តារា​ប្រុស​ស្រី​ល្បីៗ​កម្ពុជា គ្រោង​ជួប​គ្នា​ស្វាគមន៍ ISO របស់ Cambodia Beer

  • 2015-05-18 22:59:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ល្បី​ៗ​របស់​កម្ពុជា ដែល​មាន​ទាំង​តារា​សម្ដែង និង​តារា​ចម្រៀង​ផង គ្រោង​នឹង​ជួប​ជុំ​គ្នា​ល្ងាច​នេះ ក្នុង​កម្មវិធី ការ​ទទួល​បាន​វិញ្ញាបនបត្រ ISO របស់​ស្រាបៀ​កម្ពុជា។

 

ពួក​គេ​ទាំង​នោះ​មាន ឱក សុគន្ធ​កញ្ញា ប៊ុត សីហា ម្ចាស់​ពាន The Voice Cambodia ឆ្នាំ​ទី​១ លោក Jimmy Kiss និង​កញ្ញា ទេព បូព្រឹក្ស ជាដើម។ ពួក​គេ​នឹង​មាន​បទ​ចម្រៀង​ជា​ច្រើន​បទ​សម្រាប់​ស្វាគមន៍ និង​កំដរ​អារម្មណ៍​ភ្ញៀវ​កិត្តិយស​ដែល​តាម​ព័ត៌មាន​ខ្ទង់​ជាង ៧០០​នាក់ នឹង​មាន​វត្តមាន ដោយ​ក្នុង​នោះ គ្រាន់​តែ ប៊ុត សីហា តែ​ម្នាក់​ឯង​ត្រៀម ៦​បទ​ទៅ​ហើយ។

 

 

តាម​មន្ត្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​របស់​ក្រុមហ៊ុន​ស្រាបៀ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​តារា​ចម្រៀង​ប៉ុន្មាន​ដួង​ខាង​លើ តារា​សម្ដែង តារា​ម៉ូដែល​ជា​ច្រើន​ដួង​ទៀត​របស់​កម្ពុជា រួម​ជាមួយ​ថ្នាក់​ដឹកនាំ ក៏​ដូច​ជា​ប្រធាន​ក្រុមហ៊ុន អ្នកឧកញ៉ា អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​រូប​ទៀត​ផង ក៏​នឹង​មាន​វត្តមាន​ក្នុង​កម្មវិធី​ខាង​លើ​នេះ​ដែរ។

 

“នៅ​មាន​ក្រុម Cartoon Emoទៀត ដែល​ពួក​គេ​នឹង​មាន​ការ​សម្ដែង​រាំ​ពិសេស​របស់​ពួក​គេ។ ដោយ​ឡែក​ភ្ញៀវ​កិត្តិយស​វិញ ពី​ដំបូង​គ្រោង​តែ​ប្រមាណ​ជា ៧០០​នាក់​ទេ តែ​ឥឡូវ​ចេះ​តែ​ឡើង​ដល់​ជាង ៨០០​នាក់​ហើយ"។ លក្ខណ៍ មន្ត្រី​ទំនាក់​ទំនង​សាធារណៈ​របស់​ក្រុមហ៊ុន​ស្រាបៀ​កម្ពុជា​បន្ថែម។

 

សិល្បករ សិល្បការិនី​ខ្មែរ រួម​ជាមួយ​មន្ត្រី អ្នក​មុខ​អ្នក​ការ អ្នក​ឧកញ៉ា ជា​ដើម​ផង ពួក​គេ​នឹង​ចូល​រួម​ជា​កិត្តិយស​ក្នុង​កម្មវិធី​ប្រកាស​ពី​ការ​ទទួល​បាន​វិញ្ញាបនបត្រ​ពី​អង្គការ​ស្តង់ដារ​អន្តរជាតិ ហៅ​កាត់​ថា ISO ដែល​នឹង​ប្រព្រឹត្ត​ទៅ​ល្ងាច​នេះ​នៅ​សណ្ឋាគារ​សូហ្វីតែល។

 

តាម​លោក អ៊ឹម សុធារិទ្ធ នាយក​ផ្នែក​ទំនាក់​ទំនង​ក្រុមហ៊ុន​ស្រាបៀ​កម្ពុជា ប្រាប់​ថា វិញ្ញាបនបត្រ​ដែល​ក្រុមហ៊ុន​របស់​លោក​ទទួល​បាននា​ពេល​នេះ មាន​ចំនួន​​២ ក្នុង​នោះ​ទី​១​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការ​គ្រប់​គ្រង​គុណភាព និង​ទី​២​វិញ្ញាបនបត្រ​ផ្នែក​បរិស្ថាន។ "តាម​ពិត​យើង​ទទួល​បាន​តាំង​ពី​ខែ​មករា​ម្ល៉េះ ក្រោយ​គេ​ចុះ​មក​អង្កេត​ធ្វើ​ការ​ជាមួយ​យើង​ជិត​១​ឆ្នាំ ហើយ​យប់​នេះ​គេ​នឹង​ប្រគល់​ឲ្យ​យើង​ផ្លូវ​ការ​ ដោយ​លោក ចនស្តុន មក​ពី​អង់គ្លេស​មក​ប្រគល់​ឲ្យ​យើង​​ផ្ទាល់នៅ​មុខ​ឯកឧត្តម ចម ប្រសិទ្ធ ជា​សាក្សី"។ លោក បន្ថែម។

 

សមិទ្ធផល​នេះ លោក សុធារិទ្ធ ថ្លែង​ថា គឺ​ជា​មោទនភាព និង​កិត្តិយស​របស់​ក្រុមហ៊ុន​ស្រាបៀ​កម្ពុជា​ក្នុង​នាម​ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​ខ្មែរ និង​បុគ្គលិក​បម្រើ​សុទ្ធ​ជា​ខ្មែរ។ នេះ​និយាយ​ចំពោះ​ក្រុមហ៊ុន ប៉ុន្តែ​និយាយ​ពី​អតិថិជន​វិញ នេះ​គឺ​សារ​សំខាន់​មួយ​ទាំង​អតិថិជន​បច្ចុប្បន្ន និង​អតិថិជន​នា​ពេល​អនាគត​របស់​ក្រុមហ៊ុន ដែល​អាច​ឲ្យ​ពួក​គេ​កាន់​តែ​មាន​ទំនុក​ចិត្ត។ លោក ថ្លែង​ទៀត​ថា ក្រុមហ៊ុន​នឹង​ខិត​ខំ​ពង្រឹង​បន្ថែម​ទៀត​​មិន​ឈប់​ឈរ​ឡើយ ៕

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី