កន្លែង​​​ណា​ខ្លះ​ពិសេស​បំផុត​សម្រាប់​យុវវ័យ​ក្នុង​​ការ​អាន​សៀវភៅ?

  • 2015-05-26 16:04:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ទូទៅ​ក្រៅ​ពី​រៀន​នៅ​សាលា​​ សិស្ស​និស្សិត​ក៏​ដូច​ជា​មិត្ត​យុវវ័យ​ត្រូវ​ការ​រៀន ​បន្ថែម​ដោយ​ខ្លួន​ឯង​ទៀត​ដូច​ជា​ធ្វើ​ការ​ងារ​សាលា​ឬ​ក៏​អាន​សៀវភៅ​បន្ថែម។យុវវ័យ​ទាំង​អស់​មាន​ទម្លាប់​ក្នុង​ការ​អាន​សៀវភៅ​ផ្សេងៗ​គ្នា​ និង​កន្លែង​ខុស​គ្នា​​ដើម្បី​ឱ្យ​ឆាប់​ចាប់​បាន។ ចង់​ដឹង​ថា​មាន​កន្លែង​ណា​ខ្លះ​ តោះ​មក​អាន​ជា​មួយ​Sabay ​ទាំង​អស់​គ្នា។

 

១.​ ក្នុង​បណ្ណាល័យ

 

កញ្ញា​ ហុង សា​រ៉ៃ​យ៉ា ជា​បុគ្គលិក​បម្រើ​ការ​​នៅ​ក្រុមហ៊ុន​ ឯកជន​មួយ​កន្លែង​បាន​ឱ្យ​​ប្រាប់​ថា «​ខ្ញុំ​ចូល​ចិត្ត​កន្លែង​ស្ងាត់​ ចឹង​មាន​តែ​បណ្ណាល័យ​ទេ! ហើយ​មិន​តែ​ប៉ុណ្ណោះ​បើ​ខ្ញុំ​ចង់​អាន​សៀវភៅ​អី​ទៀត​ក៏​ងាយ​ស្រួល​ដែរ!»។ បណ្ណាល័យ​ជា​ឃ្លាំង​សៀវភៅ​ដ៏​ធំ​ ដូច្នេះ​ហើយ​ទើប​អតីត​និស្សិត​នៃ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្រ្ត​​រូប​នេះ​ជ្រើស​រើស​បណ្ណាល័យ​​​​ជា​កន្លែង​​សម្រាប់​អាន​សៀវភៅ។​

 

លោក​ លី​ វិចិត្រ ជា​និស្សិត​នៅ​សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា បណ្ណាល័យ​ជា​កន្លែង​ទូទៅ​ដែល​សិស្ស​និស្សិត​ចូល​ចិត្ត​អាន​សៀវភៅ ព្រោះ​វា​មាន​ភាព​ស្ងប់​ស្ងាត់ ប្រមូល​ផ្ដុំ​ទៅ​ដោយ​អ្នក​រៀន​។ វិចិត្រ​បាន​ប្រាប់​ទៀត​ថា «​សូម្បី​តែ​ខ្ញុំ​ក៏​ចូល​ចិត្ត​អាន​សៀវភៅ​នៅ​បណ្ណាល័យ​ដែរ​! ព្រោះ​ថា​វា​ស្ងាត់ ហើយ​មាន​អ៊ិនធើណេត​និង​កុំព្យូទ័រ! និយាយ​រួម​ទៅ គ្រាន់​តែ​អង្គុយ​ប៉ុក​មាន​កម្លាំង​ចិត្ត​រៀន​ ឬ​ធ្វើ​ Assignment ហ្មង ​ក្រឡេក​ទៅ​ណា ក៏​ឃើញ​គេ​រៀន​ដែរ!»។

 

(រូបតំណាង)

 

២. នៅ​ក្នុង​បន្ទប់​គេង

 

«រៀន​ក្នុង​បន្ទប់​គេង​វា​ស្ងាត់​គ្មាន​អ្នក​រំខាន!» ជា​ការ​ឆ្លើយ​តប​យ៉ាង​ខ្លី​ពី​កញ្ញា​ ម៉ប់​ ម៉ូវ​សុខេង ជា​និស្សិត​ផ្នែក​ឆ្មប​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល​ខេមរភូមិន្ទ។ សុខេង​ក៏​បាន​ប្រាប់​ទៀត​ថា ក្រៅ​ពី​សាលា​រៀន​មាន​តែ​ក្នុង​បន្ទប់​ប៉ុណ្ណោះ​ ដែល​ស្ងាត់ ដែល​អាច​ឱ្យ​យុវតី​រូប​នេះ​​ទិញ​សៀវភៅ​យក​មក​អាន​បាន​គ្រប់​ពេល​វេលា​។

 

ស្រដៀង​គ្នា​នេះ​ដែរ​លោក​ ពុត សុខ​ហួរ​ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​មួយ​នៃ​សាកលវិទ្យាល័យ​​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា ក្រៅ​ពី​អាន​សៀវភៅ​ហើយ​ខ្លួន​អាច​ស្ដាប់​ចម្រៀង​បណ្ដើរ​ទៀត​ផង​ ដែល​ធ្វើ​ឱ្យ​​ការ​អាន​គ្មាន​សម្ពាធ និង​ គ្មាន​អ្នកណា​រំខាន​ទោះ​ចង់​គេង​ ឬ អង្គុយ​អាន​ក៏​បាន។

 

មិន​ខុស​គ្នា​ប៉ុន្មាន​ លោក​ ហាក់ ឆាយ​ហុក​ជា​និស្សិត​ឆ្នាំ​ទី​បួន​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង​បាន​ឱ្យ​ដឹង​ថា​ រូប​លោក​​ចូល​ចិត្ត​អាន​នៅ​ក្នុង​បន្ទប់​គេង​ដូច​គ្នា ដោយ​ហេតុផល​គឺ​គ្មាន​អ្នក​ណា​រំ​ខាន​។ និស្សិត​ផ្នែក​ធនាគារ​និង​ហិរញ្ញវត្ថុ​រូប​នេះ ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា​ បើ​ទៅ​អាន​សៀវភៅ​នៅ​ខាង​ក្រៅ ​ត្រូវ​ចំណាយ​ពេល​រៀប​ចំ​របស់​របរ​ រៀប​ចំ​ខ្លួន​ រៀបចំ​លុយ​កាក់​ ហើយ​នៅ​ខាង​ក្រៅ​ក្ដៅ​ទៀត​ផង ដូច្នេះ​មាន​តែ​នៅ​ក្នុង​បន្ទប់​គេង​ទេ​ដែល​ជា​កន្លែង​អាន​សៀវភៅ​ដ៏​ល្អ​បំផុត។

 

៣. នៅ​តាម​ហាង​តែ​គជ់​

 

ទោះ​បី​ជា​ទី​កន្លែង​សាធារណៈ​ ក៏​ហាង​តែ​គជ់​នៅ​តែ​ជា​កន្លែង​ដែល​យុវវ័យ​មួយ​ចំនួន​ចូល​ចិត្ត​អាន​​សៀវភៅ​ដែរ។ តួយ៉ាង​កញ្ញា គុយ សុវណ្ណ​សិលា និស្សិត​ខ្មែរ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​ឯ​ព្រះ​រាជាណាចក្រ​ថៃ​ បាន​ឱ្យ​ដឹង​ថា «​តាំង​ពី​នៅ​ខ្មែរ​​រហូត​មក​ដល់​ដី​ថៃ​ខ្ញុំ​ចូល​ចិត្ត​អាន​សៀវភៅ​និង​ធ្វើ​assignment នៅ​ហាង​កាហ្វេ​! ព្រោះ​នៅ​ទី​នោះ មាន​ម៉ាស៊ីន​ត្រជាក់! មាន​ Wi-Fi ​ មាន​តែ​គជ​និង​អាហារ​សម្រន់​​ញ៉ាំ!»។ និស្សិត​ច្បាប់​រូប​នេះ​ក៏​បន្ត​ថា វា​ក៏​ងាយ​ស្រួល​ក្នុង​ការ​ជុំ​មិត្តភ័ក្ដិ​រៀន​ដែរ​ព្រោះ​ បើ​នាំ​ទៅ​ផ្ទះ​នាំ​តែ​គេ​រុះ​រើ​បន្ទប់​ ដូច្នេះ​ហាង​តែ​គជ​ជា​កន្លែង​ល្អ​បំផុត។

 

មិន​ខុស​គ្នា នឹង លោក​ហាន់​​រ៉ា​ប៊ីន និស្សិត​ឆ្នាំ​ទី​មួយ​នៃ​សាកលវិទ្យាល័យ​បៀល​ប្រាយ បាន​​បញ្ចេញ​មតិ​​ថា ហាង​កាហ្វេ​ឥឡូវ​ក្លាយ​ជា​កន្លែង​ដែល​យុវវ័យ​​ប្រជុំ​គ្នា​រៀន​ហើយ។ បើ​ទោះ​ជា​ហាង​កាហ្វេ​ជា​កន្លែង​សាធារណៈ​មាន​មនុស្ស​ច្រើន​ក្ដី​ក៏​និស្សិត​អក្សរសាស្ត្រ​អង់គ្លេស​រូប​នេះ​​អះអាង​ថា​ពួក​គេ​ចេះ​រក្សា​ភាព​ស្ងៀម​ស្ងាត់​មិន​រំ​ខាន​អ្នក​ដទៃ​ឡើយ​ដែល​អាច​ឱ្យ​រូប​គេ​អាន​សៀវភៅ​បាន​ដោយ​មិន​មាន​សំឡេង​រំខាន។

 

៤. ក្នុង​បន្ទប់​ទឹក​ឯ​ផ្ទះ

 

បើ​ទោះ​ជា​ស្ដាប់​ទៅ​ខុស​ពី​គេ និង​ គួរ​ឱ្យ​អស់​សំណើច​ក្ដី​តែ​យុវជន​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​​​បាន​អះអាង​ថា រូប​គេ​ពិត​ជា​ចូល​ចិត្ត​អាន​​សៀវភៅ​ក្នុង​បន្ទប់​ទឹក​​មែន។ យុវជន​រូប​នេះ​ក៏​បាន​បន្ត​ថា «ទទួល​ស្គាល់​ថា​ខុស​គេ​មែន! តែ​តិច​ឱ្យ​ខ្ញុំ​ទៅ​រៀន​នៅ​ហាង​កាហ្វេ​អី​រៀន​មិន​ចូល​សោះ!​ ក្នុង​បន្ទប់​គេង​អី​តែ​១០ នាទី​ដឹង​តែ​សៀវភៅ​មើល​វិញ​ហើយ តែ​បើ​ក្នុង​បន្ទប់​ទឹក​វិញ​កាន់​តែ​សៀវភៅ​មួយ​ក្បាល​ចូល​អង្គុយ​អាន​បណ្ដើរ​ឆាប់​ចាប់​បាន​ ហើយ​សន្សំ​សំចៃ​ពេល​វេលា​ទៀត (សើច)! ខ្ញុំ​មិន​មែន​ធ្វើ​ចឹង​រហូត​ទេ តែ​ទទួល​ស្គាល់​ថា​អាន​សៀវភៅ​ចូល​តែ​ពេល​ចូល​បន្ទប់​ទឹក​​មែន​»៕

 

 

ចុះ​​ប្រិយមិត្ត​វិញ​ចូល​ចិត្ត​អាន​សៀវភៅ​នៅ​កន្លែង​ណា​វិញ?​​​​​

 

អានអត្ថបទ៖ មតិ​ផ្ទុយ​គ្នា​ពី​ការ​កម្សាន្ត Facebook ល្អ​អាក្រក់​ដើរ​ទន្ទឹមគ្នា​

អត្ថបទ៖ គង់ ច័ន្ទ​វ៉ាន់​ណេង