ទីបំផុត ចន ច័ន្ទលក្ខិណា ព្រមទទួលស្គាល់ចំណងស្នេហ៍ជាមួយបុរសពោះម៉ាយ
- 2015-05-20 16:54:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត ចន ច័ន្ទលក្ខិណា ព្រមទទួលស្គាល់ចំណងស្នេហ៍ជាមួយបុរសពោះម៉ាយ
ចន្លោះមិនឃើញ
បន្ទាប់ពីព្យាយាមមិនបកស្រាយជុំវិញចំណងស្នេហ៍ជាមួយបុរសវ័យជាង៣០ឆ្នាំ ដែលគេឃើញបណ្ដើរគ្នាដើរកម្សាន្តដល់ទីក្រុងឌូបៃ ហើយត្រូវសារព័ត៌មានក្នុងស្រុកចុះផ្សាយជាហូរហែនោះ ទីបំផុត អ្នកមេម៉ាយ ចន ច័ន្ទលក្ខិណា បានព្រមទទួលស្គាល់ថា អ្នកនាង និងបុរសរូបនោះ ពិតជាមានទំនាក់ទំនងស្នេហ៍ជាមួយគ្នាមែន។
"ចាស...ពិតមែនតើ...” ចន ច័ន្ទលក្ខិណា បានឆ្លើយយ៉ាងខ្លីតបនឹងសំណួរ Sabay នៅក្នុងខួបកំណើតកូនស្រី តារាចម្រៀង អ៊ិត ស្រីពីន សប្ដាហ៍មុន ពីអ្វីដែលសារព័ត៌មានក្នុងស្រុកនានាបានចុះផ្សាយថ្មីៗនេះ ជុំវិញទំនាក់ទំនងរបស់នាង និងបុរសម្នាក់ដែលគេឃើញថតរូបផ្អែមល្ហែមជាមួយគ្នា ក្នុងដំណើរកម្សាន្តដល់ទីក្រុងឌូបៃ និងទីកន្លែងផ្សេងទៀត។
បុរសរូបនោះ មានឈ្មោះ ហេង ឡុង ជាបុរសពោះម៉ាយ មានវ័យ ៣៦ឆ្នាំ។ ចន ច័ន្ទលក្ខិណា បានរៀបរាប់ទៀតថា នាង និងលោក ហេង ឡុង បានជួបស្គាល់គ្នា និងស្រឡាញ់គ្នាប្រមាណជាកន្លះឆ្នាំហើយ ដែលដំបូងឡើយ ទំនាក់ទំនងមួយនេះកើតឡើងដោយសារតែការណែនាំពីមិត្តភ័ក្ដិមួយចំនួន។ ក្រោយពីសិក្សាយល់ចិត្តគ្នារយៈពេលខ្លី អ្នកនាងក៏ព្រមទទួលចំណងមួយនេះ។
ចំពោះហេតុផល តារាស្រីវ័យ ៣៥ឆ្នាំរូបនេះ អះអាងថា លោកហេង ឡុង គឺជាបុរសមានការទទួលខុសត្រូវ ត្រូវនឹងអ្វីដែលខ្លួនចង់បាន។ "សម្រាប់ខ្ញុំ ខ្ញុំត្រូវការបុរសដែលមានការទទួលខុសត្រូវខ្ពស់ ហើយគាត់ ខ្ញុំមើលឃើញថា គាត់ជាមនុស្សមានការទទួលខុសត្រូវខ្ពស់ នេះហេតុផលមួយ ឯមួយទៀតអាចដោយសារយើងជាមេម៉ាយ និងពោះម៉ាយដូចគ្នាដែរ(សើច)!”។
លោក ហេង ឡុង និង ចន ច័ន្ទលក្ខិណា ជាពោះម៉ាយ និងមេម៉ាយកូនមួយដូចគ្នា ក្រោយបាក់បែកជីវិតគូរៀងខ្លួន ក្នុងនោះទាំងសង្ខាងសុទ្ធតែមិនមានបន្ទុកកូនដូចគ្នា ដោយ ចន ច័ន្ទលក្ខិណា កូនស្រី ត្រូវតុលាការកាត់ឲ្យស្ថិតក្នុងបន្ទុកអតីតស្វាមី ឯលោក ឡុង កូនតែម្នាក់ ក៏ត្រូវកាត់ឲ្យស្ថិតក្នុងបន្ទុកអតីតភរិយាដែរ។
បើទោះជាបើកទម្លាយពីទំនាក់ទំនងស្នេហ៍ ស្របពេលទាំងសង្ខាងមិនជាប់ពាក់ព័ន្ធរឿងកូនផងក្ដី ប៉ុន្តែ តារាសម្ដែង និងម៉ូដែលរូបនេះ គ្មានគម្រោងធ្វើពិធីភ្ជាប់ពាក្យ ឬរៀបការឆាប់ៗនេះទេ។ អ្នកនាង ថ្លែងថា រឿងជាច្រើនបានកើតឡើងចំពោះអ្នកនាងពាក់ព័ន្ធរឿងរ៉ាវជីវិតគូមួយរយៈចុងក្រោយនេះ។ ដូច្នេះនាង មិនទាន់បានត្រៀមខ្លួន សម្រាប់ជីវិតគូជាថ្មីក្នុងពេលឆាប់ៗទេ។
ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង(រូបថត៖facebook)
“អត់ទាន់ទេ ខ្ញុំចង់នៅទំនេរខ្លួនមួយរយៈសិន អីចឹងរឿងរៀបការគឺខ្ញុំអត់ទាន់គិតហ្មង និយាយទៅអាចយូរ គឺចាប់ពី២ឆ្នាំឡើងទៅដែរ"។ រយៈពេលនេះ ម្ចាស់ហាងសាឡនរូបនេះ អះអាងទៀតថា ចង់យកពេលសិក្សាគ្នាតទៅទៀត ក្នុងនោះក៏មិនបារម្ភដែរថា ពេលវេលាអាចធ្វើឲ្យចិត្តគូស្នេហ៍ផ្លាស់ប្ដូរ តែអ្នកនាងថា នេះវេលាពិសោធន៍មួយ។
“បើ២ឆ្នាំ ៣ឆ្នាំ គាត់ប្រែចិត្ត អីចឹងខ្ញុំដឹងតែបាយៗហើយ ព្រោះមនុស្សយើងបើអាចចាំគ្នាបាន យូរប៉ុណ្ណាក៏អាចចាំបានដែរ ហើយនៅតែស្រឡាញ់គ្នា តែបើរយៈពេលប៉ុណ្ណឹងគេបែកចិត្ត អាហ្នឹងយើងអាចចាត់ទុកថាសំណាងដែរ ព្រោះបានឃើញចរិតមនុស្សពិត"។ ចន ច័ន្ទលក្ខិណា ថ្លែង៕
អត្ថបទ៖ ទារិកា