អ៊ុន សិទ្ធា លើក​ពាន​តារា​បង្ហាញ​ម៉ូដ​​​នៅ​ប្រទេស​កូរ៉េ​

  • 2015-05-19 16:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ម៉ូដែល អ៊ុន សិទ្ធា ថ្មី​ៗ​នេះ ត្រូវ​បាន​គេ​ឃើញ​លើក​ពាន​តារា​បង្ហាញ​ម៉ូដ​នៅ​ប្រទេស​កូរ៉េ ក្នុង​កម្មវិធី​មួយ​​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ KBS ដ៏​ល្បី​​របស់​កូរ៉េ។

 

 

សាមី​ខ្លួន បាន​ប្រាប់​ថា លោក​ពិត​ទទួល​បាន​ពាន​មួយ​មែន​នៅ​កូរ៉េ​ថ្មី​ៗ​នេះ ហើយ​កម្មវិធី​នោះ​មាន​ឈ្មោះ​ថា Asia Model Award 2015។ "បាទ​បង​ខ្ញុំ​ពិត​ជា​ទទួល​បាន​ពាន​មួយ​មែន​ហើយ​ការ​​ទៅ​ហ្នឹង​មិនមែន​ជា​ការ​ប្រកួត​ទេ​បង គ្រាន់​តែ​តំណាង​ក្រុមហ៊ុន​បង្ហាញ​ម៉ូដ​របស់​ខ្មែរ​​ទើប​នឹង​បង្កើត​ថ្មី​មួយ​ឈ្មោះ Star Model ហើយ ខ្ញុំ និង អ៊ុន អាលីស្សា ត្រូវ​បាន​ជ្រើសរើស​ជា​តំណាង​តារា​បង្ហាញ​ម៉ូដ​កម្ពុជា​ទៅ​ចូល​រួម"។ សិទ្ធា ថ្លែង។

 

ទោះ​យ៉ាង​នេះ​ក្ដី អ៊ុន សិទ្ធា បាន​បង្ហាញ​ពី​អារម្មណ៍​ត្រេកអរ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ខាង​លើ​នេះ ដោយ​បាន​ចូលរួម​ជាមួយ​តារា​មក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​ផ្សេងទៀត ផ្សំ​នឹង​អ្វី​ដែល​លោក​ទទួល​បាន គឺ​បាន​លើ​អាជីព​ដែល​លោក​ស្រឡាញ់​បំផុត​ផង។

 

"នេះ​ជា​អាជីព​ដែល​ខ្ញុំ​ស្រលាញ់​បំផុត ហើយ​លើក​នេះ​ក៏​អាច​និយាយ​បាន​ថា​ជា​លទ្ធផល​ធំធេង​ហើយ​ពាន​ហ្នឹង​វា​ក៏​ប្រៀប​ដូចជា​សញ្ញាបត្រ​មួយ​ដែរ​ក្នុង​ការ​បញ្ជាក់​ប្រាប់​ថា​ខ្ញុំ​ជា​អ្នក​បង្ហាញ​ម៉ូដ​ម្នាក់​។ ខ្ញុំ​និង​កញ្ញា​ អ៊ុន អាលីហ្សា បាន​ទទួល​ពាន​ម្នាក់​មួយ​តំណាង​ឲ្យ Super Starរបស់​ប្រទេស​កម្ពុជា"។

 

 

កម្មវិធី​បាន​ដំណើរ​ការ​រយៈ​ពេល​៥​ថ្ងៃ​ដោយ​រាប់​តាំង​ពី​ថ្ងៃ​ទី​២០ខែ​មេសា​រហូត​ដល់​ថ្ងៃ​ទី២៥​ខែ​ឆ្នាំ​ដដែល។ ទោះ​យ៉ាង​នេះ​ក្ដី សម្រាប់​លោក និង​តារា​មក​ពី​ប្រទេស​ផ្សេង​ត្រូវ​ ត្រូវ​តម្រូវ​ឲ្យ​ទៅ​ដល់​តាំង​ពី​ថ្ងៃ​១៤​មេសា​មក​ម្ល៉េះ។ សិទ្ធា ប្រាប់​ថា ក្រៅ​ពី​លោក និង អាលីហ្សា នៅ​មាន​តារា​ខ្មែរ​២គូ​ទៀត​ប៉ុន្តែ​ថា លោក​អត់​បាន​ចាំ​ឈ្មោះ​ពួក​គេ​ទេ។

 

ទាក់ទង​ទៅ​នឹង​ការ​កម្មវិធី​ខាង​លើ​នេះ​ដដែល តួ​ប្រុស​ក្នុង​រឿង "ក្រមុំ​សៅកែ" រូប​នេះ ប្រាប់​ថា គឺ​ផ្ដោត​ទៅ​លើ​ការ​បង្ហាញ​ម៉ូដ និង​ស្នាដៃ​របស់​អ្នក​រចនា​ម៉ូដ​សំលៀក​បំពាក់​របស់​តារា​មក​ពី​ប្រទេស​នានា។ សម្រាប់ សិទ្ធា និង​អាលីហ្សា ទទួល​បាន​ការ​​ឧបត្ថម្ភ​ពី​ហាង​កាត់ដេរ ខេមរិន្ទ សម្រាប់​ដំណើរ​​ទៅ​ប្រលង​នៅ​ប្រទេស​កូរ៉េ​ថ្មី​ៗ​នេះ៕

 

 

 

សិទ្ធា(ខាង​ស្ដាំ​បង្អស់) ជាមួយ​បេក្ខភាព​ផ្សេង​ទៀត​ក្នុង​កម្មវិធី ASIA MODEL AWARD 2015

 

 

រូប​ភាព៖ ផ្ដល់​ដោយ សិទ្ធា

 

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម
អត្ថបទថ្មី