Rock ធ្វើសន្និសីទពីរឿងរសើបពាក់ព័ន្ធនឹងភាពយន្តថ្មី
- 2015-05-18 23:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rock ធ្វើសន្និសីទពីរឿងរសើបពាក់ព័ន្ធនឹងភាពយន្តថ្មី
ចន្លោះមិនឃើញ
រឿងរសើបចំនួនពីរពាក់ព័ន្ធនឹងរឿង "បងទុំ អូនទាវ ២០១៥" ទី១ចំណងជើង ទី២ឈុតព្រះសង្ឃរងវិជ្ជាសិល្ប៍ខ្មោចស្រីខ្ទាតទៅទើរលើចុងឬស្សី ត្រូវផលិតកម្ម Rock បានបើកធ្វើសន្និសីទសារព័ត៌មានមួយនាព្រឹកមិញ។
សន្និសីទនេះ ក្រោយពីចំណុចរសើបទាំងពីរខាងលើ ត្រូវបានធ្វើឲ្យមានការភ្ញាក់ផ្អើល រួមជាមួយនឹងការចាប់អារម្មណ៍នាពេលកន្លងមក ហើយក្នុងនោះ ក៏មានការរិះគន់ពីប្រិយមិត្តមួយចំនួនដែរ។ បន្ថែមពីលើនេះ ក្រសួងវប្បធម៌ តាមរយៈនាយកដ្ឋានភាពយន្ត ក៏មិនទាន់ឯកភាព ១០០% ទៀតចំពោះចំណុចរសើបទាំងពីរខាងលើ។ ទី១ខ្លាចខូចដល់រឿង "ទុំទាវ" ទី២ខ្លាចប៉ះពាល់សាសនា។
និយាយពីបញ្ហាចំណងជើងមុន "បងទុំ អូនទាវ លោក យឹម សុសត្យា ប្រធានគ្រប់គ្រងការផលិតរបស់ផលិតកម្ម Rock បានអធិប្បាយថា មុនពេលចាប់ផ្ដើមសរសេរ លោកបានសិក្សាស្រាវជ្រាវដិតដល់ចំពោះរឿង "ទុំទាវ" និងបានរកឃើញថា រឿងមួយនេះ អ្នកនិពន្ធមិនមែនមានតែម្នាក់ទេ។
លោក ថ្លែងទៀតថា រឿង"ទុំទាវ" ដែលសិក្សាឃើញដោយលោក អេង សុទ្ធ ត្រូវបានគេចារទុកក្នុងសាស្ត្រាស្លឹករឹតរួចហើយក្នុងសម័យលង្វែក ក្នុងរាជស្ដេចបរមិន្ទ្ររាជាឆ្នាំ ១៥៦៨-១៥៧៦។ បន្ទាប់មកទៀត ១៨៥៧ ឧកញ៉ា សន្ធរ វោហាម៉ុក បានយករឿង "ទុំទាវ" មកចងក្រងធ្វើជាកំណាព្យពាក្យ ៧។ លុះឆ្នាំ ១៩១៥ ភិក្ខុសង្ឃព្រះនាម ងួន សម បាននិពន្ធសារជាថ្មីទៀតដោយមានការកែប្រែខ្លះ។
រហូតដល់ឆ្នាំ ១៩៤២ មានអ្នកនិពន្ធម្នាក់ទៀតឈ្មោះ ឧកញ៉ា នូ កន បានធ្វើរឿងនេះដែរ ដោយដូរចំណងជើងថា "ទាវឯក"។ លោកថា ឆ្លងតាមរយៈនេះ ឃើញថាមានការកែប្រែច្រើន ក្នុងនោះសូម្បីតែកំណាព្យមួយឃ្លាក្នុងរឿងនេះ ក៏មានប្រើពាក្យពេចន៍ខុសគ្នាដែរ។
"ក្រោយមកទៀត ខ្ញុំបានសិក្សាស្រាវជ្រាវពីកម្មសិទ្ធិបញ្ញា។ កម្មសិទ្ធិបញ្ញានៅប្រទេសកម្ពុជាយើងទើបស្គាល់ឆ្នាំ ១៩៩៥ និងក្រោយមកបានចងក្រងជាសៀវភៅ។ អីចឹងចំណុចនេះ ខ្ញុំនិយាយថារឿង "ទុំទាវ" ជាកម្មសិទ្ធិរបស់អ្នកនិពន្ធរូបណា គឺមិនទាន់ច្បាស់ទេ គ្រាន់តែក្នុងនោះ គេមានចែងពីសិទ្ធិបេតិកភណ្ឌ ដែលនឹងត្រូវទទួលបានការពារដែរចំពោះ អ្នកនិពន្ធណាដែលចងក្រងជាសៀវភៅឡើង"។
លោក យឹម សុសត្យា បន្តថា លោកនិយាយដល់ចំណុចនេះ គឺចង់ឆ្លើយតបនឹងការរិះគន់មួយចំនួនដែលមិនមានលក្ខណៈស្ថាបនា។ លោកថា លោកផលិតរឿង "បងទុំ អូនទាវ ២០១៥" ឡើងជាមួយនឹងការបារម្ភបំផុត ខ្លាចមានការប៉ះពាល់ដល់រឿង "ទុំទាវ" ដោយសារជារឿងល្បីបំផុតក្នុងផ្នត់គំនិតប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់។
"អីចឹងហើយ ខ្ញុំបានយកគោលគំនិតតែមួយទេក្នុងរឿងហ្នឹង គឺភក្ដីភាព ក៏ដូចជាភាពស្មោះស្ម័គ្រ ដែលតួប្រុសតួស្រី ស្រឡាញ់ស្មោះស្ម័គ្រតាំងពីនៅជាមនុស្សរហូតដល់ស្លាប់ទៅជាខ្មោចហើយ ក៏នៅតែស្មោះស្ម័គ្រនឹងគ្នាទៀត។ ក្រៅពីនេះ ខ្ញុំសម្លឹងមើលទីផ្សារបច្ចុប្បន្ន។ អីចឹងរឿង "បងទុំ អូនទាវ ២០១៥" អត់មានធ្វើឲ្យប៉ះពាល់ដល់រឿង ទុំទាវ ទេ"។
ដោយឡែកចំពោះឈុតព្រះសង្ឃរងវិជ្ជាសិល្ប៍ខ្មោចស្រីទៅទើលើចុងឬស្សីនោះ ក៏ដូចគ្នា។ លោក សត្យា ប្រាប់ថា លោកបានជួបសម្ភាសន៍ជាមួយព្រះសង្ឃ និងព្រះសង្ឃជាន់ខ្ពស់ជាច្រើនអង្គ មានសម្ដេចសង្ឃប៊ូគ្រី និង នន់ ង៉ែត ជាដើម ព្រះអង្គសុទ្ធតែមានសង្ឃដីកាថា មិនប៉ះពាល់ដល់សាសនាទេ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអះអាងថា ក្រោយពិនិត្យពិចារណាល្អិតល្អន់ លោកថា ចំណងជើងមិនប៉ះពាល់ដល់រឿងទុំទាវទេ ក្នុងនោះកុំឲ្យតែយករឿងដើមទាំងស្រុងមកកែប្រែ ឬក៏សរសេរសាច់រឿងផ្សេង ដាក់ចំណងជើងថា "ទុំទាវ"។ ប៉ុន្តែរឿងខាងលើ គ្រាន់តែការយកគោលគំនិតមួយប៉ុណ្ណោះ។
ដោយឡែកករណីទី២ លោក សាយ៉ា មានប្រសាសន៍ដែរថា ព្រះពុទ្ធសាសនាក៏មានលាយឡំនឹងជំនឿដែរ ក្នុងនោះទៀតសោត ក៏មានរឿងតំណាលទៀតពីករណីព្រះសង្ឃ និងខ្មោច។ ត្រង់ថា អ្នកណាឈ្នះ អ្នកណាចាញ់ មិនមាននរណាហ៊ានបញ្ជាក់ទេ។ យ៉ាងណាក៏ដោយ ករណីទាំងពីរនេះលោកថា ក្រសួងមិនទាន់ធ្វើសេចក្ដីសម្រេចចុងក្រោយទេ ដោយទុកឲ្យប្រិយមិត្តទស្សនា និងធ្វើការវិនិច្ឆ័យខ្លួនឯង។
“ក្រសួងនឹងថ្លឹងថ្លែងពីការរិះគន់ ឬមិត្តយោបល់របស់ទស្សនិកជន អីចឹងក្រសួងនឹងអាចធ្វើការសម្រេចចុងក្រោយបាន"។
តាមព័ត៌មាន រឿង "បងទុំ អូនទាវ ២០១៥" គ្រោងនឹងដាក់បញ្ចាំងនៅថ្ងៃទី ២១ខែ ឧសភា នេះ៕
អត្ថបទ៖ ទារិកា