ជម្រើស​ជាតិ ២១៩ នាក់​ទទួល​បណ្តុះ​បណ្តាល​សីលធម៌​ មុនទៅស៊ីហ្គេម

  • 2015-05-21 15:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វគ្គ​បំប៉ន​ស្ដី​ពី​វិន័យ ​និង​ក្រម​សីលធម៌​​ដល់​ក្រុម​​ជម្រើស​ជាតិ​កម្ពុជា​​ដែល​ត្រៀម​ទៅ​​​ព្រឹត្តិការណ៍​កីឡា​ ស៊ីហ្គេម លើក​ទី ២៨ នៅ​ប្រទេស​សិង្ហបុរី មាន​សិក្ខាកាម​ចំនួន ២១៩ នាក់​​​ទទួល​ការ​បណ្ដុះ​បណ្ដាល​​រយៈ​ពេល​ ៣ ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី ២០ ដល់​ថ្ងៃ​ទី ២២ ខែ ឧសភា​ឆ្នាំ ២០១៥ នៅ​ទី​ស្ដី​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

ទិដ្ឋភាព​ថ្នាក់​ដឹកនាំ​​​បើក​វគ្គ​បំប៉ន​កាល​ម្សិលមិញ

​​​តាម​របាយ​ការណ៍​​របស់​លោក ប៊ុន សុខ​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​​បាន​ឲ្យ​ដឹង​ថា ​​វគ្គ​បំប៉ន​នេះ​មាន​ការ​ចូល​រួម​ពី​សិក្ខាកាម​ចំនួន ២១៩ នាក់​មាន​គ្រូ ៤៤ នាក់​​ក្នុង​ចំណោម​​​ប្រភេទ​កីឡា​​ចំនួន ២២ ប្រភេទ​ ។ ចំណែក​​គោល​បំណង​វិញ​គឺ​ ដើម្បី​ឲ្យ​គ្រូ​​បង្វឹក​ ​​គ្រូ​ជំនួយ​ និង​កីឡាករ​ កីឡា​ការិនី បាន​យល់​ដឹង​អំពី បេសកកម្ម​ និង ស្គាល់​តួនាទី​ ភារៈ​​កិច្ច​របស់​ខ្លួន​ប្រកាន់​ខ្ជាប់​នូវ​វិន័យ ក្រម​សីលធម៌​សេចក្ដី​ថ្លៃថ្នូរ ប្រកប​ដោយ​កិត្តិយស មោទនភាព​ជាតិ​ ក្នុង​ការ​ចូល​រួម​ប្រកួត​កីឡា​ ស៊ីហ្គេម លើក​ទី ២៨ នៅ​ប្រទេស​ សិង្ហបុរី ឲ្យ​ទទួល​បាន​ជោគជ័យ​ជួន​ជាតិ​មាតុភូមិ។

 

​របាយ​​ការណ៍​​បាន​លើក​ឡើង​ទៀត​ថា ​ការ​ប្រមូល​កីឡាករ ​កីឡា​ការិនី និង​គ្រូ​បង្វឹក​​នេះ​ត្រូវ​បាន​ជ្រើស​រើស​ចេញ​តាម​​រយៈ​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ប្រចាំ​ឆ្នាំ ដោយ​សហព័ន្ធ​កីឡា​ជាតិ ព្រម​ទាំង​ក្រសួង​អប់រំ យុវជន ​និង​កីឡា​បាន​ដាក់​លក្ខខណ្ឌ​នៃ​ការ​ជ្រើស​រើស​ និង​បាន​បង្កើត​គណៈកម្មការ​ ដែល​មាន​សមាសភាព​ចូល​រួម​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង តំណាង​សហព័ន្ធ​កីឡា​ជាតិ។

 

លោក ប៉ុន សុខ​ បាន​លើក​ឡើង​ទៀត​ថា ចំពោះ​ការ​ហ្វឹកហ្វឺន​មាន​ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស។ ចំណែក​​ប្រភេទ​​កីឡា​ដែល​បាន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​មាន​​ចំនួន ៧ ប្រភេទ​កីឡា​រួម​មាន​ កីឡា​ ឈិនឡូន បាន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​មីយ៉ាន់ម៉ា ចំនួន ១០នាក់ ។ កីឡា​សីប៉ាក់តាក្រ ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ​ចំនួន ១១​នាក់។ កីឡា​ទ្រីយ៉ាត្លុង ទៅ​ហាត់​នៅ ប្រទេស​ថៃ ចំនួន ៦ នាក់។ ចំណែក​កីឡា វាយ​កូន​បាល់​ចេញ​ទៅ ហ្វឹកហាត់​នៅ​សហរដ្ឋ​អាមេរិក​ចំនួន ១ នាក់, កីឡា​តេក្វាន់ដូ​ ទៅ​ហ្វឹកហាត់​នៅ​សាធារណរដ្ឋ​​កូរ៉េ​​ចំនួន ៦ នាក់ ,​កីឡាកាយ​សម្ព័ន្ធ ទៅ​ហ្វឹកហាត់​នៅ ទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន ចំនួន ២នាក់ និង​ប្រភេទ​កីឡា ប្រណាំង​កង់ ទៅ​ហ្វឹកហាត់​ទៅ​ហ្វឹកហាត់​នៅ សាធារណរដ្ឋ​កូរ៉េ​ចំនួន ២ នាក់ ។

 

លោកបាន​បន្ថែម​ថា ក្នុង​ចំណោម​ប្រភេទ​កីឡា​​ទាំង ២២ ប្រភេទ​របស់​កម្ពុជា ​មាន​តែ​ប្រភេទ​កីឡា​ចំនួន​ ៥ ប៉ុណ្ណោះ​ដែល​មាន​សក្ដានុពល​គឺ តេក្វាន់ដូ , ប៉េតង់ , សីបាក់តាក្រ(ឈិនឡូន ) , ប្រណាំង​ទូក​ប្រពៃណី​(កានូ ) និង ​វ៉ូស៊ូ ។

 

​ជាមួយ​គ្នា​នោះ​ដែរ​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​​កីឡា​ជាតិ​ក៏​បាន​លើក​​យក​សម្ដី​របស់​សម្ដេច​ ហ៊ុន សែន​ មក​និយាយ​ផង​ដែរ​ថា​ ៖«ទោះ​ប្រកួត​ចាញ់​ឬ ឈ្នះ​មិន​ត្រូវ​សំដែង​អាកប្បកិរិយា​មិន​សមរម្យ​ឲ្យ​ប្រទេស​ដទៃ​មើល​ងាយ​លើ​ ប្រទេស​កម្ពុជា​ឡើយ ​និង​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ ភាព​ថ្លៃ​ថ្នូរ​ក្នុង​នាម​ជា​កីឡាករ» ។​

 

ក្នុង​​វគ្គ​បំប៉ន​នេះ​មាន​ការ​ចូល​រួម​បង្រៀន​ដោយ ​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ លោក អ៊ុក សិទ្ធិជាតិ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​​កីឡា​ជាតិ លោក កែវ សារ៉េត អនុ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា និង​លោក​ ស្ដើង ជា គ្រូ​ពេទ្យ​ប្រចាំ​ទី​ស្ដីការ​គណៈកម្មាធិការ​ជាត​អូឡាំពិក​កម្ពុជា៕ ​​​​

 

 

 

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​