តៃកុង​​បង្ហាញ​បទពិសោធន៍​បើក​ Rolls-Royce ធ្វើ​ដំណើរ​ជាមួយ​​ចៅហ្វាយ​នាយ​ជា​សេដ្ឋី

  • 2015-05-22 16:24:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​បរ​ចេញ​ដំណើរ​ម្តង​ៗ អ្នក​ធ្វើ​ដំណើរ​និង​មហាជន​បាន​ចោល​ក្រសែ​ភ្នែក​ចាប់​អារម្មណ៍​ទៅ​រថយន្ត​ដ៏​ប្រណិត​ ដែល​គេ​ដឹង​ថា​ជា​រថយន្ត​របស់​សេដ្ឋីៗ។ Rolls-Royce មាន​មនុស្ស​តិច​ណាស់​ដែល​មាន​ភ័ព្វវាសនា​បាន​ជិះ​រថយន្ត​ដ៏​សែន​ប្រណិត​នេះ ដោយសារ​តែ​រថយន្ត​នេះ​ផលិត​ឡើង​តម្រូវ​ក្រុម​អ្នក​មានៗ​មួយ​ចំនួន​តូច និង​អ្នក​ដែល​មាន​វណ្ណៈ​ខ្ពង់ខ្ពស់​តែ​ប៉ុណ្ណោះ។

 

 

លោក វ៉ន ស មាន​ឱកាស​បើកបរ​រថយន្ត​ដ៏​សែន​ថ្លៃ​នេះ ក្នុង​តួនាទី​ជា​តៃកុង​បើកបរ​ជូន​ចៅហ្វាយនាយជា​អ្នក​មាន​មុខមាត់​ ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត។

 

លោក​វ៉ន ស បាន​ឲ្យ​ដឹង​ថា លោក​មាន​បទ​ពិសោធន៍​បើកបរ​រថយន្ត​ម្ភៃ​សាប​សិប​ឆ្នាំ​ហើយ និង​ធ្លាប់​បើកបរ​រថយន្ត​ជា​ច្រើន​ប្រភេទ​មាន​ទាំង​ស៊េរី​ទាប​ស៊េរី​ខ្ពស់។ ប៉ុន្តែ​សម្រាប់ Rolls-Royce នេះ លោក​ទើប​តែ​បើក​បាន​តែ​ពីរ​ទៅ​៣​ឆ្នាំ​នេះ​ប៉ុណ្ណោះ។

 

លោក​ថា ដូច​ដឹង​ស្រាប់​ហើយ Rolls-Royce មិន​មែន​សម្រាប់​តែ​មនុស្ស​ធម្មតា​ទេ​ដែល​មាន​ឱកាស​បាន​ជិះ​ធ្វើ​ដំណើរ​ជាមួយ​រថយន្ត​ដ៏​ប្រណិត​ផុត​លេខ​នេះ ទាល់​តែ​អ្នក​នោះ​ជា​ឧត្តម​ជន​ឬ​អ្នក​មាន​កប់។

 

លោក​ថា ដោយសារ​តែ​ចៅហ្វាយនាយ​របស់​ខ្លួន​ជា​អ្នក​មាន​មុខមាត់​ ដូច្នេះ​ការ​បើកបរ​របស់​លោក​​ត្រូវ​មាន​ការ​ប្រយ័ត្នប្រយែង​បំផុត​។

 

“ពេល​ឃើញ​ពលរដ្ឋ​បើក​ម៉ូតូ​ ឬ​រ៉ឺម៉ក​តាម​ផ្លូវ ខ្ញុំ​ប្រយ័ត្ន​ណាស់​ខ្លាច​មាន​ការ​ប៉ះ​ពារ​អី ​ពីព្រោះ​ដឹង​ស្រាប់​ហើយ​តម្លៃ​រថយន្ត​នេះ​មិន​ថោក​ទេ បើ​មាន​បញ្ហា​អី​ច្បាស់​ជា​វីវរ​ហើយ​មិន​ដឹង​ពួកគាត់​មាន​លុយ​ឯណា​រក​មក​សង​នោះ​ទេ"។

 

លោក​ វ៉ន ស បន្ត​ថា៖ "ពេល​ខ្លះ​ខ្ញុំ​បែរ​ជា​ខ្លាច​ពួកគាត់​ទៅ​វិញ មិន​មែន​ពួកគាត់​ខ្លាច​ខ្ញុំ​នោះ​ទេ"។

 

បុរស​ដែល​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​ស្វាយរៀង​នេះ​បន្ត​ថា កន្លង​ទៅ​លោក​មិន​ដែល​យក​ឥទ្ធិពល​នៃ​រថយន្ត​នេះ​យក​ទៅ​ប្រើប្រាស់​ខុស​តួនាទី ឬ​បើកបរ​ក្នុង​អាកប្បកិរិយា​ក្រអឺតក្រទម​នោះ​ទេ។ លោក​តែងតែ​មាន​ការ​អធ្យាស្រ័យ និង​គោរព​សិទ្ធិ​អ្នក​បញ្ជា​យានជំនិះ​ដទៃ​ទៀត​ដែល​បើកបរ​នៅ​លើ​ដង​ផ្លូវ។

 

លោក​បញ្ជាក់​បន្ថែម​ថា សម្រាប់​តៃកុង​ដែល​បើកបរ Rolls-Royce នេះ ត្រូវ​គោរព​ក្រម​សីលធម៌​ដែល​ជា​ស្តង់ដារ​ពី​ក្រុមហ៊ុន Rolls-Royce ដូចជា​ការ​ស្លៀកពាក់ និង​អាកប្បកិរិយា​បើកបរ​ជា​ដើម។

 

នៅ​ពេល​សាកសួរ​ពី​ចំណាប់​អារម្មណ៍​នៅ​ពេល​មាន​ឱកាស​បាន​បើកបរ​រថយន្ត​ដ៏​ប្រណិត​នេះ លោក​ថា ដំបូង​លោក​មាន​អារម្មណ៍​រំភើប​ដោយសារ​ភាព​ប្រណិត និង​ការ​ឲ្យ​តម្លៃ​ពី​មនុស្ស​ទាំង​ពួង។ ប៉ុន្តែ​យូរៗ​ទៅ​អារម្មណ៍​ទាំង​នោះ​ក៏​រសាយ ប៉ុន្តែ​ក៏​នៅ​តែ​មាន​មោទន​ដែល​មាន​ឱកាស​បាន​ស្គាល់ និង​ធ្វើ​ដំណើរ​ជាមួយ​រថយន្ត​ដែល​ត្រឹម​តែ​ជា​ក្តី​ស្រមៃ​របស់​មនុស្ស​ទាំង​ឡាយ​នេះ។

 

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

វិដេអូ៖ លីហៀង

អត្ថបទពេញនិយម