បែកធ្លាយ Luhan របស់​ក្រុម EXO ប្ដឹង​សុំ​​ដើរ​ចេញ​ពី​ផលិតកម្ម SM

  • 2014-10-10 17:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​រឿងរ៉ាវ​របស់ Jessica មិន​ទាន់​ស្ងប់ស្ងាត់​ផង ឥលូវ​នេះ​ក៏​មាន​ព័ត៌មាន​ថា​ តារា​ចម្រៀង​សញ្ជាតិ​ចិន Luhan ជា​សមាជិក​ក្រុម EXO បាន​ក្លាយ​ជា​តារា​ម្នាក់​ទៀត​ដែល​​ដាក់​ពាក្យ​បណ្ដឹង​សុំ​បញ្ចប់​កុងត្រា​ជាមួយ​ផលិតកម្ម SM Entertainment។

 

 

យោង​តាម​សារព័ត៌មាន​កូរ៉េ​នានា​ដែល​ចុះ​ផ្សាយ​នៅ​ព្រឹក​នេះ បាន​ឲ្យ​ដឹង​ថា Luhan បាន​ដាក់​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ទៅ​តុលាការ​ទីក្រុង​សេអ៊ូល នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​តុលា នេះ ហើយ​ក្នុង​នោះ​សារព័ត៌មាន TV Daily ក៏​បាន​បង្ហាញ​នូវ​រូបភាព​នៃ​ឯកសារ​ពាក្យ​បណ្ដឹង​ដែល​មាន​ឈ្មោះ​ Lu Han ដែរ។ ក្នុង​ពាក្យ​បណ្ដឹង​នេះ Luhan បាន​ទាមទារ​ឲ្យ​មាន​ការ​លុប​ចោល​កិច្ច​សន្យា​ជាមួយ​ផលិតកម្ម ក៏​ដូច​ជា​ពាក្យ​បណ្ដឹង​របស់​អតីត​សមាជិក Kris របស់​ក្រុម​ EXO ដែរ។

 

របាយការណ៍​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា មេធាវី​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​ក្ដី​របស់​ Luhan គឺ​ជា​មេធាវី​តែ​មួយ​ដែល​បាន​ការពារ​ក្ដី​របស់ Kris។

 

ព័ត៌មាន​នេះ​បាន​លេច​ឡើង ក្រោយ​ពី​ការ​សង្ស័យ​ជា​ច្រើន​របស់​អ្នក​គាំទ្រ​ជុំ​វិញ អវត្តមាន​របស់ Luhan នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់​ SMTOWN មួយ​រយៈ​ចុង​ក្រោយ​នេះ ដែល​ផលិតកម្ម SM ធ្លាប់​អះអាង​ថា​ Luhan មិន​បាន​ចូល​រួម​សម្ដែង​ដោយ​សារ​បញ្ហា​សុខភាព។ យ៉ាង​ណា​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់​ដែល នាំ​ឲ្យ​តារា​វ័យ ២៤​ឆ្នាំ​រូប​នេះ​សម្រេច​ចិត្ត​ដើរ​ចេញ​បែប​នេះ​ទេ។​​​​

 

​នៅ​ឆ្នាំ​២០១៤​នេះ​ ផលិតកម្ម SM Entertainment ហាក់​មាន​ជម្លោះ​​ច្រើន​ជាមួយ​តារា​ចម្រៀង​របស់​ខ្លួន ដែល​ដំបូង Kris របស់​ក្រុម EXO បាន​ប្ដឹង​សុំ​ដើរ​ចេញ​ពី​ផលិតកម្ម​កាល​ពី​៤​ខែ​មុន បន្ទាប់​មក​បញ្ហា​​ផ្អាក​សកម្មភាព Sulli របស់​ក្រុម f(x) បន្ទាប់​ពី​ធ្លាយ​រឿង​នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​ចម្រៀង Choiza របស់​ក្រុម Dynamic Duo ហើយ​នៅ​ថ្មី​ៗ​នេះ​គឺ​ពាក់ព័ន្ធ​នឹង​ការ​ដក Jessica ចេញ​ពី​ក្រុម Girls' Generation ៕

អានអត្ថបទ៖ Jessica បង្ហាញ​សារ​ឈឺចាប់ ក្រោយ​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្រុម Girls’ Generation ជា​ផ្លូវការ

អានអត្ថបទ៖ក្រោយ​ដើរ​ចេញ​ពី SNSD ​Jessica​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​​​ហាង​ Fashion ​​ខ្លួន​ឯង

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ mwave ,allkpop

អត្ថបទពេញនិយម