កម្មវិធី "American Idol” នឹងបាត់ខ្លួនរហូតក្រោយចប់រដូវកាលទី ១៥
- 2015-05-12 15:30:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធី "American Idol” នឹងបាត់ខ្លួនរហូតក្រោយចប់រដូវកាលទី ១៥
ចន្លោះមិនឃើញ
ទូរទស្សន៍ Fox ឲ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញថា កម្មវិធីតន្ត្រីដ៏ជោគជ័យក្នុងប្រវត្តិសាស្ត្រអាមេរិក "American Idol” នឹងបាត់មុខជារៀងរហូតក្រោយចប់រដូវកាលទី ១៥ ដែលនឹងចាប់ផ្ដើមចាក់ផ្សាយនៅខែមករាឆ្នាំក្រោយ។
កម្មវិធីដែលធ្លាប់ជាប់ជាកម្មវិធីមានប្រជាប្រិយបំផុតរបស់ប៉ុស្តិ៍ Fox បានធ្លាក់ចុះប្រជាប្រិយភាពខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយ ខណៈកម្មវិធីគូប្រជែងធំៗផ្សេងៗទៀតដូចជា "Got Talent” និង "X Factor” បានស្រូបទាញប្រជាប្រិយភាពគួរឲ្យកត់សម្គាល់។
សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ "American Idol" ឆ្នាំ ២០១៤ មានចំនួនអ្នកទស្សនានៅអាមេរិកសរុបត្រឹម ១០,៦ លាននាក់ប៉ុណ្ណោះ បើប្រៀបធៀបនឹងកម្មវិធីគូប្រជែងគឺ "The Voice” របស់ប៉ុស្តិ៍ NBC ដែលមាន ១១,៦ លាននាក់។ កម្មវិធីនេះធ្លាប់ឈានដល់ចំណុចកំពូលអំឡុងឆ្នាំ ២០០៥ ដែលមានចំនួនអ្នកទស្សនា ៣០ លានដង និងបានបង្កើតតារាចម្រៀងល្បីថ្មីៗជាច្រើនដូចជា Kelly Clarkson និង Carrie Underwood។
សមាសភាពពិធីករ និងគណៈកម្មការរដូវកាលទី ១៥៖ (រាប់ពីឆ្វេងទៅស្តាំ) Ryan Seacrest, Keith Urban, Jennifer Lopez និង Harry Connick, Jr.
រដូវកាលចុងក្រោយនឹងមានវត្តមានពិធីករល្បី Ryan Seacrest ដែលជាពិធីករតាំងពីដើមរហូតដល់បិទកម្មវិធី និងគណៈកម្មការបច្ចុប្បន្នដូចជា Jennifer Lopez, Keith Urban និង Harry Connick, Jr.។
លោក Ropert Murdoch ម្ចាស់ទូរទស្សន៍ Fox ធ្លាប់បង្ហើបកាលពីឆ្នាំទៅមិញថា កម្មវិធី "American Idol” អាចនឹងបិទចោលដោយសារការធ្លាក់ចុះនៃចំណូលផ្សាយពាណិជ្ជកម្មរបស់ទូរទស្សន៍នៅប៉ុន្មានឆ្នាំចុងក្រោយ។ ពេលនោះលោកនិយាយដូច្នេះ៖ "យើងដឹងថា វាជិតដល់ទីបញ្ចប់ហើយ"។
កម្មវិធី "American Idol” ដំបូងឡើយមានគណៈកម្មការដូចជាផលិតករតន្ត្រីលោក Randy Jackson ដែលបានចាកចេញក្រោយនៅជាមួយកម្មវិធីអស់ ១៣ រដូវកាល តារាចម្រៀង Paula Abdul ដែលដើរចេញនៅឆ្នាំ ២០០៩ និងលោក Simon Cowell ដែលដើរចេញនៅឆ្នាំ ២០១០។ ឆ្នាំបន្តបន្ទាប់ពីនោះ ទើបគេឃើញមានវត្តមានតារាចម្រៀងល្បីធ្វើជាគណៈកម្មការដូចជា តារាចម្រៀង Miriah Carey, Kara Dioguardi, Steven Tyler និងពិធីការិនីល្បី Ellen DeGeneres ជាដើម តែនៅតែមិនអាចទាញប្រជាប្រិយភាពបានមកវិញដដែល៕
អាន៖ វីដេអូថ្ងៃរៀបការរបស់ Chompoo និងសេដ្ឋីថៃ
ប្រែសម្រួល៖ សីហា ប្រភព៖ Channelnewsasia