រឿង​លំបាក​ៗ​ពី​ក្រោយ​ភាព​ស្រស់​ស្អាត​ក្នុង​​ភាពយន្ត​​ភាគ​​បុរាណ​ចិន

  • 2015-05-26 13:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ​បុរាណ​ចិន​ដែល​មាន​សំលៀកបំពាក់​ស្អាត​ៗ ដូច​ជា​រឿង​ "The Empress of China” និង "Empresses in the Palace” តែងតែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ទស្សនិកជន ទាំង​នៅ​ប្រទេស​ចិន និង​នៅ​ប្រទេស​ផ្សេង​ៗ។ ទោះ​យ៉ាង​ណា សំលៀកបំពាក់​ និង​ភាព​ស្រស់​ស្អាត​ទាំង​នេះ គឺ​បាន​មក​ពី​ការ​ចំណាយ​កម្លាំង ពេល​វេលា និង​ថវិកា ជា​ច្រើន​ ទម្រាំ​ថត​ចេញ​ជា​រឿង​ដ៏​ល្អ​មួយ។

 

 

១. សម្ភារៈ និង​សំលៀកបំពាក់​តួ​អង្គ

ក្នុង​រឿង​ភាគ​បុរាណ ​ភាគ​ច្រើន គេ​ត្រូវ​ប្រើប្រាស់​ឡាន​ដឹក​ទំនិញ​ច្រើន​ជាង​រឿង​ធម្មតា សម្រាប់​តែ​ការ​​ដឹក​ជញ្ជូន​សម្ភារៈ និង​សំលៀកបំពាក់​​តួ​អង្គ។ ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទស្សនិកជន គេ​តែង​ចំណាយ​ប្រាក់​ជា​ច្រើន សម្រាប់​សំលៀកបំពាក់ និង​សម្ភារៈ​ប្រើប្រាស់​របស់​តួ​អង្គ។ ​ក្នុង​រឿង "The Empress of China” គ្រាន់​តែ​តារា​សម្ដែង និង​ផលិតករ​រឿង Fan Bingbing ម្នាក់​ឯង​​គឺ​ត្រូវ​ការ​សំលៀក​បំពាក់​ដល់​ទៅ ២៦០ឈុត និង​ជាង ៣០០០ឈុត​ទៀត សម្រាប់​តួ​អង្គ​ផ្សេង​ៗ។ ក្នុង​នោះ​ឈុត​ដែល​ថ្លៃ​ជាង​គេ គឺ​រ៉ូប​នាគរាជ ដែល​ចំណាយ​អស់ ៨ម៉ឺន​ដុល្លារ។

 

២. ការ​តុបតែង​មុខ

 

តួ​អង្គ​ស្រី​ភាគ​ច្រើន​ក្នុង​រឿង​ភាគ​បុរាណ​ចិន ​មាន​សក់​ខ្មៅ​រលើបរលោង ស្បែក​ស​ព្រិល និង​ភ្នែក​ធំ​ៗ ហើយ​ភ្លឺ​ថ្លា។ ទោះ​យ៉ាង​ណា​ពួក​គេ​តែង​ចំណាយ​ពេល​រាប់​ម៉ោង​ដើម្បី​ផាត់​មុខ​ និង​តែង​ខ្លួន​ឲ្យ​ក្លាយ​ជា​តួ​អង្គ​ដែល​ខ្លួន​សម្ដែង។

 

តារា​សម្ដែង Fan Bingbing ដែល​សម្ដែង​ជា​តួ​ម្ចាស់​ក្សត្រិយ៍ Wu Zetain តាំង​ពី​ក្មេង​ដល់​ចាស់ បាន​ចំណាយ​ពេល ៧ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​តែង​មុខ​ជា​មនុស្ស​ចាស់។ លើស​ពី​នេះ នៅ​ពេល​ថត​ម្ដង​ៗ តួ​សម្ដែង​តែង​ហត់​ បែក​ញើស​ខ្លាំង​ដោយ​សារ​ការ​ផាត់​ម្សៅ​ក្រាស់ និង​សំលៀកបំពាក់​យោលយោក​ពេញ​ខ្លួន។

 

 

៣. ការ​រៀន​ពី​បុគ្គលិកលក្ខណៈ​តួ​អង្គ

 

រវាង​មនុស្ស​ជំនាន់​បុរាណ និង​មនុស្ស​សម័យ​ថ្មី ប្រាកដ​ជា​មាន​ភាព​ខុស​គ្នា​ឆ្ងាយ ទាំង​ការ​និយាយ​ស្ដី ការ​ហូប​អាហារ ការ​ដើរ និង​ឥរិយាបថ​ផ្សេង​ៗ​ទៀត។ ម្ល៉ោះ​ហើយ​តួ​សម្ដែង​នីមួយ​ៗ​ត្រូវ​ចំណាយ​ពេល​ច្រើន​ដើម្បី​ហាត់​រៀន​ពី​រឿង​នេះ។

 

តារា​សម្ដែង​ហុងកុង Aarif Lee ដែល​សម្ដែង​ជា​អធិរាជ Gaozong ជា​ស្វាមី​របស់​ម្ចាស់​ក្សត្រិយ៍ Wu Zetian ក្នុង​រឿង "Empress of China” បាន​ចំណាយ​ពេល ៨ម៉ោង​ស្ទើរ​តែ​រៀងរាល់​ថ្ងៃ​ក្នុង​រយៈ​ពេល​ពីរ​ខែ​ដើម្បី​ហាត់​រៀន​ពី​លក្ខណៈ​របស់​តួ​អង្គ​មុន​នឹង​ចូល​សម្ដែង។

 

តារា​សម្ដែង​ស្រី Sun Li ដែល​ដើរ​តួ Zhen Huan ក្នុង​រឿង "Empresses in the Palace” បាន​ខ្ចី​ស្បែក​ជើង​ដែល​នាង​ត្រូវ​ពាក់​សម្ដែង ពី​ក្រុម​ការងារ យក​មក​ពាក់​និង​ហាត់​ដើរ​នៅ​ផ្ទះ​រយៈ​ពេល​មួយ​ខែ​មុន​ថត​រឿង ប៉ុន្តែ​នៅ​ពេល​ថត​នាង​នៅ​តែ​ដួល​ជា​ញឹកញាប់ និង​ធ្លាប់​ថ្លោះ​ក​ជើង​ទៀត​ផង។

 

ដើម្បី​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ពី​តួ​អង្គ​ម្នាក់​ៗ តារា​សម្ដែង​ក៏​ត្រូវ​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ពេល​ដែល​តួ​អង្គ​នោះ​រស់​នៅ​ផង​ដែរ។

 

 

៤. ពាក្យពេចន៍​ក្នុង​រឿង

 

ការ​ប្រើប្រាស់​ពាក្យពេចន៍​ និង​វេយ្យាករណ៍ នៃ​ភាសា​ចិន បច្ចុប្បន្ន និង​ភាសា​ចិន​សម័យ​បុរាណ ក៏​មាន​ភាព​ខុស​គ្នា​ជា​ច្រើន​ដែរ។ តារា​សម្ដែង​ភាគ​ច្រើន​​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្វែងយល់​ពី​ពាក្យពេចន៍​ដែល​តួ​អង្គ​និយាយ ហើយ​ជួន​កាល​គឺ​ត្រូវ​ទន្ទេញ​ទាំង​មិន​យល់។

 

តារា​សម្ដែង Aarif Lee បាន​និយាយ​ថា "ខ្ញុំ​អត់​យល់​អ្វី​ទាំង​អស់​ពេល​អាន​អត្ថបទ​រឿង។ ពាក្យ​ភាគ​ច្រើន​សុទ្ធ​តែ​ពាក្យ​ដែល​គេ​កម្រ​ប្រើ ហើយ​កថាខណ្ឌ​នីមួយ​ៗ​ក៏​វែង​ទៀត។ ដូច្នេះ​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​ទន្ទេញ​វា​ពីរ​ខែ​មុន​ចូល​ថត"។​

 

 

៥. ដើម​ទុន

 

រឿង​ភាគ "The Empress of China” ត្រូវ​បាន​ផលិតកម្ម​អះអាង​ថា​ចំណាយ​ដើម​ទុន​លើស​ពី ៣០០លាន​យាន់ (ជិត ៥០លាន​ដុល្លារ)។ នេះ​គឺ​ជា​ការ​ចំណាយ​ដើម​ទុន​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​រឿង​ភាគ​ចិន ដោយ​កំណត់ត្រា​លើក​មុន​រឿង "Heroes in Sui and Tang Dynasties” កាល​ពី​ឆ្នាំ​២០១៣ បាន​ចំណាយ​អស់ ២៨០លាន​យាន់ ៕

 

ចុចអាន៖ដៃ​គូ​ស្រី​ទាំង ១០​ របស់ Rain ក្នុង​រយៈ​ពេល ១៣ឆ្នាំ​ចុង​ក្រោយ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ cri.cn
អត្ថបទថ្មី