទៀត​​ពិសេស​គឺ​ត្រូវ​មាន​សាច់​ច្រើន​ដែរ ​បើ​ឆ្អឹង​ថ្ពាល់​ខាង​លើ​​​​ស្គម​មាន​តែ​ឆ្អឹង​​អាច​បញ្ជាក់​ពី​ជីវិត​ដែល​គ្មាន​ថាមពល។ ​ចំណុច​ដែល​បញ្ជាក់​ថា ​ឆ្អឹង​ថ្ពាល់​បញ្ជាក់​ពី​រាសី​ល្អ​បំផុត​គឺ​ពេល​មាន​សាច់​អាច​ច្បិច​បាន​ ​និង​មាន​ពណ៌​ស៊ីជម្ពូ​​​​ពោរពេញ​ដោយ​​ពន្លឺ។

 

៦​ ត្រចៀក​ធំ​វែង

 
 

នៅ​ពេល​ត្រចៀក​អ្នក​ធំ​វែង​សម​នឹង​មុខ ​ជា​សញ្ញា​បញ្ជាក់​ពី​សំណាង ​និង​បញ្ញា។ ​​​​​ចំពោះ​ប្រជាជន​ចិន​ជឿ​ថា ​ត្រចៀក​ជា​វែង​ធំ​តំណាង​ឲ្យ​លំហូរ​នៃ​ទឹក​ទន្លេ​លឿង។ ​​ហើយ​ត្រចៀក​វែង​សក្ដិសម​នេះ​ទៀត​សោត​ក៏​រំលឹក​ដល់​ត្រចៀក​របស់​ព្រះពុទ្ធ​ដែរ។ ​​ត្រចៀក​វែង​ស្អាត​បញ្ជាក់​ពី​វណ្ណៈ​​ខ្ពង់ខ្ពស់​។

 

៧ ​ចង្កា​ព្រែក​

 
 

ចង្កា​មាំ​ ​ឬ​ចង្កា​ព្រែក​​ប្រៀប​ដូច​ជា​ភ្នំ​ទ្រព្យ​របស់​មនុស្ស​ម្នាក់ៗ។ ​​វា​ជា​កន្លែង​ដែល​​ចាត់​ទុក​ជា​ឃ្លាំង​ទ្រព្យ។ ​​មនុស្ស​ដែល​មាន​ថ្គាម​ធំ​ជា​ប្រភេទ​មនុស្ស​ដែល​អាច​ពង្រីក​ទ្រព្យ​សម្បត្តិ​ដែល​មាន​ឲ្យ​កាន់​តែ​ធំ​ទៅ​មុខ​ទៀត។ ​​​​​​

 

៨ ​បបូរ​មាត់​ដូច​ផ្កាឈូក

 
 

​គេ​ប្រៀប​បបូរ​មាត់​រាង​ដូច​ផ្កាឈូក​ទៅ​នឹង​ទន្លេ ​Huai។ ​​បើ​ទោះ​ជា​ទន្លេ​នេះ​តូច​តែ​ជា​ប្រភព​ទឹក​ដ៏​ចាំបាច់។ ​​​មាត់​ក៏​ដូច្នេះ​ដែរ ​អ្នក​ដែល​មាន​បបូរ​មាត់​បែប​នេះ​គួរ​រក្សា​ឲ្យ​មាន​សំណើម​ជានិច្ច ​ព្រោះ​បើ​អស់​សំណើម​វា​ប្រៀប​បាន​នឹង​គ្រោះ​រាំង​ស្ងួត ​ឬ​បាត់បង់​សំណាង​ដែរ។ ​​​ស្ត្រី​គួរ​ញ៉ាំ​ទឹក​ច្រើន​ឲ្យ​មាន​សំណើម​ដើម្បី​ឲ្យ​ទ្រព្យ​ហូរ​ចូល ​តែ​បើ​ប្រើ​ក្រែម​ពណ៌​ក្រហម​លាប​ឲ្យ​រលោង​ជាប់​លើ​នោះ​ក៏​ល្អ​ដែរ ​ព្រោះ​វា​ប្រៀប​ដូច​ទៅ​នឹង​ផ្កាឈូក​រីក​នៅ​លើ​ផ្ទៃ​ទឹក។ ​​​និយាយ​ដល់​ប្រជ្រុយ​វិញ​​ មិន​ថា​មាន​នៅ​កន្លែង​ណា​លើ​ជុំវិញ​មាត់​សុទ្ធ​តែ​ល្អ​ដរាប​ណា​វា ​មិន​មែន​ពណ៌​ខ្មៅ។ ​ប្រជ្រុយ​ក្រហម​នៅ​លើ​មាត់​បញ្ជាក់​ថា ​មនុស្ស​នោះ​មិន​ខ្វះ​ចំណី​ចំណុក​​ហូប​ចុក​ឡើយ។ ​​

​​​សាក​ឆ្លុះ​កញ្ចក់​មើល​មុខ​របស់​អ្នក​​បន្តិច​មើល៍​ថា ​មាន​លក្ខណៈ​ដូច​រៀបរាប់​ក្នុង​ ៨ ​ចំណុច​ខាង​លើ​ឬ​អត់?​

 

អាន៖ ងងុយ​គេង​ពេល​ធ្វើ​ការ​ត្រូវ​ធ្វើ​យ៉ាង​ណា?

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖​​ wofs​​

អត្ថបទថ្មី