អតីតអ្នកដឹកនាំរឿងហូលីវូដ កសាងសាលារៀនឲ្យសិស្សក្រីក្រនៅខ្មែរ
- 2015-05-27 11:26:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតអ្នកដឹកនាំរឿងហូលីវូដ កសាងសាលារៀនឲ្យសិស្សក្រីក្រនៅខ្មែរ
ចន្លោះមិនឃើញ
អតីតអ្នកដឹកនាំរឿងហូលីវូដដ៏ល្បីល្បាញរបស់អាមេរិក និង ជាស្ថាបនិកនៃអង្គការមូលនិធិកុមារកម្ពុជា (CCF) លោកScott Neeson សម្រេចកសាងសាលារៀនកម្រិតវិទ្យាល័យមួយខ្នងពីថ្នាក់ទី ១០-១២ ដល់សិស្សក្រីក្ររស់នៅតំបន់ចាក់សំរាមស្ទឹងមានជ័យ។
វិទ្យាល័យនោះមានឈ្មោះថា The Neeson- Cripps Academy (NCA) ដែលផ្ដោតការអប់រំជាសំខាន់លើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតសាស្ត្រ។ វិទ្យាល័យដែលមានកម្ពស់ប្រាំជាន់ សង់លើផ្ទៃដី ៥០០០ ម៉ែត្រការេ នឹងដំណើរការសាងសង់ក្នុងខែសីហា ២០១៥ ហើយចាប់ផ្ដើមឲ្យសិស្សចូលរៀននៅខែកញ្ញា ឆ្នាំក្រោយ។
ក្នុងឱកាសសន្និសីទកាសែតនៅហាងកាហ្វេ Black Babu ព្រឹកម្សិលមិញនេះ លោក Scott Neeson បាននិយាយថា ៖ "ភាគច្រើននៃកុមារ និង យុវជន ក្នុងសហគមន៍ស្ទឹងមានជ័យជាជនក្រីក្រ ហើយពួកគេពុំសូវទទួលបានការសិក្សាឲ្យបានដិតដល់ទេ ម្ល៉ោះហើយការកសាងវិទ្យាល័យនេះ នឹងអាចជួយឲ្យពួកគេទទួលបានការអប់រំជ្រៅជ្រះ"។
លោក បន្ថែមថា គោលបំណងជាគន្លឹះរបស់វិទ្យាល័យ NCA គឺផ្ដល់ជូននូវការពិសោធន៍វិទ្យាសាស្ត្រស្របតាមស្តង់ដាអន្តរជាតិ គាំទ្រការសិក្សាបែបប្រព័ន្ធអេឡិចត្រូនិកតាមរយៈសម្ភារៈដែលបំពាក់គ្រប់គ្រាន់ តំបន់ដែលធំទូលាយ និង អាចបត់បែនបានសម្រាប់ការប្រើប្រាស់របស់សហគមន៍ រួមទាំងកម្មវិធីអប់រំសហគមន៍ និង ការផ្លាស់ប្ដូរជាលក្ខណៈអន្តរជាតិប្រកបដោយគុណតម្លៃ។
ម្យ៉ាងទៀត NCA មិនមែនទទួលតែសិស្សរបស់អង្គការ CCF នោះទេ គឺស្វាគមន៍សិស្សគ្រប់មជ្ឈដ្ឋាន ប៉ុន្តែ ពួកគេក៏ត្រូវវាយតម្លៃជាមុនសិនថា ពិតជាជនក្រីក្រពិតប្រាកដ និង មានឆន្ទៈរៀនសូត្រពិតមែន ដោយសារយើងចង់បានគុណភាពជាជាងបរិមាណ។
លើសពីនេះ សិស្សមិនត្រឹមតែទទួលបាននូវការបណ្ដុះបណ្ដាលដោយគ្មានបង់ប្រាក់អ្វីហើយ ពួកគេថែមទាំងទទួលបាននូវការផ្គត់ផ្គង់សំលៀកបំពាក់ ក៏ដូចជាសម្ភារៈសិក្សាពីCCF ថែមទៀត។
វិទ្យាល័យ The Neeson- Cripps Academy (NCA) ក៏មានបន្ទប់ពិសោធន៍សម្រាប់សិស្ស រួមទាំងទីធ្លាធំទូលាយសម្រាប់ហាត់កីឡា ដែលការកសាងសាលានេះក៏ជារួមចំណែករបស់ក្រុមហ៊ុន Velcro និង ត្រូវបានរចនាឡើងដោយឥតគិតកម្រៃពីក្រុមហ៊ុនស្ថាបត្យកម្ម Cookfox Architects ដែលជាក្រុមហ៊ុនមួយដ៏ល្បីនៅទីក្រុងញូវយ៉ក៕
សូមអាន ៖ អ្នកស្រី ក្រាម សុខចាន់នីន ប្រាប់គន្លឹះបកប្រែផ្ទាល់មាត់
អត្ថបទ៖ លឹម សុនា