បេក្ខភាព៥រូប អាចជាអ្នកចាត់ការថ្មី ក្រុម Liverpool
- 2015-05-26 18:45:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេក្ខភាព៥រូប អាចជាអ្នកចាត់ការថ្មី ក្រុម Liverpool
ចន្លោះមិនឃើញ
អនាគតរបស់អ្នកចាត់ការ Brendan Rodgers ជាមួយនឹងក្លិប Liverpool កំពុងស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ បន្ទាប់ពីហង្សក្រហម ធ្លាក់ទម្រង់លេងខ្លាំង និងជួបបរាជ័យធ្ងន់ធ្ងរនៅថ្ងៃប្រកួតចុងក្រោយ ដោយចាញ់ Stoke City ៦-១ នៅ Britannia Stadium កាលពីថ្ងៃអាទិត្យ។
បុរសវ័យ៤២ឆ្នាំ ក៏បានលើកឡើងផងដែរថា អនាគតរបស់លោកបច្ចុប្បន្ន គឺស្ថិតក្នុងកណ្ដាប់ដៃរបស់ម្ចាស់ក្លិប ពោលគឺបើម្ចាស់ក្លិបតម្រូវឲ្យលោកចេញពីតំណែង លោកនឹងចាកចេញភ្លាម។ ចុះបើលោក Rodgers ចេញពីតំណែងមែន តើនរណានឹងដឹកនាំហង្សក្រហមបន្ត? ខាងក្រោមនេះ គឺជាបេក្ខភាព៥រូប ដែលនឹងអាចក្លាយជាអ្នកចាត់ការថ្មី ក្រុម Liverpool៖
១. Jurgen Klopp
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ វ័យ៤៧ឆ្នាំ បានប្រកាសចាកចេញពីក្លិប Borussia Dortmund ហើយ និងជាបេក្ខភាពមួយរូប ដែលអ្នកគាំទ្រ Liverpool ភាគច្រើនពេញចិត្ត។ Klopp បានឡើងដឹកនាំក្រុម Dortmund កាលពីឆ្នាំ២០០៨ ជួយឲ្យក្រុមលើកពាន Bundesliga ២ដង, DFB-Pokal ម្ដង និង ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ម្ដង។
២. Carlo Ancelotti
អ្នកចាត់ការសញ្ជាតិអ៊ីតាលី វ័យ៥៥ឆ្នាំ ត្រូវបានក្រុម Real Madrid បណ្ដេញចេញពីតំណែង កាលពីយប់មិញ។ Ancelotti ធ្លាប់ដឹកនាំ Chelsea នៅ Premier League យ៉ាងជោគជ័យ ដូច្នេះអាចនឹងវិលត្រឡប់ ទៅដឹកនាំនៅលីកកំពូលអង់គ្លេសវិញ ដែលអាចនឹងដឹកនាំក្រុម Liverpool។ កាលពីរដូវកាលមុន Ancelotti បានជួយឲ្យ Real ឈ្នះពាន៤ ប៉ុន្តែរដូវកាលនេះពុំបានឈ្នះពានអ្វីមួយឡើយ។
៣. Rafael Benítez
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ វ័យ៥៥ឆ្នាំ របស់ក្រុម Napoli កំពុងតែឮពាក្យចចាមអារ៉ាមថា អាចនឹងទៅដឹកនាំនៅ Real Madrid ប៉ុន្តែ Liverpool អាចនឹងទាក់ចិត្តបុរសរូបនេះ ទៅកាន់ទឹកដី Anfield បាន ព្រោះធ្លាប់មានអនុស្សាវរីយ៍ល្អៗជាមួយគ្នា។ Benítez ធ្លាប់ដឹកនាំហង្សក្រហម ឲ្យលើកពានបាន៤ ក្នុងនោះ ឈ្នះ UEFA Champions League ម្ដង កាលពីឆ្នាំ២០០៥។
៤. Frank de Boer
អ្នកចាត់ការសញ្ជាតិហុឡង់ដ៍ វ័យ៤៥ឆ្នាំ ធ្លាប់លើកឡើងថា លោកមានបំណងចង់ទៅដឹកនាំក្រុមនៅអង់គ្លេសនៅថ្ងៃណាមួយ។ ជាងនោះទៀត លោកក៏ធ្លាប់បង្ហើបប្រាប់ថា Liverpool ធ្លាប់ទាក់ទងម្ដង ពេលដែលក្លិប ស្វែងរកអ្នកជំនួសតំណែងលោក Kenny Dalglish។ Frank de Boer ឡើងដឹកនាំ Ajax កាលពីឆ្នាំ២០១០ និងជួយឲ្យក្លិបឈ្នះពានលីកកំពូលរបស់ហុឡង់ដ៍ ៤រដូវកាលជាប់ៗគ្នា ប៉ុន្តែរដូវកាលនេះពុំបានឈ្នះទេ ដោយចាញ់ពិន្ទុក្រុម PSV។
៥. Andre Villas-Boas
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ វ័យ៣៧ឆ្នាំ ធ្លាប់ដឹកនាំក្រុម Chelsea និង Spurs ប៉ុន្តែមិនទទួលបានលទ្ធផលល្អទេ។ យ៉ាងណាក្ដី អ្នកចាត់ការវ័យក្មេងរូបនេះ មិនទាន់អស់ចិត្តនៅទឹកដីអង់គ្លេសនៅឡើយទេ ពោលគឺអាចនឹងវិលត្រឡប់ទៅសងសឹកថ្ងៃណាមួយ ដែលនឹងមានឱកាសសម្រាប់ក្រុម Liverpool។ Villas-Boas ធ្លាប់ដឹកនាំ Porto ឲ្យលើកពាន៤ ក្នុង១រដូវកាល កាលពីរដូវកាល២០១០/១១ ហើយរដូវកាលនេះ ជួយឲ្យ Zenit លើកពាន លីកកំពូលរបស់រុស្សីផងដែរ៕
ចុះប្រិយមិត្តយល់ថា អ្នកចាត់ការរូបណា នឹងអាចដឹកនាំ Liverpool ល្អជាងគេ?
-ចុចអាន៖ Rodgers៖ បើម្ចាស់ក្លិបចង់ឲ្យខ្ញុំចេញ ខ្ញុំនឹងចាកចេញ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ telegraph