មហាសេដ្ឋី​ចិន ១​ម៉ោង​ខាត១៥​ពាន់​លាន​ដុល្លារ

  • 2015-05-22 17:03:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជំនួញ​មួយ​ផ្លេក​បន្ទោរ​អាច​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ក្លាយ​ជា​មហាសេដ្ឋី ប៉ុន្តែ​ពេល​ខ្លះ​អាច​ដាំ​ក្បាល​ចុះ​រហូត​ទាល់​ច្រក​សម្លាប់​ខ្លួន​ក៏​មាន។ ជាក់​ស្ដែង មហា​សេដ្ឋី​ចិន​ម្នាក់​ដែល​ជា​ប្រធាន​ក្រុមហ៊ុន​សូឡា​ទាញ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ បាន​ខាត​អស់ ១៥​ពាន់​លាន​ដុល្លារ​កាល​ពី​ថ្ងៃ​ពុធ បន្ទាប់​ពី​ភាគហ៊ុន​ធ្លាក់​ចុះ ៤៧​ភាគរយ​ក្នុង​ការ​ជួញ​ដូរ​នៅ​ហុងកុង ត្រឹម​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ។

 

មហាសេដ្ឋី​ Li Hejun

 

ការ​ជួញដូរ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Hanergy បាន​ជាប់​គាំង​កាល​ពី​ថ្ងៃ​ពុធ ហើយ​មិន​ទាន់​មាន​ការ​បញ្ជាក់​បន្ថែម​នៅ​ឡើយ​ទេ​រហូត​ដល់​ពេល​នេះ ខណៈ​ការ​ជួញដូរ​ភាគហ៊ុន​នៅ​តែ​ផ្អាក​បណ្ដោះ​អាសន្ន។

 

ក្រុមហ៊ុន​ថាមពល​នេះ បាន​ធ្លាក់​ចុះ​តម្លៃ​ទីផ្សារ ១៨,៦​ពាន់​លាន​ដុល្លារ។ ចំណែក​មហាសេដ្ឋី​ Li Hejun ដែល​កាន់​កាប់​ភាគហ៊ុន ៨០​ភាគ​រយ បាន​ខាត​បង់​អស់​ប្រមាណ​ជិត ១៥​ពាន់​ដុល្លារ​តែ​ម្នាក់​ឯង។

 

ប្រធាន​ក្រុមហ៊ុន​រូប​នេះ មិន​បាន​បង្ហាញ​វត្តមាន​ឡើយ​​​នៅ​ក្នុង​កិច្ច​ប្រជុំ​ម្ចាស់​ភាគហ៊ុន​ប្រចាំ​ឆ្នាំ​កាល​ពី​ថ្ងៃ​ពុធ ជា​ពេល​ដែល​ភាគហ៊ុន​ចាប់​ផ្ដើម​ដាំ​ក្បាល​ចុះ​។ អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា លោក Li ទៅ​ចូល​រួម​ពិធី​បើក​សម្ពោធ​ការ​តាំង​ពិព័រណ៍​ថាមពល​ស្អាត​របស់​ក្រុមហ៊ុន Hanergy នៅ​រដ្ឋធានី​ប៉េកាំង​ជំនួស​វិញ។

 

ភាព​ខ្វះ​ចន្លោះ​នៃ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន បាន​បង្កើន​ការ​យល់​ច្រឡំ​ជុំ​វិញ​ការ​ធ្លាក់​ចុះ​នៃ​​តម្លៃ​ភាគហ៊ុន​នេះ។ Bespoke Investment ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ និង​គ្រប់គ្រង​ធនធាន មាន​មូលដ្ឋាន​នៅ​ញូវយក បាន​ចាត់​ទុក​បញ្ហា​របស់​ក្រុមហ៊ុន Hanergy ថា​មាន​ភាព​រញ៉េរញ៉ៃ​បំផុត។ រហូត​មក​ដល់​ពេល​នេះ ពុំ​មាន​ការ​បញ្ជាក់​ពី​មូលហេតុ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​តម្លៃ​ភាគហ៊ុន​នេះ​ទេ។

​​​

មុន​ពេល​វិបត្តិ​នេះ​កើត​ឡើង ភាគហ៊ុន​ក្រុមហ៊ុន Hanergy បាន​ស្ទុះ​ឡើង​ខ្លាំង​បំផុត​គួរ​ឲ្យ​កត់​សម្គាល់។ កាល​ពី​ឆ្នាំ ២០១៤​កន្លង​ទៅ ភាគហ៊ុន​ក្រុមហ៊ុន​ថាមពល​នេះ​បាន​ហក់​ឡើង​ដល់ ៦២៥​ភាគ​រយ។ នៅ​ក្នុង​ខែ​មេសា តម្លៃ​ទីផ្សារ​ក្រុមហ៊ុន​បាន​កើន​ឡើង​ដល់ ៤៥​ពាន់​លាន​ដុល្លារ ធ្វើ​ឲ្យ​លោក Liវ៉ា​​ដាច់ ម្ចាស់​ក្រុមហ៊ុន​ទំនិញ​អនឡាញ Jack Ma ក្លាយ​ជា​អ្នក​មាន​ជាង​គេ​នៅ​ប្រទេស​ចិន៕

 

ចុចអាន៖ មហាសេដ្ឋី​ចិន​កក់​សណ្ឋាគារ ១៤០​នៅ​ប៉ារីស​ឲ្យ​បុគ្គលិក​ដើរ​លេង​ចំណាយ​អស់​រាប់​លាន​ដុល្លារ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ CNN