ងងុយ​គេង​ពេល​ធ្វើ​ការ​ត្រូវ​ធ្វើ​យ៉ាង​ណា?

  • 2015-05-11 17:55:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិធីសាស្ត្រ​ដែល​ល្អ​បំផុត​នៅ​ពេល​ងងុយ​គេង​គឺ​ទៅ​គេង ប៉ុន្តែ​ពេល​ធ្វើ​ការ​វិញ​ប្រាកដ​​ធ្វើ​បែប​នេះ​មិន​បាន​ទេ។ ធ្វើ​ការ​មួយ​ថ្ងៃ​ពេញ សម្រាក​ថ្ងៃ​ត្រង់​តែ​មួយ​ម៉ោង​ឬ​មួយ​ម៉ោង​កន្លះ​ ត្រូវ​​ប្រឈម​នឹង​ការ​​​ងងុយ​គេង​ពេល​ធ្វើ​ការ​មិន​ខាន​។ បើ​ដូច​នេះ​ត្រូវ​ធ្វើ​យ៉ាង​ណា? អស់​បារម្ភ​! ថ្ងៃ​នេះ ​Sabay​ សូម​ណែ​នាំ​នូវ​វិធី​ដែល​មាន​ប្រសិទ្ធភាព​ដែល​ប្រិយមិត្ត​ Sabay បាន​ចូល​រួម​ធ្វើ​ការ​ចែក​រំលែក។

 

តោះ!! ​អាន​ទាំង​អស់​គ្នា៖​

 

១. ញ៉ាំ​កាហ្វេ​ឬ​ទឹក​ក្ដៅ

​ វា​ពិត​ជា​មាន​ប្រសិទ្ធ​ភាព​ណាស់ ព្រោះ​​រវល់​តែ​ផ្លុំ​កាហ្វេ ឬ​ទឹក​ក្ដៅ​ គ្មាន​ពេល​ដើម្បី​​នឹក​រឿង​ងងុយ​គេង​ទេ។ នេះ​ជា​ការ​អះ​អាង​របស់​កញ្ញា​ អូន សុជីតា​។ «​ម្យ៉ាង​ទៀត​កាល​នៅ​រៀន​លោក​គ្រូ​ធ្លាប់​ប្រាប់​​ឱ្យ​ញ៉ាំ​ទឹក​ក្ដៅ​​ឧណ្ហ​ៗ​ ព្រោះ​វា​ធ្វើ​ឱ្យ​យើង​​បែក​ញើស​ស្វាង​ងងុយ! ពេល​ងងុយ​គេ​ខ្ញុំ​​ចូល​ចិត្ត​ញ៉ាំ​ទឹក​ក្ដៅ​ជាង​កាហ្វេ​ ព្រោះ​ញ៉ាំ​កាហ្វេ​ញឹក​ពេក​មិន​ល្អ​ទេ! ផុត​ពី​ងងុយ​គេង​អាច​ទៅ​ជា​ឈឺ​ក្បាល»។ សុជីតា​បន្ថែម។

 

២. ដើរ​និយាយ​ជា​មួយ​​មិត្ត​រួម​ការងារ

 

«​នៅ​ស្ងាត់​ៗ កាន់​តែ​ងងុយ​គេង​ថែម​ អញ្ចឹង​មាន​​តែ​ដើរ​និយាយ​ជាមួយ​គេ​ឯង​ សើច​ឱ្យ​ឮៗ​ បែប​នេះ​វា​ធ្វើ​ឱ្យ​ស្វាង​បាន​!» នេះ​ជា​ការ​ណែ​នាំ​​របស់​កញ្ញា គី កណ្ណិកា។ កញ្ញា​បាន​បន្ថែម​ទៀត​ថា​ ការ​ធ្វើ​ចលនា​វា​ជួយ​យើង​បាន​ច្រើន​​ដើម្បី​កាត់​បន្ថយ​ការ​ងងុយ​គេង​ក្នុង​ម៉ោង​ធ្វើ​ការ ទោះ​យ៉ាង​ណា​ក៏​វា​ប្រសើរ​ជាង​ទ្រាំ​​អង្គុយ​នៅ​តុ​ធ្វើ​ការ​ទាំង​ងក់​ដែរ​ បើ​ប្រធាន​មក​គេ​​អាច​ថា​យើង​ខ្ជិល​ក៏​ថា​បាន។

 

 

៣. ស្ដាប់​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍

 

បើ​ខ្ជិល​​ដើរ​ទៅ​កន្លែង​អ្នក​ផ្សេង​ដើម្បី​និយាយ​គ្នា​ យើង​អាច​ធ្វើ​ការ​​បណ្ដើរ​ស្ដាប់​ចម្រៀង​​ញាក់​បណ្ដើរ​។ លោក​ ហេង ដារ៉ា បាន​ប្រាប់​ថា «​កុំ​ស្ដាប់​ឱ្យ​សោះ​ចម្រៀង​យឺត​ៗ កម្សត់​ៗ រ៉ូមែនទិក! ស្ដាប់​បទ​ណា​ញាក់​ៗ​​សប្បាយ​ៗ ងក់​ក្បាល​តាម​ភ្លេង​តិច​ៗ ដូច្នេះ​​វា​មិន​សូវ​ងងុយ​គេង! ហើយ​ល្បឿន​ការងារ​​​ក៏​ដំណើរ​ការ​ទៅ​មុខ»។

 

៤. លុប​មុខ​ឱ្យ​ត្រជាក់ ​កញ្ញា​ ផា ករុណា បាន​ឱ្យ​យោបល់​ថា «​ខ្ញុំ​ចូល​ចិត្ត​លប់​មុខ​​ជា​មួយ​ទឹក​ឱ្យ​ត្រជាក់​មុខ! ដូច​មើល​ក្នុង​រឿង​ចិន​ចឹង​ពេល​គេ​ធ្វើ​បាប​អ្នក​ទោស​ដល់​សន្លប់​គេ​យក​ទឹក​មក​ជះ​ដើម្បី​ឱ្យ​ដឹង​ខ្លួន! អញ្ចឹង​​ពេល​ងងុយ​គេង​ដូច​គ្នា ទៅ​លុប​មុខ​ឱ្យ​ស្រស់​ថ្លា​​ស្រស់​ស្រាយ​! វិធី​នេះ​ខ្ញុំ​ធ្វើ​បាន​ផល​រាល់​ដង»។

 

៥. ទំពា​ស្ករ​កៅស៊ូ

 

លោក​ រតនា វិចិត្រ ​បាន​ឱ្យ​ដឹង​ថា​ការ​ទំពា​ស្ករ​កៅស៊ូ​​​ជា​ពិសេស​រស់​ជាតិ​ហឹរ​វា​ជួយ​រំញោច​ឱ្យ​ខួរ​ក្បាល​មាន​ការ​ផ្ដោត​អារម្មណ៍​លើ​ការងារ​និង​មិន​ងងុយ​គេ​ព្រោះ​មាត់​រវល់​ទំពា​​រហូត គ្មាន​ពេល​ទៅ​នឹក​នា​រឿង​គេង​ទេ។

 

ទាំង​នេះ​គឺ​ជា​បទ​ពិសោធន៍​របស់​ប្រិយមិត្ត​ Sabay ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​​ផ្សេងៗ។ ចុះ​ចំណែក​អ្នក​ដែល​មាន​តួនាទី​គ្រប់​គ្រង​បុគ្គលិក​វិញ?

 

កញ្ញា សេង សាន់​​ជីវ៉ា ជា​ប្រធាន​រដ្ឋបាល​នៃ​ក្រុមហ៊ុន​ឯក​ជន​មួយ​បាន​ឱ្យ​ដឹង​ថា កន្លែង​ធ្វើការ​ភាគ​ច្រើន​សម្រាក​តែ​មួយ​ម៉ោង​ ដូច្នេះ​ឱ្យ​​បុគ្គលិក​សម្រាក​បន្តិច​បន្តួច​ដើម្បី​យក​កម្លាំង​ធ្វើការ​ឱ្យ​មាន​ប្រសិទ្ធភាព​ និង​លទ្ធផល​នោះ​ជា​ការ​ប្រសើរ។ កញ្ញា​ ជីវ៉ា បាន​បន្ត​ថា​ «​ងងុយ​គេង​ក្នុង​ម៉ោង​ធ្វើ​ការ​មិន​មែន​មាន​ន័យ​ថា​ខ្ជិល​ទេ  ​ខ្ញុំ​ក៏​ធ្លាប់​ដែរ! ចឹង​បើ​ឃើញ​បុគ្គលិក​ងងុយ​គេង​ខ្ញុំ​តែង​តែ​ប្រាប់​គាត់​​ថា​ធ្វើ​ម៉េច​ឱ្យ​បាត់! ណា​មួយ​ការ​ងងុយ​គេង​មិន​មែន​កើត​ឡើង​រាល់​ថ្ងៃ​ទេ»៕​​​​​

 

អានអត្ថបទ៖ វេជ្ជបណ្ឌិត​ខ្មែរពន្យល់​ពី​បញ្ហា​អង្កែ​​ធ្វើ​​​ឱ្យ​​​ប៉ះ​​ពាល់​​ដល់​​សក់​​ហួស​​ស្មាន!

 

អត្ថបទ៖ គង់ ច័ន្ទវ៉ាន់ណេង

អត្ថបទថ្មី