បូបូ និង Elvin មក​ផ្សព្វផ្សាយ​រឿង "សន្ដាន​ចិត្ត​អ្នក​មាន​បុណ្យ" នៅ​កម្ពុជា

  • 2015-05-24 18:17:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទី​បំផុត Zoe Tay ដែល​ប្រិយមិត្ត​ស្គាល់​ថា​ជា បូបូ និង​លោក Elvin Ng បាន​មក​ដល់​កម្ពុជា​នា​ព្រឹក​ម្សិលមិញ ជា​មួយ​គោល​បំណង​សំខាន់​បំផុត​គឺ​ផ្សព្វផ្សាយ​ខ្សែ​ភាពយន្ត​ថ្មី​របស់​ពួក​គេ គឺ​រឿង “You Can Be An Angel Too “ ឬ "សន្ដាន​ចិត្ត​អ្នក​មាន​បុណ្យ"។

 

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រសៀល​ម្សិលមិញ បូបូ ប្រាប់​ថា ក្នុង​រឿង​នេះ នាង​សម្ដែង​ជា​តួន​ប្រធាន គិលានុបដ្ឋាយិកា នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ។ នាង គឺ​មនុស្ស ដែលមានទំនួលខុសត្រូវ និងម៉ឺងម៉ាត់ផងដែរ ហើយ​នាង​បន្ត​ថា នាង​រីករាយ​ណាស់​ដែល​បាន​ចូល​រួម​សម្ដែង​ក្នុង​រឿង​នេះ និង​សង្ឃឹម​ថា ប្រិយមិត្ត​កម្ពុជា​ចូល​ចិត្ត និង​គាំទ្រ។

 

 

( ​ឆ្វេង) Zoe Tay ឬ​ បូបូ (កណ្ដាល)លោក អគ្គនាយកទូរទស្សន៍​ខ្សែ​កាប និង​លោក​ជំទាវ លោក Elvin Ng

 

ដោយ​ឡែក Elvin វិញ ក៏​ជា​គិលានុបដ្ឋាយិកា​ម្នាក់​ដែរ។ លោក ថា "ខ្ញុំ​បាន​ដើរ​តួ ជា​គិលានុបដ្ឋាយិកា​ដ៏​ល្អ​ម្នាក់ ខ្ញុំ​គឺ​មាន​អារម្មណ៍​រំភើប​មែន​ទែន ពេល​បាន​ដើរ​តួ​ក្នុង​រឿង​ហ្នឹង ពិសេស​នៅ​ឈុត​ខ្លះ ដូច​ជា ឈុត​ងូត​ទឹក​ឲ្យ​ចាស់​ៗ​ជា​ដើម"។

 

Elvin ដែល​សម្ដែង​ជា​តួអង្គ Fu Jiazi ក្នុង​រឿង "សន្ដាន​ចិត្ត​អ្នក​មាន​បុណ្យ" នេះ ដើម​ឡើយ គឺ​វិស្វករ​កម្មវិធី​កុំព្យូទ័រ​ម្នាក់ តែ​ថ្ងៃ​មួយ​លោក​បាន​រួម​ដំណើរ​ជាមួយ​មិត្តភ័ក្ដិ​ម្នាក់​ឈ្មោះ Ken ហើយ​ក៏​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ Ken បាន​រង​របួស​ធ្ងន់។ Jiazi ពុំ​មាន​សមត្ថភាព​សង្គ្រោះ​បឋម​មិត្ត​របស់​ខ្លួន​បាន​ឡើយ ចុង​ក្រោយ​មិត្ត​រូប​នោះ ក៏​បាន​ស្លាប់​ដោយ​សារ​ការ​ហូរ​ឈាម​ច្រើន​ពេក។ Jiazi មាន​អារម្មណ៍​សោក​ស្ដាយ និង​យល់​ថា​ខ្លួន​មាន​កំហុស ទើប​សម្រេច​ចិត្ត​ប្ដូរ​អាជីព​តែ​ម្ដង។

 

រឿង "សន្ដាន​ចិត្ត​អ្នក​មាន​បុណ្យ" នឹង​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី ៣០ ឧសភា ២០១៥ ត​ទៅ​នៅ​កញ្ចក់​ទូរទស្សន៍​ខ្សែ​កាប PPCTV ប៉ុស្ដិ៍​លេខ ៩។ ក្រោយ​សន្និសីទ​សារព័ត៌មាន​ផ្សព្វផ្សាយ​ពី​ភាពយន្ត​ខាង​លើ  Zoe Tay ឬ បូបូ និងElvin Ng នៅ​មាន​បេសកកម្ម​២​ទៀត​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​លោក សុខ គង់ តំណាង​ក្រុមហ៊ុន​ទូរទសស្សន៍ PPCTV។ បេសកកម្ម​ទី​១ ពួក​គេ​ចូល​រួម​កម្មវិធី​ជួប​ជុំ​អ្នក​គាំទ្រ ហៅ​ថា “You Can Be An Angel Too Fans Meet”។

 

 

 

កម្មវិធី​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​បន្ទាប់​ពី​សន្និសីទ​សារព័ត៌មាន​វេលា​ម៉ោង ៦ និង៣០​នាទី​ល្ងាច​ថ្ងៃ​ទី ២៤ ឧសភា នេះ ក្នុង​នោះ​សិល្បករ សិល្បការិនី​ខ្មែរ​ល្បី​ៗ​មួយ​ចំនួន​រួម​មាន ខាត់ សុឃីម ស៊ុន ស្រី​ពេជ្រ ស៊ូ ស៊ីរីកា កុមារី Autumn Allen នឹង​ចូល​រួម​ជាមួយ​គ្នា​ដែរ។

 

បេសកកម្ម​ចុង​ក្រោយ តារា​ល្បី​ៗ​ឈ្មោះ​របស់​សិង្ហបុរី​ទាំង​ពីរ​ដួង​នេះ ចុះ​សួរ​សុខ​ទុក្ខ និង​នាំ​យក​អំណោយ និង​មូលនិធិ​ទៅ​ផ្ដល់​ជូន​កុមារ​នៅ​មណ្ឌល AFESIP នៅ​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី ២៥ ឧសភា ២០១៥៕

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម