​ស្ថាបនិក​​យូនីកូដ​កើតកង្វល់​​ការ​ប្រើប្រាស់​អក្សរ​ខ្មែរ​ខុស​ស្តង់​ដារ

  • 2015-05-21 16:27:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​អភិវឌ្ឍ​កម្មវិធី​ភាសា​ខ្មែរ​សម្រាប់​ប្រើប្រាស់​លើ​ឧបករណ៍​នានា បាន​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដែល​អាច​ពលរដ្ឋ​ប្រើប្រាស់​អក្សរខ្មែរ​កាន់​តែ​ទូលំទូលាយ ប៉ុន្តែ​ការ​អភិវឌ្ឍ​ដែល​មិន​គោរព​តាម​ស្តង់ដារ​ត្រឹមត្រូវ បាន​ធ្វើ​ឲ្យ​ស្ថាបនិក​អក្សរ​ខ្មែរ​យូនីកូដ​លោក​ដាញ់ ហុង​មាន​ការ​ព្រួយ​បារម្ភ​ហើយ​ជំរុញ​អ្នក​អភិវឌ្ឍ​កម្មវិធី​ត្រូវ​មាន​ការ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ពី​អក្សរសាស្រ្ត​ខ្មែរ​។

 

 

លោក ដាញ់ ហុង​ដែល​ពលរដ្ឋ​កម្ពុជា​ស្គាល់​ជា​ស្ថាបនិក​បង្កើត​អក្សរ​ខ្មែរ​យូនីកូដ​បាន​សំដែង​ការ​ព្រួយ​បារម្ភ​នេះ នៅ​ពេល​លោក​មើល​ឃើញ​អ្នក​អភិវឌ្ឍ​កម្មវិធី​ភាសា​ខ្មែរ​មួយ​ចំនួន​បាន​អភិវឌ្ឍ​​កម្មវិធី​មួយ​ចំនួន​ ដោយ​មិន​អនុលោម​តាម​ស្តង់ដារ​អក្សរ​ខ្មែរ​បាន​ត្រឹមត្រូវ។

 

លោក​ថា អ្នក​អភិវឌ្ឍ​មួយ​ចំនួន​ បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​កម្មវិធី​ភាសា​ខ្មែរ​សម្រាប់​ប្រើប្រាស់​នៅ​លើ​ឧបករណ៍​នានា​​ជា​រឿង​គួរ​ឲ្យ​កោត​សរសើរ តែ​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​គឺ​ការ​មិន​គោរព​តាម​ស្តង់ដារ​អក្សរ​ខ្មែរ​បាន​ត្រឹមត្រូវ ដែល​មិន​នាំ​ការ​រីក​ចម្រើន​បែរ​ជា​នាំ​ភាព​ស្មុគស្មាញ​បន្ថែម​ទៀត​ទៅ​វិញ។

 

នៅ​ពេល​សួរ​ថា អ្វី​ទៅ​ជា​ស្តង់ដារ​ត្រឹមត្រូវ​របស់​អក្សរ​ខ្មែរ។ លោក​ថា ក្រុមការងារ​ជាតិ​ផ្នែក​ភាសា បាន​សម្រេច​ឯកភាព​​ការ​ប្រើប្រាស់​អក្សរ​ខ្មែរ​​ស្តង់ដារ​​ដើម្បី​បញ្ចូល​ប្រើ​នៅ​ក្នុង​អក្សរ​យូនីកូដ។ ក្នុង​សេចក្តី​សម្រេច​បាន​កំណត់​យក​ស្រះ​ខ្មែរ​តែ ១៦ ទេ សម្រាប់​ប្រើប្រាស់​ជា​ផ្លូវការ ប៉ុន្តែ​អ្នក​អភិវឌ្ឍ​កម្មវិធី​មួយ​ចំនួន​បាន​បង្កើត​ស្រះ​ផ្សំ​​កាន់​តែ​រញ៉េរញ៉ៃ​បន្ថែម​ដោយ​ខ្លួន​ឯង​លើស​ពី ១៦។ ការ​បង្កើត​តាម​ការ​នឹក​ឃើញ​នេះ​ អាច​នាំ​អ្នក​ប្រើប្រាស់​កាន់​តែ​មាន​ភាព​ច្របូកច្របល់​​មិន​ច្បាស់លាស់​ពី​ការ​ប្រើប្រាស់​អក្សរ​ខ្មែរ​បាន​ត្រឹមត្រូវ។

 

ការ​ប្រើប្រាស់​អក្សរ​ខ្មែរ​រហូត​មក​ដល់​ពេល​នេះ​គឺ​យោង​តាម​វចនានុក្រម​សម្ដេច​សង្ឃរាជ ជួន ណាត ប៉ុន្តែ​វា​មាន​បញ្ហា​ត្រង់​ការ​កំណត់​យក​ចំនួន​ស្រះ​ខ្មែរ ដែល​ធ្វើ​ឲ្យ​អ្នក​សិក្សា​ផ្នែក​ភាសា​ខ្មែរ​ចាត់​ទុក​ថា​ជា​កង្វះ​ខាត។

 

លោក ដាញ់ ហុង​បាន​បញ្ជាក់​ថា ក្រុម​គណៈកម្មការ​អក្សរសាស្ត្រ​ខ្មែរ មុន​ស្នើ​ដាក់​ឲ្យ​អក្សរខ្មែរ​ប្រើ​នៅ​ក្នុង​ប្រព័ន្ធ​យូនីកូដ បាន​ជជែក​ពិភាក្សា​គ្នា​ជា​ច្រើន​លើក​ហើយ​ក៏​សម្រេច​យក​ស្រះ​ខ្មែរ​តែ ១៦ ដើម្បី​ប្រើប្រាស់​ជា​ផ្លូវការ។ ការ​សម្រេច​នេះ​ក៏​បាន​ការ​គាំទ្រ​ពី​អ្នក​បច្ចេកទេស ជាពិសេស​អ្នក​បង្កើត​ក្តារ​ចុច​ខ្មែរ​មួយ​ចំនួន។ ប៉ុន្តែ​អ្នក​អភិវឌ្ឍ​កម្មវិធី​មួយ​ចំនួន​ទៀត បាន​បង្កើត​ស្រះ​ផ្សំ​បន្ថែម​កាន់​តែ​ច្រើនដើម្បី​យក​ចិត្ត​អ្នក​គ្រប់គ្រង​របស់​ខ្លួន ដោយ​មិន​យក​តាម​ការ​សម្រេច​របស់​អ្នក​ជំនាញ​អក្សរសាស្រ្ត​ ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​មាន​ស្តង់ដា​រួម​​​នោះ​ទេ។

 

លោក​បាន​ស្នើ​ឲ្យ​អ្នក​អភិវឌ្ឍ​កម្មវិធី​ភាសា​ខ្មែរ ត្រូវ​សិក្សា​ពី​អក្សរ​ខ្មែរ​ឲ្យ​បាន​ច្បាស់លាស់​និង​​អនុវត្ត​តាម​ស្តង់ដារ​រួម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជួយ​លើក​កម្ពស់​អក្សរសាស្រ្ត​ជាតិ​ ចៀសវាង​ការ​បង្កើត​​ភាព​ស្មុគស្មាញ​ដល់​អ្នក​ប្រើប្រាស់​ទៅ​វិញ។

 

បន្ត​អាន៖ ដាញ់ ហុង ​ធ្លាប់​រង​អតិថិជន​ស្តី​បន្ទោស​ ដោយសារ​​ភាព​ស្មុគស្មាញ​អក្សរសាស្រ្ត​ខ្មែរ​​

បន្ត​អាន៖ អ្នក​បង្កើត​វចនានុក្រម​ខ្មែរ​ដំបូង​គេ​លើ​ទូរសព្ទ ​លាត​ត្រដាង​ពី​ជីវិត​ពិត

 

អត្ថបទ៖ ប៊ុណ្ណារ៉ា