វ៉ា សុខថន៖ ក្រុម​កម្ពុជា​មាន​ទំនុក​ចិត្ត​​ឈ្នះ​សិង្ហបុរី​១០០​%​ ជម្រុះ​ World Cup

  • 2015-05-22 17:28:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទាត់​កូន​កាត់​ខ្មែរ​បារាំង​ដែល​កំពុង​លេង​នៅ​ក្លិប​ភ្នំពេញ​ក្រោន​រំពឹង​ថា ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ឈុត​ធំ​មាន​ទំនុក​ចិត្ត​​១០០​%​ដើម្បី​យក​ឈ្នះ​​លើ​ក្រុម​ភ្ញៀវ​សិង្ហបុរី​សម្រាប់​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ជុំ​ទី​ពីរ​នា​ថ្ងៃ​ទី​១១​ ខែ​​មិថុនា​ខាង​មុខ​នេះ។

 

 វ៉ា សុខថន ​ប្រជែង​យក​បាល់​នឹង​កីឡាករ​ម៉ាកាវ កាល​ប្រកួត​នៅ​ស្តាត​ចាស់

 

វ៉ា សុខថន​ ដែល​ត្រូវ​បាន​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ខ្លាំង​ពេល​កម្ពុជា​ឈ្នះ​ម៉ាកាវ​៣-០ នៅ​ស្តាត​ចាស់​សម្រាប់​ការ​ប្រកួត​ជម្រុះ​ World Cup ជុំ​ទី​មួយ​បាន​ប្រាប់​ Sabay ថា ៖«​សម្រាប់​ប្រកួត​ជា​មួយ​សិង្ហបុរី​ វា​ពិត​ជា​សំខាន់​ណាស់។ សម្រាប់​ខ្ញុំ​ជា​អាទិភាព​មួយ​ យើង​ប្រឹង​ប្រែង​ហ្វឹកហាត់​ណាស់​ ហើយ​ត្រូវ​ការ​លទ្ធផល​ដ៏​ល្អ។ យើង​ដឹង​ថា អ្នក​គាំទ្រ​របស់​យើង​ច្រើន​នៅ​អូឡាំពិក​ អីចឹង​យើង​អាច​ធ្វើ​បាន។ យើង​បាន​ប្រកួត​មិត្តភាព​សំខាន់​ៗ​មួយ​ចំនួន​ ហើយ​យើង​ត្រូវ​ការ​ឈ្នះ​ ​ព្រោះ​យើង​មាន​ទំនុក​ចិត្ត​១០០​% ហើយ​បាន​ត្រៀម​ខ្លួន​ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​រួច​រាល់​ហើយ»។

 

កីឡាករ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពេល​ក្រុម​កម្ពុជា​ឈ្នះ​ក្រុម​កីឡាករ​ជប៉ុន​នៅ​កម្ពុជា​ដោយ​លទ្ធផល​៤-១ កាល​ពី​សប្តាហ៍​មុន​នៅ​ស្តាត​អូឡាំពិក​ ហើយ​រូប​គេ​ក៏​រក​បាន​មួយ​គ្រាប់​ដែរ​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា លោក​ជា​កីឡាករ​ថ្មី​ម្នាក់​នៅ​កម្ពុជា​ ដូច្នេះ​លោក​អត់​ដឹង​អស់​ពី​បាល់ទាត់​នៅ​ទី​នេះ។

 

លោក​ថា ៖«ខ្ញុំ​គ្រាន់​តែ​ដឹង​ថា លីក​បាល់ទាត់​កម្ពុជា​នៅ​មាន​កម្រិត បើ​ធៀប​នឹង​បណ្តា​ប្រទេស​ផ្សេង​ៗ។ និយាយ​ពី​ក្រុម​ជម្រើស​ជាតិ​ យើង​បាន​បង្កើត​កំណត់​ត្រា​ថ្មី​មួយ​ដែល​យើង​អាច​ឈាន​ចូល​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ​ក្នុង​ពាន​បាល់ទាត់​ពិភព​លោក​ ហើយ​ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​មាន​លទ្ធផល​ល្អ​ និង​ទទួល​បាន​ជ័យជម្នះ​ខ្លះ​ជាក់​ជា​មិន​ខាន​ដើម្បី​បញ្ជាក់​ពី​គុណភាព​របស់​យើង​​ និង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ និង​មោទនភាព»។

 

សមាជិក​ភ្នំពេញ​ក្រោន​រូប​នេះ​បន្ថែម​ថា រូប​គេ​ពិត​ជា​រំភើប​ណាស់​ដែល​បាន​លេង​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា និង​ខិត​ខំ​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ជួយ​​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា។

 

វ៉ា សុខថន​បាន​ចាប់​ផ្តើម​លេង​បាល់ទាត់​​តាំង​ពី​អាយុ​១០​ឆ្នាំ បន្ទាប់​ពី​ការ​ប្រកួត​បាល់ទាត់​ពិភព​លោក​ឆ្នាំ​១៩៩៨​នៅ​ប្រទេស​បារាំង។ មុន​ចូល​លេង​នៅ​ភ្នំពេញ​​ក្រោន លោក​ធ្លាប់​លេង​នៅ​ក្លិប​ Torcy, Le Creusot, Ecuisses, Motte Servolex, Chambery, Torcy Franco-Cambodge។ បន្ទាប់​ពី​បង្ហាញ​ខ្លួន​​នៅ​ភ្នំពេញ​កាល​ពី​ចុង​រដូវ​កាល​មុន លោក​ក៏​ត្រូវ​បាន​គ្រូ​ជម្រើស​ជាតិ​កម្ពុជា​កោះ​ហៅ​ឲ្យ​ចូល​ជា​មួយ​ជម្រើស​ជាតិ​ និង​រក​បាន​គ្រាប់​ទី​១​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កាល​ពី​សប្តាហ៍​មុន៕

 

 វ៉ា សុខថន ពេល​លេង​ឲ្យ​ជម្រើសជាតិ​ឈ្នះ​ម៉ាកាវ ៣-០ នៅ​ស្តាត​ចាស់

អត្ថបទ៖ ជាន ចាន់រ៉ា​