ម្ចាស់មេដាយរូបវិទ្យាទ្វីបអាស៊ី ចង់រៀននៅ តិចណូ
- 2015-05-20 18:35:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់មេដាយរូបវិទ្យាទ្វីបអាស៊ី ចង់រៀននៅ តិចណូ
ចន្លោះមិនឃើញ
ជំនាញវិស្វកម្ម នៅ តិចណូ គឺជាគោលដៅ ដែល ហេង សូវីរ៉ូ សិស្សវិទ្យាល័យបាក់ទូក ដែលទើបឈ្នះមេដាយរូបវិទ្យា អូឡាំព្យាដអន្តរជាតិទ្វីបអាស៊ី ប៉ុនប៉ង សិក្សា ប្រសិនបើយុវសិស្សវ័យ១៨ឆ្នាំ ឆ្លងផុតបាក់ឌុបនៅខែសីហាខាងមុខ ហើយអ្វីដែលពិសេសគឺ រង្វាន់ជាង៧ពាន់ដុល្លារពីសម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន ក៏កំពុងរង់ចាំ។
កាលថ្ងៃទី ១៨ឧសភាម្សិលម៉្ងៃ ស៊ីវីរ៉ូ និងយុវតី ប្រាក់ ស៊ីវហូ សិស្សថ្នាក់ទី១២ វិទ្យាល័យមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលទទួលបានមេដាយកិត្តិយសនៅ អូឡាំព្យាដទ្វីបអាស៊ីលើកទី១៦ដែរនោះ បានទទួលកិត្តិយសចូលជួបសំណេះសំណាល ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន នៅវិមានសន្តិភាព។
សិស្សទី១២ឆ្នើមទាំង២នាក់ ទទួលបានរង្វាន់ម្នាក់៣០០០ដុល្លារអាមេរិកពីសម្ដេច ហើយ សូវីរ៉ូ ថានាយករដ្ឋមន្ត្រីមានប្រសាសន៍ថា បើជាប់បាក់ឌុប នឹងបានរង្វាន់ដូចអ្នកនិទ្ទេស A ឆ្នាំមុន គឺកាលនិទ្ទេស A ១១នាក់ ម្នាក់ៗ ទទួលបានប្រាក់៣០០០ដុល្លារ កុំព្យូទ័រយូដៃ Macbook ម៉ូតូ ដែលសរុបទៅក្បែរ៧ពាន់ដុល្លារ រួមនឹងការឧបត្ថម្ភសម្រាប់ការសិក្សា និង ការផ្ដល់អាហារូបករណ៍រហូតរៀនចប់។ «សម្ដេចលោកថា នឹងឲ្យពួកខ្ញុំនូវរង្វាន់ដូចអ្នកនិទ្ទេស A ឆ្នាំមុនអីចឹង បើខ្ញុំជាប់បាក់ឌុប គឺខ្ញុំរំភើបណាស់ ព្រោះនៅមានអាហារូបករណ៍ជាច្រើនទៀត»។ សូវីរ៉ូ បន្ថែម។
ងាកទៅការប្រលង អូឡាំព្យាដអន្តរជាតិទ្វីបអាស៊ី ថ្មីៗវិញ ហេង សូវីរ៉ូ ទម្លាយថាការប្រលងកម្រិតទ្វីបនោះ លំបាកខ្លាំងបើធៀបនឹងការប្រលងថ្នាក់ជាតិ ដែល សូវីរ៉ូ បានជាប់លេខ៦។ លំហាត់ប្រលង មានពីរផ្នែកគឺ ទ្រឹស្ដី និងការពិសោធន៍ ដែលសុទ្ធតែស្មុគស្មាញ។ លំហាត់នៅទីនោះគឺជាលំហាត់បង្កើតថ្មីទាំងអស់ មានចំណោទជ្រៅៗ ពិបាកយល់។ លំហាត់ទ្រឹស្តី មាន៣លំហាត់ធំៗ ហើយលំហាត់ធំ បង្កប់នូវលំហាត់តូចៗច្រើនទៀត។ សូវីរ៉ូ ប្រាប់ទៀតថា លំហាត់ពិសោធន៍វិញ គឺមានឧបករណ៍មួយឡាំង ដាក់ឲ្យដំឡើង ឲ្យពិសោធន៍ ដើម្បីស្រង់ទិន្នន័យ។
«លំហាត់គេជ្រៅៗណាស់ មិនដូចប្រលងថ្នាក់ជាតិយើង ដែលលំហាត់ភាគច្រើនយកចេញពីសៀវភៅអង់គ្លេស។ នៅយើង យើងអាចសរសេរសម្រាយ គ្រាន់បានពិន្ទុ តែទីនោះគេឲ្យខ្លីហើយខ្លឹម»។ សូវីរ៉ូ សិស្សវិទ្យាល័យបាក់ទូក ថ្លែងឡើងដូច្នេះ ទោះបានបុករៀនបំប៉ន៤ខែ មុនចេញដំណើទៅប្រកួតនៅទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន ។
សូវីរ៉ូ ដែលជាកូនពៅចំណោមបងប្អូន៣នាក់ និងមានម្ដាយជាអាជីវករថ្លែងមក Sabay ថា ជំនាញវិស្វកម្មនៅសាលា តិចណូ ជាអ្វីដែលខ្លួនប៉ុនប៉ងបើជាប់បាក់ឌុប និងថាអាហារូបករណ៍បរទេស ក៏ជាគោលដៅសំខាន់។ យុវជន ដែលចំណាយពី៣ទៅ៤ម៉ោងរៀនដោយខ្លួនពេលយប់បន្តថា៖ «ខ្ញុំគិតថារៀននៅ តិចណូ វាទាក់ទងច្រើននឹងរូបវិទ្យា ដែលខ្ញុំពូកែ។ មុខវិជ្ជាវិទ្យាសាស្ត្រខ្ញុំយល់ច្រើន»៕
សូវីរ៉ូ កន្លងមកធ្លាប់ជាប់លេខ៣នៃការប្រលងសិស្សពូកែរូបវិទ្យាទូទាំងប្រទេសកាលរៀនទី៩ ឆ្នាំ២០១២ ហើយជាប់លេខ៦ថ្នាក់ទី១២ឆ្នាំនេះ។ រីឯការប្រលងជ្រើសរើសអ្នកវិទ្យាសាស្រ្តវ័យក្មេង អូឡាំព្យាដអន្តរជាតិ លើកទី៩ កាលឆ្នាំ២០១២ នៅ ប្រទេសអ៊ីរ៉ង់ សូវីរ៉ូ ឈ្នះមេដាយប្រាក់៕
អត្ថបទ៖ ប៉ែន សុផាន់ណា